មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាលបានពន្យល់ថា គ្រុនឈីកជាជំងឺបង្កដោយវីរុសឈីក បណ្ដាលមកពីមូសខ្លាញីខាំ ជាពិសេសនៅពេលថ្ងៃ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង ទាំងចាស់។
ចំពោះរោគសញ្ញាជំងឺគ្រុនឈីកវិញ មានគ្រុនក្តៅ ៣-៤ ថ្ងៃ ឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែង មានស្នាមកន្ទួល ឬក្រហមលើស្បែក។
ជំងឺគ្រុនឈីកនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែវាកើតរួមគ្នាជាមួយជំងឺផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម។