គ្នាយើងត្រូវដឹងថា មូសខាំអាចចម្លងមេរោគ ឬជំងឺឆ្លងផ្សេងៗមកដល់យើងបានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈីក ដែលទើបតែកើតឡើងថ្មីៗនេះក្នុងប្រទេសកម្ពុជាយើង។ ជំងឺដែលកើតឡើងដោយសារមូសខាំទាំងអស់នេះ អាចកើតទៅលើមនុស្សគ្រប់វ័យ តែបើសិនជាកើតលើក្មេង វាអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់អាអូន។ ដូចនេះ ឱសថការី គីម កាណែល បានផ្ដល់ការណែនាំដល់ម៉ាក់ប៉ាពីវិធីការពារកុំឲ្យកូនត្រូវមូសខាំ បណ្ដាលឲ្យឈឺជំងឺទាំងនោះដូចជា៖
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
១. លាបឡេការពារមូសខាំ ក្នុងបរិមាណល្មមនៅលើស្បែកកូន
២. ប្រើថ្នាំ ឬឡេដេញមូសដែលមានសារធាតុ DEET មិនខ្ពស់ជាង៣០% និងមិនត្រូវលាបញឹកញាប់ពេកអាចប៉ះពាល់ដល់ស្បែកកូន
៣. ពេលប្រើឡេការពារមូសខាំ មិនត្រូវលាបទៅលើរបួស តំបន់ភ្នែក និងមាត់ តែអាចលាបតិចៗលើត្រចៀក
៤. ស្លៀកខោអាវវែងៗឲ្យកូន ពាក់ស្រោមជើង ប្រើមុងគ្របទៅលើរទេះរុញ ឬកន្លែងកូនគេង
៥. ស្លៀកពាក់ខោអាវមានពណ៌ភ្លឺឲ្យកូន កុំពាក់ពណ៌ខ្មៅ ឬងងឹត
៦. កុំឲ្យកូនទៅលេងកន្លែងងងឹតៗ ឬកន្លែងដែលសម្បូរសត្វមូស
៧. បំបាត់ជម្រកមូស និងបើកបង្អួច ទ្វារផ្ទះ ដើម្បីឲ្យមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។

ក្នុងករណីមូសខាំកូន ហើយកើតមានជំងឺគ្រុនឈាម អាចចេញរោគសញ្ញាទូទៅមួយចំនួនដូចជា ក្ដៅខ្លួនលើស៣៨អង្សាសេ ឈឺក្បាល ឈឺសន្លាក់ ស្នាមអុជក្រហមនៅលើខ្លួន ជាដើម។ ជំងឺគ្រុនឈាមខ្លះ អាចវិវត្តទៅជាធ្ងន់ធ្ងរ បណ្ដាលមកពីការហូរឈាមតាមសរីរាង្គផ្សេងៗមានប្រព័ន្ធរំលាយអាហារ ស្បែក និងខួរក្បាល ដែលអាចប៉ះពាល់ដល់អាយុជីវិត។
ដោយឡែករោគសញ្ញាជំងឺគ្រុនឈីកវិញរួមមាន គ្រុនក្តៅស្រួចស្រាវ លើសពី ៣៨ អង្សារសេ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អួតចង្អោរ អស់កម្លាំង មានស្នាមកន្ទួលលើខ្លួន និងកន្ទួលក្រហមលើស្បែកដៃ។