៤. តើមនុស្សក្រុមណាអាចប្រើថ្នាំគ្រាប់ Molnupiravir បាន?
ក្រុមហ៊ុន MERCK ឲ្យដឹងថា ថ្នាំគ្រាប់របស់ខ្លួនប្រើបានសម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។ នៅក្នុងការសាកល្បងព្យាបាលថ្នាំគ្រាប់ Molnupiravir ភាគច្រើនត្រូវបានផ្ដល់ទៅឲ្យមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ ឬអ្នកមានអាយុតិចជាងនេះ ប៉ុន្តែមានហានិភ័យខ្ពស់បណ្ដាលមកពីវីរុសកូវីដ-១៩ដូចជា អ្នកជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺធាត់ និងមានតែបុគ្គលដែលមិនទាន់ចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលបានដាក់បញ្ចូលនៅក្នុងការសាកល្បង។
បន្ថែមពីនេះ ស្ត្រីពពោះដែលឆ្លងកូវីដ-១៩ មិនទាន់អាចប្រើថ្នាំគ្រាប់ Molnupiravir នេះទេ ព្រោះនៅក្នុងការសាកល្បងព្យាបាលមិនបានរួមបញ្ចូលស្ត្រីពពោះទៅក្នុងនោះ ជាហេតុមិនទាន់ដឹងថាអាចប៉ះពាល់ដល់ការលូតលាស់របស់គភ៌ក្រោយប្រើ ឬក៏អត់។
៥. ប្រសិនបើថ្នាំគ្រាប់ Molnupiravir អនុញ្ញាតឲ្យប្រើ តើយើងនៅតែត្រូវការវ៉ាក់សាំងដែរ ឬទេ?
ត្បិតតែថ្នាំគ្រាប់ Molnupiravir មានប្រសិទ្ធភាពព្យាបាលជំងឺកូវីដ-១៩ ទាំងធម្មតា និងវីរុសបំប្លែងលឿនក៏ដោយ ក៏ក្រុមអ្នកជំនាញថា វ៉ាក់សាំងកូវីដ-១៩ នៅតែជាមធ្យោបាយសំខាន់ដដែលក្នុងការទប់ស្កាត់ការរាលដាលជំងឺផ្លូវដង្ហើមកាចសាហាវនេះ។ អ្នកសដែលបានចាក់វ៉ាក់សាំងពេញលេញនឹងមានហានិភ័យតិចតួចក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ ការពារមិនឲ្យចូលពេទ្យ និងបន្ថយហានិភ័យស្លាប់ដោយសារវីរុសកូវីដ-១៩។
