កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
១. ប្រឈមនឹងឈឺធ្ងន់
អ្នកស្រាវជ្រាវថាវីរុសបំប្លែង អូមីក្រុង ទំនងជាបង្កើនករណីវិជ្ជមានតែមិនមានរោគសញ្ញាច្រើនជាងវីរុសបំប្លែងមុនៗ។ បើចេញរោគសញ្ញា ភាគច្រើនជារោគសញ្ញាស្រាលដូចជា ឈឺក ឬហៀរសម្បោរប៉ុណ្ណោះ ក៏ប៉ុន្តែការរីករាលដាលកាន់តែច្រើនឡើងនៃវីរុសបំប្លែង អូមីក្រុង ទូទាំងពិភពលោកអាចមានន័យថា មនុស្សកាន់តែច្រើនប្រឈមនឹងការធ្លាក់ខ្លួនឈឺធ្ងន់។
២. ចម្លងអ្នកដទៃ
តាមលោក Akiko Iwasaki ដែលសិក្សាផ្នែកការពារមេរោគនៅសកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានឲ្យដឹងថា ទោះជាយើងអាចនឹងឈឺស្រាលក្រោយឆ្លងវីរុសក៏ដោយ ក៏យើងនៅតែអាចចម្លងវីរុសនេះទៅអ្នកដទៃដែលមានហានិភ័យធ្លាក់ខ្លួនឈឺធ្ងន់ដូចជា មនុស្សចាស់ ឬមនុស្សមានជំងឺរ៉ាំរ៉ៃដោយមិនដឹងខ្លួន។
៣. ផលប៉ះពាល់រយៈពេលវែងមិនទាន់ដឹងច្បាស់
ការឆ្លងជំងឺកូវីដ-១៩ធម្មតា ឬវីរុសបំប្លែងថ្មីមុនៗ មិនថាធ្ងន់ ឬស្រាល ឬការឆ្លងក្រោយចាក់វ៉ាក់សាំងរួច ជួនកាលអាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង។ មកដល់ពេលនេះ អ្នកស្រាវជ្រាវនៅមិនទាន់មានទិន្នន័យពីផលប៉ះពាល់របស់វីរុសបំប្លែងថ្មីអូមីក្រុង ច្បាស់លាស់នៅឡើយទេ ហើយមនុស្សដែលមើលស្រាលការឆ្លងវីរុសបំប្លែងនេះ អាចនឹងប្រឈមនឹងផលប៉ះពាល់យូរអង្វែង ប្រសិនបើឆ្លង។