និយមន័យ
១- អ្វីជាជំងឺខ្វះកំហាប់ឆ្អឹង?
កង្វះកំហាប់ឆ្អឹង សំដៅលើស្ថានភាពឆ្អឹងធ្លាក់ចុះដង់ស៊ីតេ ធ្វើឲ្យឆ្អឹងចុះខ្សោយ គ្មានសមត្ថភាពបំពេញមុខងារបាន ហើយបើមិនបានព្យាបាលត្រឹមត្រូវ យូរទៅនឹងវិវត្តជាជំងឺពុកឆ្អឹង។ ជាទូទៅដង់ស៊ីតេឆ្អឹង ឡើងដល់ចំណុចកំពូលនៅពេលយើងឈានដល់វ័យ ៣៥ ឆ្នាំ។
២- កើតឡើងញឹកញាប់ដែរទេ?
ប្រមាណ ៥០ភាគរយ នៃពលរដ្ឋអាមេរិកចាស់ៗ គឺមានកើតជំងឺឆ្អឹងប្រភេទនេះ ដោយក្នុងនោះភាគច្រើនជាស្ត្រី។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ដោយសារតែការថយចុះកំហាប់ឆ្អឹងមិនបណ្ដាលឲ្យមានការឈឺចាប់ ហេតុនេះមិនមានរោគសញ្ញាគួរឲ្យកត់សម្គាល់ទេ។
៤- ពេលណាគួរទៅជួបពេទ្យ?
យ៉ាងណា បើមានចម្ងល់ ឬសំណួរណាមួយពាក់ព័ន្ធជំងឺកង្វះកំហាប់ឆ្អឹង គួរប្រឹក្សាជាមួយគ្រូពេទ្យ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
ជាធម្មតា ឆ្អឹងមានយន្តការផលិតឥតឈប់ឈរតាមល្បឿនថេរមួយ មានតុល្យភាពរវាងការកកើតឆ្អឹងថ្មី និងជម្រុះឆ្អឹងចាស់ចោល។ ដំណើរការនេះ ប្រែប្រួលហើយកំហាប់ឆ្អឹងថយចុះ នឹងបង្កជាបញ្ហាផុយស្រួយឆ្អឹង ធ្វើឲ្យឆ្អឹងចុះខ្សោយ។ លើសពីនេះ ថ្នាំមួយចំនួនអាចបង្កឲ្យមានពុកឆ្អឹងដែរ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមជំងឺឆ្អឹងប្រភេទនេះមានដូចជា៖
– ស្ត្រីជនជាតិអាស៊ី
– ប្រវត្តិគ្រួសារមានកំហាប់ឆ្អឹងទាប
– អាយុច្រើនជាង ៥០ឆ្នាំ
– អស់រដូវមុនអាយុ ៤៥ឆ្នាំ
– មានជំងឺត្រូវវះកាត់អូវែចេញទាំងវ័យក្មេង
– មិនសូវហាត់ប្រាណ
– របបអាហារខ្វះជាតិកាល់ស្យូម និងវីតាមីន D
– ជក់បារី និងផឹកស្រា
– ញ៉ាំសារធាតុកាហ្វេអ៊ីនច្រើនលើសកម្រិត
– ប្រើថ្នាំស្តេរ៉ូអ៊ីត
– កើតជំងឺមិនឃ្លានអាហារ
– វិបត្តិក្នុងការញ៉ាំអាហារ
– វិបត្តិទីរ៉ូអ៊ីត
– វិបត្តិក្រពេញប៉ារ៉ាទីរ៉ូអ៊ីត
– ជំងឺ Cushing ដែលបង្កដោយការប្រើថ្នាំប្រឆាំងរលាកលើសកម្រិត។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យធ្វើរោគវិនិច្ឆ័យដោយវាស់កំហាប់ឆ្អឹង។ មូលនិធិជាតិសម្រាប់ជំងឺពុកឆ្អឹង នៅអាមេរិក (National Osteoporosis Foundation) បានណែនាំឲ្យធ្វើតេស្តមួយប្រភេទ គឺថតកាំរស្មីអ៊ិច DXA ជាទូទៅស្គាល់ថា DEXA ភាគច្រើនធ្វើលើឆ្អឹងត្រគាក កដៃ និងខ្នង ជាកន្លែងងាយមានគ្រោះថ្នាក់ជាងគេ។
តេស្តកាំរស្មីអ៊ិចប្រភេទនេះ នឹងចេញជាលទ្ធផល ២ គឺ T score និង Z score ដើម្បីប្រៀបធៀបកំហាប់មធ្យមរបស់អ្នកជំងឺ ទៅតាមភេទ និងអាយុ។ T score សម្រាប់វាស់ជាមួយគ្នាយើងមានសុខភាពល្អ និងភេទដូចគ្នានៅវ័យ ៣០ ឆ្នាំ។ តេស្តផ្សេងទៀតដូចជាការថតកាំរស្មីអ៊ិច QCT pQCT QUS ក៏អាចវាស់កំហាប់ឆ្អឹងបានដូចគ្នា ហើយលទ្ធផលគឺអាស្រ័យនៅលើការវិធីសាស្ត្រធ្វើតេស្តនីមួយៗ។
ពេលខ្លះការថតកាំរស្មីអ៊ិច ចាំបាច់នៅកន្លែងជាក់លាក់ដូចជាឆ្អឹងខ្នងជាដើម។ ករណីខ្លះ ការរលាកជុំវិញសន្លាក់ អាចធ្វើឲ្យកំហាប់ឆ្អឹងចុះទាប តែមិនមែនមានន័យថាជារោគកំហាប់ឆ្អឹងចុះទាបនេះទេដូចនេះការទាមទារថតកាំរស្មីអ៊ិក DXA ជារឿងចាំបាច់រកមើលជំងឺប្រភេទនេះ។
៨- ព្យាបាលដោយវិធីណា?
គោលបំណងព្យាបាលជំងឺនេះ ធ្វើយ៉ាងណាកុំឲ្យវាវិវត្តទៅជាជំងឺពុកឆ្អឹង ដោយជំហានដំបូង គឺរបបអាហារ និងហាត់ប្រាណ អាចជួយបន្ថយហានិភ័យក្នុងការបាក់ឆ្អឹងបាន។ លុះត្រាតែកំហាប់ឆ្អឹងចុះទាបខ្លាំង ទើបគ្រូពេទ្យចេញថ្នាំឲ្យប្រើប្រាស់។ អាចពិគ្រោះជាមួយអ្នកឯកទេសពីកម្រិតកាល់ស្យូម និងវីតាមីន D ត្រូវប្រើ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– របបអាហារត្រូវសម្បូរជាតិកាល់ស្យូម និងវីតាមីន D ដូចជា ទឹកដោះគោមានជាតិខ្លាញ់ទាប ទឹកដោះគោរជូរ ទឹកក្រូចច្របាច់ នំប៉័ង ធញ្ញជាតិ សណ្ដែកក្រៀម ផ្កាខាត់ណាបៃតង សាច់ត្រីសាល់ម៉ុន និងស្ពៃពួយឡេង ជាដើម។ គោលបំណង ដើម្បីឲ្យរាងកាយទទួលបានកាល់ស្យូម ១២០០មិល្លីក្រាម និងវីតាមីន D ៨០០អាយយូ (IU) ក្នុងមួយថ្ងៃ។
– ហាត់ប្រាណ ដូចជាដើរ លោត រត់ ៣០នាទី ដើម្បីបង្កើនថាមពលឆ្អឹង។ ទោះយើងមានជំងឺ ក៏យើងអាចហែលទឹក និងលើកទម្ងន់បាន ធ្វើយ៉ាងណាឲ្យកំហាប់ឆ្អឹងកើនឡើង ដើម្បីកាត់បន្ថយការបាក់ឆ្អឹងទៅថ្ងៃក្រោយ។ ទោះជាយ៉ាងណា ហាត់ប្រាណមានការលំបាកពេលអាយុយើងកាន់តែចាស់ តែធាក់កង់ ឬរត់តិចៗ និងហែលទឹក នៅតែអាចជួយបាន។
– ហាត់បន្តឹងថាមពលត្រគាក ហាត់បន្តឹងសាច់គូទ និងចង្កេះ សុទ្ធតែជាវិធីជួយឲ្យឆ្អឹងរឹងមាំ។ បើមានចម្ងល់ពាក់ព័ន្ធការហាត់ប្រាណ ត្រូវសាកសួរដើម្បីទទួលបានដំបូន្មានល្អៗពីអ្នកជំនាញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]