១- អ្វីជាជំងឺពុកឆ្អឹង?
ជំងឺនេះកើតនៅពេលកំហាប់ឆ្អឹងធ្លាក់ចុះ ធ្វើឲ្យឆ្អឹងផុយស្រួយងាយបាក់ពេលប៉ះទង្គិច ឬមានគ្រោះថ្នាក់អ្វីមួយ។ មនុស្សស្រីងាយកើតជំងឺនេះជាងប្រុសៗ ពិសេសបន្ទាប់ពីអស់រដូវ។
សញ្ញាឧស្សាហ៍ជួបប្រទះជាងគេ កម្ពស់ថយចុះ និងឈឺចង្កេះ ហើយពេលមានគ្រោះថ្នាក់ម្ដងៗ តំបន់មានហានិភ័យរបស់ប៉ះពាល់ខ្ពស់ គឺត្រគាក ព្រោះមិនងាយសះស្បើយ ខណៈឆ្អឹងផ្សេងទៀត ដូចជា កដៃ និងឆ្អឹងខ្នង ក៏អាចរងប៉ះពាល់ដូចគ្នា។
ជំងឺនេះ មិនបង្ហាញសញ្ញាអ្វីទេ ទាល់តែបាក់ឆ្អឹងទើបរកមូលហេតុឃើញ មនុស្សភាគច្រើន យល់ថាជាជំងឺមនុស្សចាស់ចៀសមិនផុត តែអ្នកវិទ្យាសាស្ត្របច្ចុប្បន្នមិនយល់ស្របទាំងស្រុងដោយសារអាចមានវិធីការពារ បានព្រមទាំងអាចពន្យារផលវិបាក និងបន្ថយកត្តាប្រឈមបានថែមទៀតផង។
២- ជំងឺនេះកើតឡើងញឹកញាប់ដែរទេ?
មិនថាមានពូជសាសន៍អ្វីនោះទេ គឺអាចកើតជំងឺនេះទាំងអស់ តែជាក់ស្តែងស្ត្រីក្នុងទ្វីបអាស៊ី និងពូជសាសន៍ស្បែកស ស្ត្រីចំណាស់អស់រដូវ គឺងាយរងគ្រោះជាងគេ។
៣- រោគសញ្ញាមានអ្វីខ្លះ?
ស្រីៗទាំងអស់គួរតែពិគ្រោះជាមួយគ្រូពេទ្យ បើមានសញ្ញាអស់រដូវលឿនពេក អាចត្រូវលេបថ្នាំស្តេរ៉ូអ៊ីត ក្នុងករណីមានឪពុកម្ដាយធ្លាប់បាក់ឆ្អឹងត្រគាកពីមុនមក។ រោគសញ្ញាជំងឺពុកឆ្អឹង មិនមានអ្វីជាក់លាក់ទេ គ្រាន់តែភាគច្រើនមានការឈឺចាប់ចង្កេះ ក ខ្នងគមទៅមុខ កម្ពស់ចុះទាប ហើយសញ្ញាបាក់ឆ្អឹងដំបូង មាននៅ ឆ្អឹងជំនីរ កដៃ និងត្រគាក។ ឆ្អឹងខ្នងអាចស្រុត ឬបាក់ ស្រាំ បង្កទៅជាពិការភាពធ្ងន់ធ្ងរ។
៤- ពេលណាគួរទៅជួបពេទ្យ?
ធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា អាចបញ្ឈប់ស្ថានភាពជំងឺកុំឲ្យធ្ងន់ធ្ងរ និងបង្ការកុំឲ្យគ្រោះថ្នាក់ផ្សេងទៀត។ គួរសាកសួរគ្រូពេទ្យឲ្យបានលឿនតាមអាចធ្វើបាន។
បើមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះមនុស្សគ្រប់រូបមិនមានរោគសញ្ញាដូចគ្នាទេ វិធីល្អបំផុត ទៅពិភាក្សាជាមួយគ្រូពេទ្យ។
៥- មូលហេតុបង្កមានអ្វីខ្លះ?
ផូស្វាត និងកាល់ស្យូម មាននាទីសំខាន់ក្នុងការលូតលាស់របស់ឆ្អឹង នៅពេលរបបអាហារខ្វះសារធាតុទាំងនេះ ការលូតលាស់ឆ្អឹងមិនបានល្អនោះទេ។ ជាធម្មតា ឆ្អឹងមានយន្តការផលិតឥតឈប់ឈរតាមល្បឿនមួយថេរ មានសមាមាត្រកើតឆ្អឹងថ្មី និងការជម្រុះឆ្អឹងចាស់ចោល។
អាយុនៅក្មេង ការផលិតឆ្អឹង មានល្បឿនលឿនជាង ការជម្រុះចោល ផ្ទុយពីមនុស្សចាស់ ដែលផលិតយឺតយ៉ាវ រីឯការជម្រុះមានល្បឿនលឿន។ ម្យ៉ាងទៀត បើការផលិតឆ្អឹងថ្មីពេលនៅក្មេងមានចំនួនច្រើន ដល់ចាស់ទៅមិនងាយពុកឆ្អឹងនោះទេ។ លើសពីនេះ មូលហេតុចម្បងស្រីៗជួបប្រទះក្រោយអស់រដូវ នាំឲ្យខ្វះអ័រម៉ូនអឺស្ត្រូហ្សែន ចំណែកប្រុសវិញពេលចាស់ទៅ អ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ ជាហេតុនាំឲ្យមានជំងឺនេះដូចគ្នា។
៦- កត្តាប្រឈមមានអ្វីខ្លះ?
អាស្រ័យទៅលើទម្ងន់ របៀបរស់នៅ ផឹកគ្រឿងស្រវឹង និងជក់បារី ព្រមទាំងកង្វះអាហារូបត្ថម្ភ ការប្រើប្រាស់ថ្នាំ មានជំងឺរ៉ាំរ៉ៃ និងអ្នកជំងឺនៅស្ងៀម មិនសូវមានចលនាដៃជើងជាដើម។ លើសពីនេះ កត្តាប្រឈមខ្ពស់នាំឲ្យកើតជំងឺនេះត្រូវចែកចេញជាពីរ៖
កត្តាប្រឈមចៀសមិនផុត៖
– ភេទ៖ ស្ត្រីងាយរងគ្រោះជាងបុរស
– អាយុ៖ កាន់តែចាស់ កាន់តែហានិភ័យ
– រូបរាង៖ រាងស្ដើងពេក គឺងាយបាក់ឆ្អឹង
– ប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះពីមុន ឬព្រមទាំងធ្លាប់រងគ្រោះបាក់ឆ្អឹង សុទ្ធតែជាហានិភ័យកាន់តែខ្ពស់នាំឲ្យកើតជំងឺនេះ។
កត្តាប្រឈមអាចការពារបាន៖
– អ័រម៉ូនភេទ៖ ទាំងបុរស និងស្ត្រី ពេលណាខ្វះអ័រម៉ូនទាំងនេះ ងាយរងគ្រោះណាស់
– កើតជំងឺមិនឃ្លានចំណី (អាចព្យាបាលបាន)
– កង្វះវីតាមីន D ក្នុងចំណីអាហារ
– ប្រើប្រាស់ថ្នាំផ្សេងៗ
– មិនសូវមានសកម្មភាពដូចជា មិនហាត់ប្រាណ ឬរបួសឆ្អឹងសម្រាកលើគ្រែយូរពេក
– ជក់បារី ផឹកស្រា មិនត្រឹមតែមានគ្រោះថ្នាក់ដល់ឆ្អឹងទេ សរីរាង្គផ្សេងទៀតមាន សួត និងបេះដូងក៏ប៉ះពាល់ដូចគ្នា។
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ធ្វើតេស្តកំហាប់ឆ្អឹង មានអត្ថប្រយោជន៍អាចតាមដានសុខភាពឆ្អឹង ហើយមិនមានការឈឺចាប់នោះទេ។ ប៉ុន្តែពេលខ្លះមានការពិបាក ដោយសារតេស្តពិនិត្យសុខភាពឆ្អឹង ត្រូវតែធ្វើលើឆ្អឹងពិសេសឆ្អឹងសំខាន់ៗ ដូចជា ឆ្អឹងត្រគាក កដៃ និងឆ្អឹងខ្នង។
៨- ព្យាបាលដោយវិធីណា?
ផ្លាស់ប្ដូររបៀបរស់នៅដូចជា ហាត់ប្រាណដើម្បីបង្កើនថាមពលសាច់ដុំ ឈប់ជក់បារី ឈប់ផឹកស្រា កែប្រែរបបអាហារល្អចំពោះសុខភាព ជាកត្តាអាចកាត់បន្ថយហានិភ័យជំងឺពុកឆ្អឹងបាន។
ផឹកកាល់ស្យូមបន្ថែម ១២០០ មីល្លីក្រា/ថ្ងៃ និងវីតាមីន D ៨០០ អាយយូ (IU) ក្នុងមួយថ្ងៃ អាចជួយឲ្យឆ្អឹងលូតលាស់បានល្អ។ ថ្នាំផ្សេងទៀត ដូចជា Alendronate និងថ្នាំបំប៉នឆ្អឹង អាចជួយបានដូចគ្នា។
រៀបចំរបបអាហារត្រឹមត្រូវ សម្បូរវីតាមីន សារធាតុខនិជ អាចជួយឲ្យឆ្អឹងរឹងមាំ ហាត់ប្រាណ សមស្រប (ហាត់រក្សាលំនឹងរាងកាយ តែមិនត្រូវហាត់ខ្លាំងពេកទេ ព្រោះឆ្អឹងអាចទ្រាំទ្រមិនបាន) ដើម្បីការពារបាក់ឆ្អឹង។ មិនតែប៉ុណ្ណោះគ្រូពេទ្យ អាចនឹងផ្ដល់ថ្នាំដើម្បីបង្កើនកំហាប់ឆ្អឹង និងបន្ថយហានិភ័យបាក់ឆ្អឹងបាន ហើយថ្នាំដទៃទៀតដូចជា ថ្នាំអ័រម៉ូនអឺស្ត្រូហ្សែន ថ្នាំអ័រម៉ូន Calcitonin និងអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីត សុទ្ធតែមានប្រយោជន៍។
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ជួបពិគ្រោះជាមួយពេទ្យពីស្ថានភាពជំងឺឲ្យបានទៀងទាត់
– ញ៉ាំថ្នាំតាមវេជ្ជបញ្ជា
– ស្វែងរកការលើកកម្ពស់កាយសម្បទាពីអ្នកឯកទេស
– ញ៉ាំអាហារសម្បូរជាតិកាល់ស្យូម និងវីតាមីន D ដូចជា ទឹកដោះគោសាច់ ត្រី សណ្ដែក និងបន្លែបៃតង ជាដើម
– កុំជក់បារី កុំផឹកស្រាច្រើនពេក ព្រោះពេលស្រវឹងអាចឲ្យដួលបាក់ឆ្អឹង។ ផឹកស្រាក្នុងមានកម្រិត ត្រឹម ២ កែវក្នុងមួយថ្ងៃ គ្រប់គ្រាន់ហើយ។
– ការពារកុំឲ្យដួល ដូចជា ពាក់ស្បែកជើងរាបស្មើ គ្មានកែង ជូតសម្អាតការ៉ូក្នុងផ្ទះឲ្យស្ងួតល្អ បើកភ្លើងបំភ្លឺចៀសវាងប៉ះទង្គិចនៅទីងងឹត ធ្វើយ៉ាងណាឲ្យការរស់នៅប្រចាំថ្ងៃមានសុវត្ថិភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 213.
Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 544.
Osteoporosis. http://www.niams.nih.gov/Health_Info/Bone/Osteoporosis/osteoporosis_hoh.asp. Accessed July 14, 2016.
Osteoporosis. http://www.niams.nih.gov/Health_Info/Bone/Osteoporosis/overview.asp. Accessed July 14, 2016.
Osteoporosis. http://www.niams.nih.gov/Health_Info/Bone/Osteoporosis/osteoporosis_ff.asp. Accessed July 14, 2016.
Osteoporosis. http://www.mayoclinic.org/diseases-conditions/osteoporosis/basics/lifestyle-home-remedies/con-20019924. Accessed July 14, 2016.
កំណែប្រែបច្ចុប្បន្ន
28/01/2019
អត្ថបទដោយ យ៉ានណែត ដាញែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ