១- អ្វីទៅជាក្រពេញទីរ៉ូអ៊ីត?
ក្រពេញទីរ៉ូអ៊ីត ជាសរីរាង្គមួយមានទីតាំងនៅខាងមុខបំពង់ក មាននាទីផលិតអ័រម៉ូនទីរ៉ុកស៊ីន (Tyroxine) ដែលសំខាន់ណាស់រក្សាតុល្យភាពមេតាប៉ូលីស (ប្រតិកម្មបំប្លែងអាហារ) រាងកាយ។ ពេលក្រពេញទីរ៉ូអ៊ីត ធ្វើការសកម្មពេក នាំឲ្យការបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីតច្រើនលើសពីធម្មតា បណ្ដាលឲ្យមានបញ្ហា ដូចជា ស្រកទម្ងន់ បែកញើស និងមានបញ្ហាភ្នែក។
២- ហេតុអ្វីត្រូវវះកាត់ក្រពេញទីរ៉ូអ៊ីត?
ការវះកាត់យកក្រពេញទីរ៉ូអ៊ីត ដោយរក្សាទុកជាលិកាទីរ៉ូអ៊ីតឲ្យនៅសល់ខ្លះ ក្នុងគោលបំណងពីរ៖
– បន្ថយកម្រិតអ័រម៉ូនទីរ៉ូអ៊ីត ឲ្យចុះមកត្រឹមកម្រិតធម្មតា ឬទាបជាងមុន
– ជាលិកាសេសសល់ នៅតែអាចបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីត គ្រប់គ្រាន់សម្រាប់បំពេញនាទីចាំបាច់ក្នុងរាងកាយ។
៣- កត្តាប្រឈមមានអ្វីខ្លះ?
ក្រោយវះយកក្រពេញទីរ៉ូអ៊ីតចេញខ្លះ ជាលិកានៅសល់តិចតួចពេក ពេលខ្លះអាចផលិតអ័រម៉ូន ទីរ៉ូអ៊ីត មិនគ្រប់គ្រាន់ ករណីនេះតម្រូវឲ្យយើងលេបថ្នាំអ័រម៉ូន ទីរ៉ូអ៊ីត អស់មួយជីវិត។
វិធីព្យាបាលផ្សេងទៀតក្រៅពីវះកាត់
– ព្យាបាលដោយប្រើ អ៊ីយ៉ូតវិទ្យុសកម្ម អាចប្រើសម្រាប់អ្នកជំងឺមួយចំនួន
– ថ្នាំ Carbimazole ឬ Propylthiouracil អាចប្រើដើម្បីគ្រប់គ្រងសកម្មភាពក្រពេញទីរ៉ូអ៊ីត មិនឲ្យផលិតអ័រម៉ូនលើសតម្រូវការ។
មុនសម្រេចចិត្តវះកាត់ ត្រូវដឹងឲ្យច្បាស់ពីផលចំណេញ និងផលវិបាក អាចកើតមានក្រោយការវះកាត់។ ប្រសិនបើមានចម្ងល់ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬពេទ្យវះកាត់។
៤- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់?
– ត្រូវដឹងលក្ខខណ្ឌញ៉ាំអាហារ និងផឹកទឹកពេលវះកាត់៉
– ត្រូវជួបគ្រូពេទ្យជំនាញខាងវះកាត់ ដើម្បីឲ្យគាត់ពិនិត្យ អាចសួរនាំឲ្យច្បាស់ទាក់ទងការវះកាត់ ឬផលវិបាកក្រោយវះកាត់ជាដើម។
– ត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យដាក់ថ្នាំសណ្ដំ ដើម្បីធានាថាសុខភាពយើងអាចទទួលថ្នាំសណ្ដំបាន ឬអាចព្យាបាលយ៉ាងណាបន្ត ករណីសុខភាពមានបញ្ហា។
៥- មានអ្វីកើតឡើងពេលកំពុងវះកាត់?
– ត្រូវទទួលថ្នាំសណ្ដំទាំងស្រុង (សន្លប់) តាំងពីចាប់ផ្ដើមវះរហូតដល់ចប់
– ការវះកាត់ប្រព្រឹត្តិទៅប្រហែល ៩០-១២០ នាទី
– គ្រូពេទ្យនឹងធ្វើការវះនៅតំបន់កខាងមុខ ទទឹងតាមភ្លីស្បែក កាត់យកក្រពេញទីរ៉ូអ៊ីត មួយភាគធំចេញ។
៦- មានអ្វីកើតឡើងក្រោយវះកាត់?
– អាចត្រឡប់ទៅផ្ទះក្រោយវះកាត់ពី ១-២ ថ្ងៃ
– អាចធ្វើការ និងសកម្មភាពជាធម្មតាវិញ ក្រោយវះកាត់ ២ សប្ដាហ៍
– ហាត់ប្រាណជួយឲ្យយើងឆាប់ជាសះស្បើយ តែមុននឹងចាប់ផ្ដើមហាត់ប្រាណ សូមសាកសួរយោបល់ពីគ្រូពេទ្យជាមុន
– គ្រូពេទ្យនឹងប្រាប់យើង ពីការព្យាបាលក្រោយវះកាត់ តាមដាន និងការណាត់ជួបលើកក្រោយ។
៧- ផលវិបាកក្រោយវះកាត់
ទោះបីមានការវះកាត់ដោយគ្រូពេទ្យជំនាញយ៉ាងណាក៏ដោយ ផលវិបាកនៅតែអាចកើតមានចៀសមិនផុត ហើយករណីមួយចំនួន អាស្រ័យតាមស្ថានភាពជំងឺនីមួយៗ ផលវិបាកទាំងនោះអាចមានដូចជា៖
– ហូរឈាមត្រង់របួសក្រោមស្បែក
– ក្លាយដំបៅ ដោយសារឆ្លងមេរោគ ឬមានជំងឺស៊ាំនិងថ្នាំ
– ប្រតិកម្មផ្សេងៗទៀត ទាក់ទងឥទ្ធិពលថ្នាំសណ្តំ
– និយាយលែងលឺ ឬខ្សោយជាងមុន ដោយសារប៉ះពាល់ដល់សរសៃវិញ្ញាណបញ្ជាបំពង់សំឡេង
– សាច់ដុំទាញ ឬកន្ត្រាក់ខុសប្រក្រតី ដោយសារវះកាត់ប៉ះពាល់ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (Parathyroid) នាំឲ្យកាល់ស្យូមថយចុះ។
ករណីមានបញ្ហាទាំងនេះកើតឡើងក្រោយការវះកាត់ សូមប្រាប់គ្រូពេទ្យឲ្យបានដឹង ដើម្បីគាត់អាចជួយដោះស្រាយតាមបច្ចេកទេសវេជ្ជសាស្ត្រ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Thyroid Surgery Overview http://www.healthline.com/health/thyroid-gland-removal. Accessed July 6, 2016.
កំណែប្រែបច្ចុប្បន្ន
24/01/2019
អត្ថបទដោយ KEO Seng ratha
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ