ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការឆ្លុះមើលស្បូន?
ឆ្លុះមើលស្បូន គឺសំដៅការប្រើប្រាស់ឧបករណ៍ជំនួយ (ពិលបំពាក់កាមេរ៉ា Endoscope) ដើម្បីឆ្លុះមើលរូបរាងខាងក្នុងតួស្បូន។ ធម្មតាអំឡុងពេលឆ្លុះ គ្រូពេទ្យនឹងច្រឹបសាច់ជាលិកាស្រទាប់ខាងក្នុងស្បូន យកទៅពនិត្យមើលក្រោមមីក្រូទស្សន៍។ លើសពីនេះការឆ្លុះមើលស្បូន អាចជួយគ្រូពេទ្យដឹងពីមូលហេតុហូរឈាមក្នុងស្បូន វដ្ដរដូវមានឈាមច្រើន និងករណីហូរឈាមក្រោយអស់រដូវ ជាពិសេសឲ្យគ្រូពេទ្យអាចរកឃើញជំងឺដុំសាច់ក្នុងស្បូន ដុំខ្លាញ់ មហារីកស្រទាប់ក្នុងស្បូន ឬភាពមិនប្រក្រតីផ្សេងទៀត។ ឆ្លុះមើលស្បូន មានសុវត្ថិភាព ទទួលបានផលល្អ ដឹងពីបញ្ហាផ្សេងៗ អាចកើតមានក្នុងស្បូន ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា។
ហេតុអ្វីត្រូវឆ្លុះមើលស្បូន?
ឆ្លុះមើលស្បូនធ្វើឡើងក្នុងគោលបំណងមួយចំនួនដូចជា៖
– រកមូលហេតុហូរឈាមមិនទៀងទាត់តាមទ្វារមាស គ្រូពេទ្យនឹងបញ្ចូលឧបករណ៍ដុតតាមទ្វារមាសដើម្បីបញ្ឃប់ការហូរឈាម។
– ពិនិត្យលើរូបរាង ទំហំស្បូន មានស្នាមនៅតាមជាលិការស្បូន ដើម្បីរកពីមូលហេតុករណីអត់កូន។
– ពិនិត្យលើមាត់ស្បូន ដល់ដៃស្បូន តើមានស្ទះ ឬអត់? បើស្ទះគ្រូពេទ្យនឹងសំអាតដោយប្រើឧបករណ៍ពិសេសភ្ជាប់ជាមួយឧបករណ៍ឆ្លុះ។
កត្តាប្រឈម
៣- កត្តាប្រឈមមានអ្វីខ្លះ?
ផលវិបាកក្រោយឆ្លុះមើលស្បូនមានដូចជា៖
– ប្រតិកម្មជាមួយថ្នាំសណ្ដំ
– ហូរឈាមច្រើន ឬមានបញ្ហាកំណកឈាម (Thrombosis)
គប្បីយល់ច្បាស់កត្តាប្រឈម និងផលវិបាកទាំងអស់ មុនពេលធ្វើការឆ្លុះ ឬអាចពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យក្នុងករណីមានមន្ទីលសង្ស័យ។
ស្វែងយល់មុនឆ្លុះស្បូន
៤- គួរត្រៀមអ្វីខ្លះមុនពេលឆ្លុះ?
ពិគ្រោះយោបល់ជាមួយគ្រូពេទ្យពាក់ព័ន្ធថ្នាំកំពុងប្រើ ថាតើអ្នកមានអាលែកហ្ស៊ីអ្វីខ្លះ? ឬកំពុងមានជំងឺណាមួយដែរទេ? ពិសេសត្រូវដឹងលក្ខខណ្ឌញ៉ាំអាហារ និងផឹកទឹកមុនពេលឆ្លុះ ព្រោះជាទូទៅយើងត្រូវតមអាហារយ៉ាងហោច ៦ ម៉ោងមុនពេលវះកាត់ តែអាចផឹកទឹក ២-៣ ម៉ោងមុន។
ត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់ក្នុងករណីដូចខាងក្រោម៖
– កំពុងមានផ្ទៃពោះ
– បញ្ហាជំងឺឈាមក្រកក ឬកំពុងលេបថ្នាំប្រឆាំងឈាមកុំឲ្យកកដូចជា Aspirin ឬ Warfarin ។
– ទើបព្យាបាលជាករណីឆ្លងរោគនៅនឹងស្បូន ឬទ្វារមាស រយៈពេល ៦ ខែចុងក្រោយ។
– មានជំងឺបេះដូង ឬសួតជាដើម។
មិនគួរធ្វើការឆ្លុះស្បូនពេលមិនទាន់មករដូវ និងកុំសម្អាត ដោយប្រើដុំសំឡី ឬថ្នាំសុលក្នុងទា្វរមាសរយៈពេល ២៤ ម៉ោងមុនពេលឆ្លុះ។ គ្រូពេទ្យអាចសុំប្រើថ្នាំងុយគេងខ្លះៗ ពេលធ្វើការឆ្លុះ ឬចាក់ថ្នាំសន្លប់តែម្ដង ដោយផ្អែកលើការសម្រេចចិត្តយើងផ្ទាល់។
៥- មានអ្វីកើតឡើងពេលកំពុងធ្លុះ?
គ្រូពេទ្យនឹងចាក់ថ្នាំសន្លប់ ឬថ្នាំស្ពឹក ពេលខ្លះអាចមិនប្រើ ករណីការឆ្លុះចំណាយពេលត្រឹម ១០ នាទី។ គ្រូពេទ្យរោគស្រ្ដី នឹងបញ្ចូលឧបករណ៍ឆ្លុះតាមទ្វារមាស ចូលទៅមាត់ស្បូនសន្សឹមៗ បន្ទាប់មកបំប៉ោងខ្យល់ដោយប្រើឧស្ម័នកាបូនិក (CO2) ឬទឹក ជួយឲ្យការមើលស្បូនឲ្យកាន់តែច្បាស់។ គ្រូពេទ្យអាចបន្ថែមឧបករណ៍ ច្រឹបយកសាច់ ឬកាត់យកដុំសាច់ដុះ (Polyps) និងដុំសាច់តូចៗ ( Uterine Fibroids) យកមកពិនិត្យក្រោមមីក្រូទស្សន៍។ ហេតុនេះ គប្បីពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យករណីមានមន្ទិលសង្ស័យ។
វិធីថែទាំ
៦- គួរធ្វើអ្វីខ្លះក្រោយឆ្លុះស្បូន?
បើសិនមានបញ្ហាមិនប្រក្រតីក្នុងស្បូន គ្រូពេទ្យនឹងប្រាប់ ដើម្បីធ្វើការតាមដានបន្ដទៀតនៅពេលណាត់ជួបបន្ទាប់។ ល្អបំផុត ត្រូវហាត់ប្រាណ និងធ្វើការជាធម្មតា ទោះមានអាការៈឈឺតិចតួចនៅខាងក្រោមពោះ និងអាចមានហូរឈាមតិចតួចផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]