ចំណេះដឹងមូលដ្ឋាន
១- អ្វីទៅជាការវះកាត់ឬសដូងបាត?
វះកាត់ ឫសដូងបាត ជាវិធីព្យាបាលជំងឺឫសដូងបាត ដែលជាដុំសាច់មានរាងទន់នៅក្នុងរន្ធគូទ ធ្វើឲ្យងាយហូរឈាមពេលបត់ជើងធំ។ ដុំសាច់នេះ អាចធ្វើឲ្យឈឺ និងរមាស់ ហើយពេលរីកធំ អាចលានចេញមកក្រៅតាមរន្ធគូទតែម្តង។ ឫសដូងបាត វិវត្តម្ដងបន្ដិចៗ រយៈពេលយូរ បង្កឲ្យយើងទល់លាមក ហើយជាទូទៅ អាចជាជំងឺតំណពូជ ពិសេសកាន់តែធ្ងន់ធ្ងរចំពោះស្រីៗមានផ្ទៃពោះ។
២- ហេតុអី្វចាំបាច់វះកាត់?
ឫសដូងបាត អាចព្យាបាលតាមវិធីសាមញ្ញ ដូចជាផឹកទឹកឲ្យច្រើន និងទទួលទានអាហារមានជាតិសរសៃឲ្យច្រើន។ក្នុងករណីវិធីខាងលើមិនបានផល គួរតែទៅពេទ្យព្យាបាល គ្រូពេទ្យអាចជ្រើសរើសការព្យាបាលដោយចង ឬចាក់ថ្នាំឲ្យស្វិតជ្រុះខ្លួនឯង។ បើនៅតែមិនបានផលទៀត ឬដុំសាច់ឫសដូងធំពេក អាចត្រូវវះកាត់ចេញតែម្តង ហើយដុំសាច់កម្រនឹងដុះឡើងវិញណាស់។