និយមន័យ
១- អ្វីជាការវះកាត់កែសម្ផស្ស
ការវះកាត់កែសម្ផស្ស (Cosmetic surgery) គឺជាការវះកាត់ណាមួយដើម្បីកែប្រែរូបរាងរបស់មនុស្សយើងឲ្យកាន់តែមានភាពល្អប្រសើរឡើង ហើយធ្វើឲ្យម្ចាស់ខ្លួនកាន់តែមានភាពជឿជាក់ និងមានទំនុកចិត្តលើខ្លួនឯង។ ការវះកាត់កែសម្ផស្សអាចធ្វើបានគ្រប់ផ្នែកលើផ្ទៃមុខ និងដងខ្លួន។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗចង់បានរាងស្អាតខ្ញង់ ខួរក្បាលកាន់តែល្អ អាចសាកកីឡាប្រភេទនេះបាន
២- ពេលណាត្រូវធ្វើការវះកាត់កែសម្ផស្ស
ការវះកាត់កែសម្ផស្សគឺជាជម្រើសមួយដ៏ល្អលើអ្នកដែលមិនពេញចិត្តនឹងរូបរាងខ្លួនឯង (ឬក្នុងករណីពិការផ្នែកណាមួយពីកំណើត ឬមានការខូចខាតដោយការត្រូវរបួស) ដែលមិនអាចបិទបាំងដោយការផាត់មុខ ឬស្លៀកពាក់នោះទេ។
អត្ថបទពាក់ព័ន្ធ៖ គេប្រាប់ថា ផ្លែល្មើរញ៉ាំទៅរាងស្អាត សុខភាពល្អ ដោយសារមូលហេតុអីទៅ?
ការប្រុងប្រយ័ត្ន
៣- អ្វីដែកយើងគួរដឹងមុនពេលធ្វើការវះកាត់កែសម្ផស្ស
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើការវះកាត់បានដោយសុវត្ថិភាពនោះទេ។ អ្នកអាចជាជំរើសដ៏ល្អប្រសិនបើអ្នកមានសុខភាពល្អ មានការគិតទុកនូវលទ្ធផលជាមុន និងដឹងពីហានិភ័យនៃការវះកាត់។
ចំពោះគ្នាយើងដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺគ្រាប់ឈាមក្រហម ជំងឺបេះដូង ជំងឺធ្លាក់ទឹកចិត្ត គឺការវះកាត់កែសម្ផស្សមិនមែនជាជម្រើសល្អឡើយ។ មួយវិញទៀតបើសិនជាយើងជាមនុស្សធាត់ ជក់បារី ផឹកស្រា ច្រើននោះ ការវះកាត់កែសម្ផស្សក៏មិនមែនជាជម្រើសនោះដែរ។
៤- ផលវិបាក និងផលប៉ះពាល់នៃការ វះកាត់កែសម្ផស្ស
គ្រប់ការវះកាត់ទាំងអស់រួមទាំងការវះកាត់កែសម្ផស្សផងគឺសុទ្ធតែអាចមានហានិភ័យបាន។ចំពោះគ្នាយើងណាមានប្រវត្តិជំងឺសរសៃឈាមបេះដូង ជំងឺសួត ជំងឺទឹកនោមផ្អែម ឬជំងឺធាត់ គឺអាចមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺលាកសួត ដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ឬមានដុំកំណកឈាមនៅជើង ឬសួត។ ចំពោះអ្នកមានទម្លាប់ជក់បារី ក៏មានហានិភ័យ និងផលរំខានដល់ការងាយជាសះស្បើយក្រោយវះកាត់ដែរ។
ដូចនេះពិតជាចាំបាច់ណាស់មុនគ្នាយើងសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្សត្រូវតែពិភាក្សាជាមួយគ្រូពេទ្យផ្នែកវះកាត់អំពីហានិភ័យខាងលើ និងបញ្ហាផ្សេងៗទៀតទាក់ទឹងនឹងប្រវត្តិសុខភាពរបស់យើងជាមុន។
ផលវិបាកដែលអាចកើតមានមានដូចជា៖
- ផលវិបាកដែលទាក់ទងនឹងការប្រើថ្នាំសន្លប់មាន ជំងឺរលាកសួត មានឈាមកក និងអាចមានករណីកម្រខ្លះបណ្តាលឲ្យស្លាប់
- អាចមានការឆ្លងរោគនៅតំបន់វះ អាចធ្វើឲ្យមានស្នាមកាន់តែខ្លាំង និងតម្រូវឲ្យមានការវះកាត់បន្ថែម
- មានទឹកប្រមូលផ្តុំនៅក្រោមស្បែក
- មានការហូរឈាមកម្រិតស្រាលដែលតម្រូវឲ្យមានការវះកាត់ផ្សេងទៀត ឬមានការហូរឈាមច្រើនដែលតម្រូវឲ្យមានការបញ្ចូលឈាម
- មានស្លាកស្នាម ឬការដាច់ស្បែក កើតឡើងនៅពេលដែលស្បែកជាសះហើយ តែមានការជាខុសប្លែកពីស្បែកដែលមានសុខភាពល្អហើយវាតម្រូវឲ្យមានការវះកាត់យកចេញ
- ស្ពឹកនិងចុះខ្សោយនៃការដឹងញាណដែលបណ្តាលមកពីការខូចនៃសរសៃប្រសាទ ដែលអាចកើតមានរហូត
មុនសម្រេចចិត្តវះកាត់ ជាការសំខាន់ណាស់ដែលយើងត្រូវយល់ដឹងអំពីការប្រុងប្រយ័ត្ន និងដឹងពីផលវិបាកដែលអាចកើតមានមុនពេលធ្វើការវះកាត់កែសម្ផស្ស។ ប្រសិនបើគ្នាយើងមានសំណួរ អាចទៅពិគ្រោះជាមួយគ្រូពេទ្យវះកាត់ឲ្យបានច្បាស់លាស់ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
អត្ថបទពាក់ព័ន្ធ៖
- នារីស្រស់ស្អាតបានស្លាប់ ក្រោយចាក់ថ្នាំរក្សាសម្រស់ Botox នៅសិង្ហបុរី
- វិធីសាស្រ្តផ្សេងៗក្នុងការព្យាបាលអាចម៍រុយ និងស្នាមមុនលើស្បែកមុខ
ដំណើរការ
៥- ការរៀបចំសម្រាប់ការវះកាត់កែសម្ផស្ស
មុននឹងធ្វើការវះកាត់គ្រូពេទ្យផ្នែកវះកាត់នឹងសួរយើងពីរបីសំណួរជាថ្មីទៀតមុនពេលធ្វើការវះកាត់។ ឧទាហរណ៍ដូចជាសួរទាក់ទងនឹងការតបបារីពី ២ ទៅ ៤ សប្តាហ៍មុនពេលវះកាត់ និងមិនត្រូវជក់បារីយ៉ាងហោចណាស់ ២ ទៅ ៤ សប្តាហ៍ក្រោយការវះកាត់ ដែលការធ្វើបែបនេះដើម្បីជួយឲ្យរាងកាយឆាប់ជាសះស្បើយ។
ចំពោះអ្នកមិនជក់បារីវិញ ត្រូវជៀសឲ្យឆ្ងាយពីផ្សែងបារីមុន និងក្រោយពេលវះកាត់។ មុនពេលវះកាត់ គ្នាយើងត្រូវនិយាយជាមួយគ្រូពេទ្យឲ្យបានស៊ីជម្រៅពីសុខភាពរបស់យើង ពីទម្លាប់រស់នៅ ដូចជាការហាត់ប្រាណ ជក់បារី ផឹកស្រា ជាដើម។ ជាពិសេសពីស្ថានភាពជំងឺណាមួយដែលយើងមាន និងថ្នាំ ឬអាហារបំប៉នណាមួយដែលយើងកំពុងប្រើ។ ការពិភាគ្សានេះអាចជួយឲ្យយើងប្រាកដថាការវះកាត់នេះជាជម្រើសត្រឹមត្រូវមួយសម្រាប់ខ្លួនយើង។
ដូចបានរៀបរាប់អ៊ីចឹង យើងត្រូវប្រាដកថាយើងបានប្រាប់គ្រូពេទ្យគ្រប់យ៉ាងសូម្បីតែប្រភេទវីតាមីនដែលយើងកំពុងប្រើ និងថ្នាំរុក្ខជាតិផ្សេងទៀតដែលមិនត្រូវការវេជ្ជបញ្ជាក៏ដោយ។ ការធ្វើបែបេះនេះ ក៏ព្រោះថាមានប្រភេទថ្នាំខ្លះអាចប៉ះពាល់ដល់ការហូរឈាម ឬមានប្រតិកម្មប្រឆាំងថ្នាំដទៃទៀតដែលយើងនឹងត្រូវប្រើក្នុងអំឡុងពេលវះកាត់។
អត្ថបទពាក់ព័ន្ធ៖ ពិតអត់? ស្រ្តេស តប់ប្រមល់ធ្វើឲ្យបាក់សម្រស់ និង…
៦- អ្វីដែលកើតឡើងក្នុងពេលធ្វើការវះកាត់កែសម្ផស្ស
ការវះកាត់កែសម្ផស្សមានច្រើនប្រភេទ។
វះកាត់លើមុខ៖
– ចាក់ Botox
– លើកថ្ពាល់
– បកស្បែកដោយសារគីមី
– វះកាត់ចង្កា
– វះថ្គាម
– Dermabrasion
– ការលើករោមចិញ្ចើម / លើកថ្ងាស
– កាត់ត្របកភ្នែក (Blepharoplasty)
– លើកមុខ
– ធ្វើមុខ V
– ចាក់បំពេញមុខឲ្យប៉ោង
– បំបាត់ស្នាមជ្រួញលើផ្ទៃមុខ
– ការបាញ់ឡាស៊ែរជម្រុះរោម
– ការបាញ់ឡាស៊ែរបំបាត់ស្នាមជ្រួញ
– លើក ក
– ការវះកាត់ត្រចៀក (Otoplasy)
– វះកាត់ច្រមុះ (Rhinoplasty)
– បំបាត់បញ្ហាលើស្បែក (ស្នាមជាំ ឡើងសរសៃឈាមតូចៗដូចសំបុកពិងពាង ស្នាមសង្វារ ស្នាមសាក់)
– ការព្យាបាលបំបាត់ស្នាមជ្រួញ
វះកាត់លើរាងកាយ៖
– ការវះកាត់បន្តឹងក្បាលពោះ
– បន្តឹងដើមដៃ
– ការវះកាត់បូមយកជាតិខ្លាញ់
– ការវះកាត់ពង្រីកដើមទ្រូង
– លើកសុដន់
– ការវះកាត់បង្រួមសុដន់
– លើកគូទ
– ការបូមខ្លាញ់ក្បាលពោះ
– បន្តឹងភ្លៅខាងក្នុង
– ការបាញ់ឡាស៊ែរជម្រុះរោម
ចំពោះព័ត៌មានលម្អិតគឺមានល្ខណៈខុសៗគ្នាអាស្រ័យលើនិតិវិធីនៃការវះកាត់។ ជាទូទៅការវះកាត់កែសម្ផស្សតម្រូវឲ្យមានការប្រើថ្នាំសន្លប់ ឬថ្នាំសន្តំ IV (ចាក់តាមសរសៃឈាម) ដែលត្រូវធ្វើនៅក្នុងមន្ទីរពេទ្យក្រោមការមើលថែទាំពីក្រុមគ្រូពេទ្យជំនាញខាងថ្នាំសណ្ដំ។ ការវះកាត់ផ្សេងទៀតដូចជាការចាក់បំពេញមុខអាចធ្វើនៅកន្លែងពិគ្រោះជំងឺក្រៅ ឬនៅក្នុងបន្ទប់គ្រូពេទ្យដោយធ្វើការចាក់ថ្នាំស្ពឹកតែប៉ុណ្ណោះ។ មុនពេលវះកាត់អ្នកនឹងជួបគ្រូពេទ្យវះកាត់ (ឬសមាជិកក្រុមគ្រូពេទ្យ) ម្តងទៀតដើម្បីឆ្លើយសំណួរដែលនៅសល់។
អត្ថបទពាក់ព័ន្ធ៖ ចង់បានដើមទ្រូងធំ មូលក្លំល្អ ត្រូវដឹងតិចនិកទាំងនេះ
៧- អ្វីដែលកើតមានឡើងក្រោយវះកាត់កែសម្ផស្សរួច
មុនពេលធ្វើការវះកាត់ ឬមុនពេលចេញពីមន្ទីរពេទ្យយើងនឹងទទួលបាន៖
– ការណែនាំសម្រាប់ការថែទាំក្រោយពេលវះកាត់
– ការណែនាំអំពីការប្រើថ្នាំ និងវេជ្ជបញ្ជា (ឧទាហរណ៍ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំអង់ទីប៊ីយោទិក)
– លេខទូរស័ព្ទដើម្បីការសាកសួរ
ទោះបីជាមានការណែនាំ និងការរៀបចំរួចក៏ដោយក៏យើងត្រូវមានការប្រុងប្រយ័ត្នជាមួយនឹងស្នាមជាំ និងការហើមដែលមានក្រោយការវះកាត់ និងរយៈពេលពេលបាត់ទៅវិញ។ ជាធម្មតាស្នាមជាំអាចបាត់ទៅវិញក្នុងពេលបីសប្តាហ៍ ឯការហើមវិញអាចត្រូវចំណាយពេលយូរជាងនេះបន្តិច។
យើងអាចនឹងមានអារម្មណ៍ “ពិបាកចិត្ត” ឬអស់សង្ឃឹមរយៈពេលខ្លីក្នុងកំឡុងពេលជាសះស្បើយ។ ដោយសារតែការវិនិច្ឆ័យរបស់យើងមុនពេលដឹងលទ្ធផលនៃការវះកាត់ ឬការរង់ចាំក្នុងការវិលត្រឡប់ទៅរកសកម្មភាពធម្មតាវិញគឺសុទ្ធតែអាចប៉ះពាល់ដល់អារម្មណ៍ និងធ្វើឲ្យយើងមានការខកចិត្តបាន។
ការមើលទៅមានលក្ខណៈពិតប្រាកដដូចធម្មជាតិគឺជាគន្លឹះ ឯគោលដៅវិញគឺត្រូវមើលទៅមានការល្អប្រសើរជាងមុន តែមិនមែនមានន័យថាមានភាពល្អឥតខ្ចោះនោះទេ។ មនុស្សម្នាក់ៗអាចបានលទ្ធផលមកខុសគ្នាៗ។ យើងត្រូវដឹងហើយចងចាំផងថា៖
– អាចមានស្នាមជាំ និងហើមបណ្តោះអាសន្ន។ ឯស្នាមវះកាត់វិញគឺមានជារៀងរហូត។
– ពេលវេលានៃការជាសះស្បាយវិញគឺខុសគ្នាអាស្រ័យទៅតាមមនុស្សម្នាក់ៗ និងវិធីក្នុងការវះកាត់ ប៉ុន្តែជាធម្មតាអាចជាពី ៦ ទៅ ១២ សប្តាហ៍។
– ការតាមដានក្រោយការវះកាត់អាចនឹងមានដើម្បីសម្រេចដល់គោលដៅរបស់គ្រូពេទ្យវះកាត់។
ប្រសិនបើមានសំណួរ ឬកង្វល់ផ្សេងទៀត សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្យវះកាត់ដើម្បីទទួលបានព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
- មើលរឿងបែបរំភើបច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ
- ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!
ការជាឡើងវិញ
៨- អ្វីដែលអ្នកគួរធ្វើបន្ទាប់ពីបានវះកាត់កែសម្ផស្ស
ការថែរក្សាស្បែកឲ្យបានល្អក្រោយវះកាត់កែសម្ផស្សជាសំខាន់។ គ្នាយើងត្រូវប្រាដកថាផលិតផលដែលប្រើមានសារជាតិ hypoallergenic products តិចតួច ដែលនេះជាទឹកលាងសម្អាតដោយមិនមានជាតិសាប៊ូ និងមានសំណើមគ្មានក្លិន។ ជាងនេះទៅទៀតការប្រើប្រាសើឡេការពារកម្ដៅថ្ងៃក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
គ្នាយើងត្រូវដឹងដែរថាក្រោយវះកាត់រួចហាមដាច់ខាតប៉ពាល់លើមុខរបួស គឺត្រូវទុកពេលឲ្យរបួសជាសះស្បើយវិញដោយខ្លួនឯង និងត្រូវរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ ទោះជាគ្នាយើងវះកាត់កែសម្ផស្សតិចតួច ឬធំក៏ដោយ កឺត្រូវផឹកទឹកឲ្យបានពី៦ទៅ៨កែវក្នុងមួយថ្ងៃ ដើម្បីជួយឲ្យស្បែករបស់យើងមានភាពស្រស់ថ្លាឡើងវិញ និងដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួន។
បើសិនជាមានហើម ឬមានស្នាមជាំក្រោយពេលវះកាត់ គ្រូពេទ្យអាចណែនាំឲ្យយើងស្អំទឹកកក ឬទឹកត្រជាក់ ជាពិសេសគឺបីថ្ងៃដំបូងបន្ទាប់ពីវះកាត់រួច។ យើងគួរដឹងដែរថាការគេងខ្នើយខ្ពស់ក៏អាចជួយមិនឲ្យមានហើមនៅពេលយប់ផងដែរ។
ចំពោះការប្រើប្រាស់គ្រឿងសម្អាងវិញ យើងអាចនឹងប្រើបានវិញក្រោយការវះកាត់បានពីរបីថ្ងៃ ក្នុងករណីស្បែកយើងមិនមានផលប៉ះពាល់ណាមួយកើតឡើង ឬគ្មានរបួសដែលបណ្ដាលឲ្យមានឈាម។
ករណីការបកស្បែកដោយប្រើជាតិគីមី ឬការប្រើឡាស៊ែរដើម្បីជម្រុះកោសិការស្បែកចាស់ចោល នោះយើងត្រូវរង់ចាំរហូតដល់ប្រទាប់ស្បែកអេពីដេមីរបស់យើង (ស្រទាប់ខាងលើបង្អស់នៃស្បែក) បានជាទាំងស្រុងសិន។យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីរាល់ការប្រើប្រាស់គ្រឿងសម្អាងក្រោយពេលវះកាត់កែសម្ផស្សទាំងអស់។
អត្ថបទពាក់ព័ន្ធ៖
- ផឹកទឹកគ្រប់គ្រាន់ រាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន
- ស្វែងយល់ពីការវះកាត់កែសម្ផស្សពេលមានការរលាក ឬរបួសផ្សេងទៀត
- មកដឹងពីប្រភេទ និងហានិភ័យនៃការកែសម្ផស្សដោយមិនវះកាត់
- ចង់កែសម្ផស្សដោយប្រើថ្នាំ Botox ត្រូវដឹងពីថ្នាំនេះឲ្យច្បាស់សិន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]