ស្ត្រីមានផ្ទៃពោះ ៣ ខែដំបូងពិតជាត្រូវការថ្នាំជាតិដែក ដើម្បីផលិតអេម៉ូគ្លូប៊ីនទ្វេដង ដែលវាមានតួនាទីសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហម។ អេម៉ូក្លូប៊ីន មានតួនាទីផលិតគ្រាប់ឈាមបន្ថែមដល់កូនក្នុងផ្ទៃ ដូច្នេះហើយជាតិដែកគឺជាអ្វីដែលស្រីៗមានផ្ទៃពោះត្រូវការដើម្បីបង្កើនគ្រាប់ឈាមក្រហម កាត់បន្ថយភាពស្លេកស្លាំង និងហានិភ័យផ្សេងៗ ពេលសម្រាលកូន។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ជាតិដែកមិនត្រឹមតែជួយមិនឲ្យស្លេកស្លាំងតែមួយមុខទេ វាក៏ជួយបង្កើនកម្រិតថាមពល ធ្វើឲ្យមុខងារសាច់ដុំប្រសើរឡើង មាន និងបង្កើនសុខភាពខួរក្បាលផងដែរ។ បើទោះជាយើងមិនមានផ្ទៃពោះក៏ដោយ ក៏ប៉ុន្តែយើងម្នាក់ៗសុទ្ធតែត្រូវការជាតិដែកដូចគ្នា គ្រាន់តែមិនច្រើនពេកដូចស្ត្រីពពោះ ហើយខាងក្រោមគឺជាបរិមាណជាតិដែកទៅតាមវ័យ និងភេទ។
– បុរសដែលមានសុខភាពល្អជាមធ្យមចាប់ពី ១៩ ឆ្នាំឡើងទៅត្រូវការជាតិដែក ៨ មីល្លីក្រាម/ថ្ងៃ។
– ស្ត្រីអាយុពី ១៩-៥០ ឆ្នាំ ត្រូវការជាតិដែក ១៨ មិល្លីក្រាម/ថ្ងៃ។
– សេចក្ដីត្រូវការរបស់ស្ត្រីបានធ្លាក់ចុះមកត្រឹម ៨ មីក្រាម/ថ្ងៃ បន្ទាប់ពីអាយុ ៥១ ឆ្នាំទៅ។
– ស្ត្រីមានផ្ទៃពោះត្រូវការជាតិដែកច្រើនជាងប្រហែល ២៧ មិល្លីក្រាម/ថ្ងៃ។
– ស្ត្រីពេលមករដូវ ត្រូវការជាតិដែក ១៩ មិល្លីក្រាម/ថ្ងៃ ដើម្បីបំពេញគ្រាប់ឈាមឡើងវិញ។
វេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតថា ចំពោះស្រ្តីមានផ្ទៃពោះ ៣ ខែដំបូងអាចទទួលបានជាតិដែកគ្រប់គ្រាន់តាមរយៈថ្នាំគ្រាប់ជាតិដែក ដែលត្រូវលេប ១ គ្រាប់/ថ្ងៃ ចំនួន៩០គ្រាប់ ក្រៅពីនោះអាចទទួលបានពីសាច់ បន្លែ និងផ្លែឈើមួយចំនួនដូចជា បន្លែពណ៌បៃតងចាស់ ដំឡូង ផ្សិត ដំណាប់ផ្លែឈើក្រៀម សាច់សត្វ សាច់ត្រី ស៊ុត គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ តៅហ៊ូ និងសូកូឡាពណ៌ខ្មៅ ជាដើម។
[embed-health-tool-vaccination-tool]