តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ចំណុចគួរប្រយ័ត្ន លើអ្នកជំងឺ​ស្លេក​ស្លាំង​ដោយសារ​បែក​គ្រាប់​ឈាម​ក្រហម

    ចំណុចគួរប្រយ័ត្ន លើអ្នកជំងឺ​ស្លេក​ស្លាំង​ដោយសារ​បែក​គ្រាប់​ឈាម​ក្រហម

    ជំងឺ​ស្លេក​ស្លាំង​ដោយសារ​បែក​គ្រាប់​ឈាម​ក្រហម ជា​​ជំងឺ​ឈាម​មួយ​ប្រភេទ កើត​ឡើង​ដោយ​សារ​តែ​គ្រាប់​ឈាម​ក្រហម​ត្រូវ​ខូច​ខាត​លឿន​​ជាង​អាយុ​របស់​វា​។ គ្រាប់​ឈាម​ក្រហម​មាន​តួនាទី​នាំ​យក​អុកស៊ីសែន​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ ហើយ​នៅ​ពេល​ដែល​គ្រាប់​ឈាម​ក្រហម​មាន​តិច​ជា​ង​ចំ​នួន​ធម្មតា នោះ​យើង​នឹង​មាន​ជំងឺ​ស្លេក​ស្លាំង​​។​

    ពេល​យើង​មាន​ជំងឺ​ស្លេក​ស្លាំង ​ឈាម​មិន​អាច​នាំ​យក​អុកស៊ីសែន​គ្រប់​គ្រាន់​​ទៅ​កាន់​ជាលិកា និង​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ​បាន​ទ​។ គ្មាន​អុកស៊ីសែន រាង​កាយ​មិន​អាច​ដំណើរ​ការ​បាន​ល្អ ដូច​ប្រក្រតី​នោះ​ដែរ​​។ មូល​ហេតុ​អ្វី​នាំ​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយសារ​បែក​គ្រាប់​ឈាម​ក្រហម?

    ១. មូល​ហេតុ​បង្ក​

    មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាម​ក្រហម មាន​ពីរ​សំខាន់​៖

    ដំណ​ពូជ

    ជំងឺ​នេះ​អាច​​ជា​ជំងឺ​ដំណ​ពូជ ដោយ​ម្ដាយ​​ឬ​ឪ​ពុក​បាន​បន្ត​ហ្សែន​​​មាន​ជំងឺ​នេះ​មក​កាន់​កូន​ៗ។ មូល​ហេតុ​ទូទៅ​ចំនួន​ពីរ​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​នេះ គឺ​ការ​ស្លេក​ស្លាំង​កើត​ពី​កោសិកាឈាម​ក្រហម​រាង​ដូច​កណ្ដៀវ (sickle cell anemia) និង​ជំងឺ thalassemia ។ ​បញ្ហា​សុខ​ភាព​ទាំង​ពីរ​យ៉ាង​នេះ ធ្វើ​ឲ្យ​ការ​ផលិត​កោសិកា​ឈាម​ក្រហម​មាន​អាយុ​ខ្លី​ជាង​ធម្មតា​។

    បង្ក​ដោយ​ជំងឺ​ផ្សេងៗ​

    ការ​ស្លេក​ស្លាំង​បែប​នេះ​​មិន​មាន​ជា​ជំងឺ​ដំណ​ពូជ​ទេ បាន​ន័យ​ថា​តាំង​ពី​កើត​មក​​រាង​កាយ​យើង​ផលិត​កោសិកា​ឈាម​ក្រហម​ធម្មតា ប៉ុន្តែ​នៅ​ពេល​មួយ​កោសិកា​នេះ​ក៏​រង​ការ​ខូច​ខាត​។ ការណ៍​នេះ​អាច​កើត​ឡើង​ដោយ​៖

    • ការ​ឆ្លង​រោគ​ណាមួយ អាច​ជា​វីរុស ឬ​បាក់តេរី
    • ការ​ប្រើ​ប្រាស់​ថ្នាំ​ជាក់​លាក់​មួយ​ចំនួន​
    • ជំងឺ​មហារីក​ឈាម
    • ​ជំងឺ​ប្រព័ន្ធភាព​ស៊ាំ​ខុស​ប្រក្រតី ដូច​ជា​ជំងឺ​ឡុយពុស​(lupus) ឬ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ជា​ដើម​។
    • មាន​ដុំ​សាច់​
    • អណ្ដើក​រីកធំ
    • ​​ដំណើរការប្រឹសបេះដូង ដែល​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ក្រហម​បែក​​ពេល​ចេញ​ពី​បេះ​ដូង​
    • ប្រតិកម្ម​ធ្ងន់​ធ្ងរ​ពេល​បញ្ចូល​ឈាម

    ជំងឺ​ស្លេក​ស្លាំង​ដោយសារ​បែក​គ្រាប់​ឈាម​ក្រហម​ដែល​បង្ក​ឡើង​ដោយ​បញ្ហា​សុខ​ភាព ពេល​ខ្លះ​កើត​ឡើង​ក្នុង​រយៈពេល​ខ្លី តែ​ពេល​ខ្លះ​អាច​ជា​បញ្ហា​រ៉ាំរ៉ៃ ដែល​បាត់​ហើយ កើត​វិញ ជា​បន្ត​បន្ទាប់​។

    គ្រាប់ឈាមក្រហម

    ២. អ្នកមាន​ជំងឺ​ប្រភេទ​នេះ​គួរ​ប្រុង​ប្រយ័ត្ន​បែប​ណា?

    ​បើ​យើង​ជា​មនុស្ស​មាន​ជំងឺ​បែប​​នេះ​ជា​ការ​ល្អ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​វិធី​កាត់​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​បែក​គ្រាប់​ឈាម​ក្រហម​ និង​ការ​ឆ្លង​រោគ​ផ្សេង​ៗ​។ ឧទាហរណ៍​ដូច​ជា​រដូវ​ត្រជាក់ អាច​ធ្វើ​ឲ្យ​យើង​ងាយ​ផ្ដាសាយ នាំ​ឲ្យ​បញ្ហា​បែក​គ្រាប់​ឈាម​ក្រហម​កើត​ឡើង​បាន​ដែរ​។ ដូច​នេះ យើង​ត្រូវ​ការពារ​ខ្លួន​កុំ​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​។

    តិចនិក​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ងាយ​ឆ្លង​រោគ​៖

    • នៅ​ឲ្យ​ឆ្ងាយ​​​ពី​អ្នក​មាន​ជំងឺ​
    • ចៀស​វាង​កន្លែង​ណា​មាន​មនុស្ស​ច្រើន​
    • លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់
    • កុំ​ញ៉ាំ​អាហារ​ឆៅ
    • ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់
    • ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ​។

    ៣. រោគ​សញ្ញា​

    មនុស្ស​ម្នាក់​ៗ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ៗ​គ្នា​។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ដែល​អាច​កើត​មាន​​ចំពោះ​អ្នក​មាន​ជំងឺ​ស្លេកស្លាំង​ដោយ​បែក​គ្រាប់​ឈាម​ក្រហម៖

    • ស្បែក​មាន​សភាព​ស្លេក​
    • កើត​លឿង​​លើ​ស្បែក ភ្នែក មាត់​
    • ទឹកនោម​ពណ៌​ក្រមៅ
    • ក្ដៅ​ខ្លួន
    • វិលមុខ
    • វង្វេង​វង្វាន់​
    • មិន​អាច​ធ្វើ​ចលនា​បាន​ស្រួល
    • រីក​អណ្ដើក និង​ថ្លើម​
    • ​បេះ​ដូង​លោត​ញាប់
    • បេះដូង​លោត​មាន​ឮ​សំឡេង

    រោគ​សញ្ញា​ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ​អាច​ដូច​ទៅ​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​ឈាម​ផ្សេង​ទៀត ឬ​បញ្ហា​​សុខភាព​ផ្សេង​ដែរ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បើ​មាន​រោគ​សញ្ញា​សង្ស័យ​ណា​មួយ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 08/09/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត