មានមនុស្សមួយចំនួនជួបប្រទះនឹងអាការៈហូរឈាមច្រមុះញយដងពេក រហូតគិតថាវាជារឿងសាមញ្ញគ្មានអីគួរឲ្យបារម្ភទេ ប៉ុន្តែការហូរឈាមច្រមុះក៏អាចបញ្ជាក់ពីករណីធ្ងន់ធ្ងរបានដែរ ដែលទាមទារឲ្យយើងតាមដានឲ្យបានដិតដល់បន្តិចកុំធ្វើហ្អី។
សម្រាប់បញ្ហានេះ វេជ្ជបណ្ឌិត ចាន់ រស្មី បានឲ្យដឹងថា ឈាមច្រមុះ គឺជាការហូរឈាមចេញពីរន្ធច្រមុះទាំងពីរមកក្រៅ ឬធ្លាក់ទៅក្នុងបំពង់ក។ យើងអាចជួបប្រទះអាការៈបែបនេះញឹកញាប់ដែល ៩០% ជាលក្ខណៈស្រាល តែ ១០% ទៀត វាអាចជាសភាពធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ជីវិតអ្នកជំងឺបាន ហើយយើងអាចដឹងបានដោយ៖
– បរិមាណឈាមហូរចេញមកច្រើន
– ឈាមច្រមុះញឹកញាប់ ឬជាប់ជាប្រចាំ
– ចេញទាំងសង្ខាង (ដោយហូរចេញខាងមុខផង និងធ្លាក់ទៅក្នុងបំពង់កផង)
– ធ្វើឲ្យអ្នកជំងឺឡេះឡះ អស់កម្លាំង ត្រជាក់ចុងដៃ ចុងជើង និងសម្ពាធឈាមចុះ ជីពចរដើរញាប់ ដែលត្រូវការសង្គ្រោះបន្ទាន់។
មូលហេតុទូទៅនៃអាការៈឈាមច្រមុះគឺបណ្ដាលមកពី ការបាត់បង់កត្តាឈាមកក និងជំងឺមួយចំនួនដូចជា ជំងឺខ្សោយមុខងារថ្លើម ជំងឺលើសឈាម ឬការប្រើប្រាស់ថ្នាំប្រឆាំងឈាមកកជាប់ជាប្រចាំ។ល។
លោកបន្តថា ការហូរឈាមច្រមុះ កើតឡើងភាគច្រើននៅលើវ័យជំទង់អាយុចន្លោះពី៥-២០ឆ្នាំ ជាពិសេសបន្ទាប់ពីការកេះក្នុងច្រមុះ ត្រូវកម្តៅថ្ងៃខ្លាំង ឬការប្រែប្រួលនៃអ័រម៉ូន នៅពេលពេញវ័យជាដើម។ ទោះយ៉ាងណា ឈាមច្រមុះអាចជាសញ្ញាមួយរបស់ជំងឺដែលវិវត្តដោយមិនបានដឹងពីមុន ឬក៏ជាផលវិបាករបស់ជំងឺដែលមិនដឹង ឬវាអាចជាការហូរឈាមដោយឯង គ្មានមូលហេតុច្បាស់លាស់ក៏មាន។
[embed-health-tool-heart-rate]