ជំងឺដែលមនុស្សភាគច្រើនឧស្សាហ៍ជួបប្រទះ ហើយគិតថាជាជំងឺធម្មតានោះ គឺការរលាកច្រមុះ និងរលាកប្រអប់ឆ្អឹងអមរន្ធច្រមុះ។ ផ្ទុយទៅវិញ ការរលាកច្រមុះញឹកញាប់អាចវិវត្តទៅជាជំងឺរ៉ាំរ៉ៃ ឬលាប់សារចុះសារឡើង។
មន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ជំងឺរលាកច្រមុះរ៉ាំរ៉ៃអាចមានរោគសញ្ញាច្រើនដូចជា តឹងច្រមុះ ហៀរសម្បោរ កណ្តាស់ រមាស់ច្រមុះ តឹងច្រមុះទាំងសង្ខាង ឬឆ្លាស់គ្នា។ ជំងឺរលាកច្រមុះរ៉ាំរ៉ៃ អាចមានសញ្ញាផ្សេងទៀតរួមមាន ហុឹងត្រចៀក គេងស្រម៉ុក ស្ងួតមាត់ ក្អកស្ងួត ឈឺបំពង់ក រលាកបំពង់ខ្យល់ និងរលាកទងសួតញឹកញាប់។ ក្រៅពីនេះ អ្នកជំងឺអាចមានអាការៈឈឺក្បាល ឬពិបាកដកដង្ហើម រមាស់ច្រមុះ ភ្នែក រន្ធត្រចៀក ជាពិសេសក្នុងករណី អាលែកហ្ស៊ីច្រមុះទៅតាមរដូវកាល។ អ្នកជំងឺអាចបាត់ក្លិន ឬអាចបាត់បង់ការដឹងរសជាតិអាហារផងដែរ។ លើសពីនេះទៀត អ្នកជំងឺអាចមានបញ្ហាដល់ទងសួត ដោយមិនបានចាប់អារម្មណ៍ ហត់ពេលប្រឹងដកដង្ហើម តឹងទ្រូងជាដើម។ អ្នកជំងឺរលាកច្រមុះរ៉ាំរ៉ៃ អាចឡើងស្លេស្ម ដោយសារប្រតិកម្មទងសួត ដែលអាចវិវត្តទៅជាជំងឺហឺតបាន។
មន្ទីរពេទ្យកាល់ម៉ែតក៏បានពន្យល់ពីវិធីសាស្ត្រក្នុងការព្យាបាល ជំងឺរលាកច្រមុះផងដែរ ដែលវិធីសាស្រ្តទាំងនោះមានដូចខាងក្រោម៖
– ក្នុងករណីរលាកច្រមុះរ៉ាំរ៉ៃដោយអាលែកហ្ស៊ី ការប្រើថ្នាំបាញ់ច្រមុះ អាចមានប្រសិទ្ធភាពខ្ពស់ និងគ្មានផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺ។
– គេប្រើថ្នាំ Antihistamine បន្ថែម ក្នុងករណីដែលប្រើថ្នាំបាញ់ច្រមុះមិនធូរស្រាល
-រលាកច្រមុះនៅពេលមានផ្ទៃពោះ អាចលាងសម្អាតខាងក្នុងច្រមុះដើម្បីបានធូរស្រាល
-ប្រសិនរលាកច្រមុះដោយការប្រើថ្នាំ ត្រូវឈប់ប្រើថ្នាំជាចាំបាច់។
លើសពីនេះ ក្នុងករណីដែលរលាកច្រមុះរ៉ាំរ៉ៃបណ្តាលមកពីភាពមិនធម្មតានៅក្នុងច្រមុះ ពេទ្យអាច៖
-ដុត ឬកាត់សាច់ច្រមុះ ក្នុងករណីហើមសាច់ច្រមុះដែលបណ្តាលឲ្យតឹងច្រមុះជាប្រចាំ
– វះកាត់តម្រង់ឆ្អឹងជញ្ជាំងច្រមុះ ករណីវៀចឆ្អឹងខណ្ឌរន្ធច្រមុះខ្លាំង ដើម្បីសម្រួលមុខងារច្រមុះឲ្យមានសភាពធម្មតាវិញ។
អត្ថបទពាក់ព័ន្ធ៖
- រឿងតូចអាចក្លាយជាធំ! បើត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើន
- តឹងច្រមុះ ហៀរសំបោរ ហើយប្រឹងញើសបញ្ចេញខ្លាំងៗ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
[embed-health-tool-heart-rate]