លោកវេជ្ជបណ្ឌិតឯកទេសជំងឺក្រពះ ពោះវៀន និងថ្លើម រូបនេះបន្តថា ជំងឺរលាកថ្លើមចេញរោគសញ្ញាឲ្យដឹងមានប្រមាណជា ៥%ប៉ុណ្ណោះ ឯ៩៥%ទៀត មិនចេញរោគសញ្ញានោះទេ ខណៈរោគសញ្ញាដែលចេញនោះទៀតសោតស្រដៀងនឹងជំងឺផ្តាសាយ។
“មានចេញជារោគសញ្ញាឲ្យលឿងភ្នែកឲ្យអីហ្នឹង ថា ៥%ចុះ ៩៥% គឺអត់មានរោគសញ្ញា ជួនកាលរោគសញ្ញាវាបន្លំជាមួយជំងឺផ្តាសាយ ឲ្យឈឺឆ្អឹងឆ្អែង ហៀរសម្បោរ ភាគច្រើនទាំងខ្ញុំទាំងគេអី ភាគច្រើន អ្នកណាហៀរសម្បោរថាឈឺថ្លើម តែជួនកាលវាជារលាកថ្លើម”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
ជំងឺរលាកថ្លើម មានតែការទៅពិនិត្យសុខភាព និងធ្វើតេស្តឈាម ទើបអាចដឹងថា មានឬក៏អត់។ លោកវេជ្ជបណ្ឌិតថា ការដែលគ្រូពេទ្យព្យាបាលជំងឺរលាកថ្លើមបាន គឺនៅមុនពេលវាមានគ្រោះថ្នាក់ ទៅជាក្រិនថ្លើម និងមហារីកថ្លើម ទើបមានលទ្ធភាពព្យាបាលឲ្យថ្លើមជា ឬក៏អាចពន្យារ និងកាត់បន្ថយការក្រិនថ្លើម មហារីកថ្លើម។