និយមន័យ
១- អ្វីជាជំងឺមហារីកឈាម?
ជំងឺមហារីកឈាម សំដៅលើប្រភេទមហារីកប៉ះពាល់ដល់ការផលិត និងមុខងារកោសិកាឈាម។ ភាគច្រើនជំងឺមហារីកប្រភេទនេះ កើតនៅក្នុងខួរឆ្អឹងជាកន្លែងផលិតគ្រាប់ឈាម។ កោសិកាមហារីកបានទៅរារាំងកោសិកាឈាមធម្មតាបំពេញមុខងារ។
មហារីកឈាមមាន ៣ ប្រភេទ៖
– មហារីកឈាមស (Leukemia)៖ ជាប្រភេទមហារីក មិនអាចទប់ទល់នឹងការចម្លងរោគបាន។ ពេលមានជំងឺមហារីកឈាមស មានន័យថាខួរឆ្អឹងមិនអាចបង្កើតកោសិកាឈាមក្រហម និងប្លាកែតបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការរាងកាយនោះឡើយ។ ជំងឺនេះអាចមានសភាពធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ មានគ្រោះថ្នាក់ច្រើន ពិបាកព្យាបាល មហារីកឈាមឧស្សាហ៍ជួបប្រទះជាងគេ។
– ជំងឺមហារីកកូនកណ្តុរ (Lymphoma)៖ មហារីកប្រភេទនេះ រីកលូតលាស់នៅក្នុង Lymphocytes ដែលជាប្រភេទកោសិកាឈាមស ប្រឆាំងការឆ្លងរោគ។ Lymphocytes មិនធម្មតា អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ កាត់បន្ថយភាពរឹងមាំរបស់រាងកាយ ងាយគ្រោះថ្នាក់ដោយជំងឺផ្សេងៗ។
– ជំងឺ Myeloma៖ ជាមហារីកកោសិកាប្លាស្មា ដែលទៅរារាំងដំណើរការផលិតអង់ទីករធម្មតា ជាហេតុនាំឲ្យប្រព័ន្ធភាពស៊ាំទន់ខ្សោយ ងាយឆ្លងមេរោគផ្សេងៗ។
២- មហារីកឈាមកើតញឺកញាប់ដែរទេ?
មហារីកឈាមអាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែមានវិធីអាចគ្រប់គ្រង និងកាត់បន្ថយកត្តាហានិភ័យបាន។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតបើមានចម្ងល់ពាក់ព័ន្ធមហារីកប្រភេទនេះ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ខាងក្រោមនេះជារោគសញ្ញាទូទៅរបស់មហារីកឈាមមានដូចជា៖
– ក្តៅខ្លួន ញាក់
– អស់កម្លាំង
– លែងឃ្លានអាហារ ចង្អោរ
– ស្រក់ទម្ងន់លឿន ហើយធ្ងន់ធ្ងរ
– បែកញើសគ្មានមូលហេតុ
– ឈឺចាប់នៅក្នុងសន្លាក់ និងឆ្អឹង
– មិនស្រួលពោះ
– ឈឺក្បាល
– ពិបាកដកដង្ហើម
– ឆ្លងមេរោគញឹកញាប់
– ស្បែករមាស់ ឬកន្ទួល
– ហើមកូនកណ្តុរនៅក ក្លៀក ក្រលៀន
អាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកមានចម្ងល់ ឬសង្ស័យពាក់ព័ន្ធរោគសញ្ញាខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើប្រទះរោគសញ្ញាដូចបានរៀបរាប់ខាងលើ ជាពិសេសបើក្រុមគ្រួសារបងប្អូនមានជំងឺមហារីកឈាម សូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត។ រាងកាយរបស់មនុស្សគ្រប់រូបមានភាពខុសគ្នា ល្អបំផុតពិភាក្សាជាមួយគ្រូពេទ្យពីអី្វយើងជួបប្រទះ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
មហារីកឈាម កើតមានពេលកោសិកាឈាមលូតលាស់មិនអាចគ្រប់គ្រងបាន។ កោសិកាធម្មតានៅក្នុងខ្លួនលូតលាស់តាមដំណាក់កាល និងងាប់ទៅវិញ ប៉ុន្តែកោសិកាមហារីកមិនបែបនេះទេ ក៏ងាប់ទៅវិញដោយខ្លួនឯងដែរ។ ជាងនេះទៅទៀត កោសិកាមិនធម្មតាអាចរាលដាលគ្រប់ទីកន្លែងដែលឈាមទៅដល់ និងទប់ស្កាត់ការបំពេញមុខងាររបស់កោសិកាធម្មតាដទៃទៀត។
មហារីកឈាម អាចជាជំងឺតំណពូជ ក៏អាចបណ្តាលមកពីកត្តាខាងក្រៅ ដូចជា ប៉ះពាល់នឹងកាំរស្មី សារធាតុគីមីបង្កគ្រោះថ្នាក់ និងបង្កដោយសារបញ្ហាកោសិកា T-Cell ក្នុងឈាមស (Human T-cell Leukaemia)។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាគ្រោះថ្នាក់អាស្រ័យលើប្រភេទផ្សេងៗនៃមហារីកឈាម។ យល់ដឹងពីកត្តាហានិភ័យ អាចជួយយើងរកដំណោះស្រាយដើម្បីរារាំងការវិវដ្តរបស់ជំងឺ។
កត្តាប្រឈមជំងឺមហារីកឈាមមាន៖
– ប៉ះពាល់នឹងវិទ្យុសកម្មយូរអង្វែង
– ប៉ះពាល់សារធាតុគីមី ម្តងហើយម្តងទៀត
– ធ្លាប់ព្យាបាលគីមី
– ជំងឺ Down Syndrome
– ប្រវត្តិគ្រួសារ
កត្តាប្រឈមមហារីកកូនកណ្តុរមាន៖
– អាយុចាស់
– ភេទប្រុស
– ជំងឺប្រឆាំងប្រព័ន្ធភាពស៊ាំខ្លួនឯង
– ជំងឺអេដស៍
– របបអាហារមានជាតិខ្លាញ់ខ្ពស់
– ប៉ះពាល់ថ្នាំសម្លាប់សត្វល្អិត
កត្តាប្រឈមជំងឺ Myeloma៖
– អាយុលើស ៥0 ឆ្នាំ
– ភេទប្រុស
– ធាត់
– ប៉ះពាល់វិទ្យុសកម្ម
– ធ្វើការនៅកន្លែងមានសារធាតុប្រេងឥន្ធនៈច្រើន
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បើយើងសង្ស័យមានជំងឺមហារីកឈាម គ្រូពេទ្យអាចណែនាំការធ្វើតេស្តឈាមរកមហារីក ឬធ្វើតេស្តផ្សេងទៀតនៅមន្ទីរពិសោធន៍។ តេស្តទាំងនេះ ធម្មតាត្រូវគេប្រើដើម្បីរកមើលមហារីកនៅផ្នែកផ្សេងៗក្នុងរាងកាយ ប៉ុន្តែមិនអាចដឹងថា យើងមានមហារីកនៅឈាម ឬយ៉ាងណាទេ គ្រាន់អាចបង្ហាញតម្រុយខ្លះៗប៉ុណ្ណោះ។ ក្នុងករណីតេស្ត បង្ហាញភាពមិនប្រក្រតី ចំនួនកើនឡើងខ្លាំងនៃកោសិកាឈាមស អាចសន្មត់ពីលទ្ធភាពកើតជំងឺមហារីកឈាមបាន។
ការធ្វើតេស្តឈាមមហារីកឈាមជាទូទៅមាន៖
– តេស្តរាប់គ្រាប់ឈាម (CBC)
– តេស្តប្រូតេអ៊ីនក្នុងឈាម
– តេស្តរកមើលដុំសាច់
– Circulating tumor cell tests
៨- ព្យាបាលដោយវិធីណា?
ព្យាបាលមហារីកឈាម អាស្រ័យទៅតាមប្រភេទនៃមហារីក អាយុ ល្បឿនកកើតកោសិកាមហារីក ទីតាំងរីករាលដាល និងកត្តាផ្សេងទៀត។
វិធីព្យាបាលមហារីកឈាមមានដូចជា៖
– ប្តូរកោសិកាដើម (Stem cell transplantation) ដោយបញ្ជូលកោសិកាមានសុខភាពល្អក្នុងខ្លួនជំនួសវិញ។ កោសិកាដើមអាចយកពីខួរឆ្អឹង ចរន្តឈាម និងឈាមទងផ្ចិត។
– ព្យាបាលដោយគីមី (Chemotherapy) គឺប្រើថ្នាំប្រឆាំងមហារីក ដើម្បីបញ្ឈប់ការលូតលាស់កោសិកាមហារីកនៅក្នុងខ្លួន។ ព្យាបាលដោយគីមី និងប្រើថ្នាំ អាចធ្វើរួមគ្នាក្នុងពេលតែមួយ ក៏អាចធ្វើមុនពេលធ្វើការប្តូរកោសិកាឈាមថ្មីដែរ។
– ព្យាបាលដោយកាំរស្មី (Radiation therapy) ដើម្បីសម្លាប់កោសិកាមហារីក ឬបន្ថយការឈឺចាប់ ឬនិងផលវិបាកផ្សេងៗ ហើយក៏អាចធ្វើមុនពេលប្តូរកោសិកាឈាមដូចគ្នា។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ហាត់ប្រាណទៀងទាត់
– អនុវត្តតាមរបៀបរស់មានវិន័យ និងសុខភាពល្អ
– នៅឲ្យឆ្ងាយពីថ្នាំបាញ់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត
– ចៀសវាងប៉ះពាល់ជាតិវិទ្យុសកម្ម
– ញ៉ាំអាហារសុខភាព និងផឹកទឹកឲ្យបានច្រើន
– ចៀសវាងប្រើថ្នាំដោយខ្លួនឯង និងជំនួយវេជ្ជសាស្ត្រទាក់ទងបញ្ហាសុខភាព
បើសង្ស័យយើងមានមហារីកឈាម សូមពិភាក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធរោគសញ្ញាទាំងឡាយដែលកំពុងជួបប្រទះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]