១. អ្វីជាបញ្ហាអាលែកហ្ស៊ីម្ហូបអាហារ?
បញ្ហាអាលែកហ្ស៊ីនេះ កើតឡើងដោយសារប្រព័ន្ធភាពស៊ាំរបស់យើងច្រឡំប្រូតេអ៊ីនក្នុងអាហារមួយចំនួនថាជាសារធាតុបង្កគ្រោះថ្នាក់។ ពេលនោះ រាងកាយរបស់យើងនឹងចេញវិធានការការពារមួយចំនួន ដោយរួមទាំងបញ្ចេញសារធាតុគីមីដូចជាហ៊ីស្តាមីន ដែលនាំឲ្យមានការរលាកកើតឡើង។
សម្រាប់គ្នាយើងដែលមានបញ្ហាអាលែកហ្ស៊ីទៅនឹងចំណីអាហារ សូម្បីប៉ះពាល់ជាមួយនឹងចំនួនអាហារតិចតួចក៏អាចធ្វើឲ្យមានប្រតិកម្មអាលែកហ៊្សីបានដែរ។
រោគសញ្ញាអាលែកហ្ស៊ីចំណីអាហារអាចកើតមានពីរបីនាទីក្រោយញ៉ាំអាហារ ឬអាចរហូតដល់ពីរបីម៉ោងក្រោយញ៉ាំអាហារក៏មាន។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួនដែលអាចកើតមាន៖
- ហើមអណ្ដាត មាត់ ឬមុខ
- ពិបាកដកដង្ហើម
- សម្ពាធឈាមធ្លាក់ចុះ
- ក្អួត
- រាក
- ឡើងកន្ទ្រាលត្រអាក និង
- កន្ទួលរមាស់ ជាដើម។