កើតអាលែកហ្ស៊ីមិនព្យាបាល អាចបង្កជាបញ្ហា ៣យ៉ាងនេះ

    កើតអាលែកហ្ស៊ីមិនព្យាបាល អាចបង្កជាបញ្ហា ៣យ៉ាងនេះ

    គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​ដែល​ឆ្ងល់អត់​ថា​បើ​យើង​បណ្ដែត​បណ្ដោយ​មិន​ព្យាបាល​ឲ្យបាន​ត្រឹម​ត្រូវ​ តើ​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ទៅជា​យ៉ាងណា? ដូច​គ្នា​យើង​ដឹង​ហើយ​ថា ពេល​និយាយ​ដល់​រឿង​អាលែក​ហ្ស៊ី យើង​នឹង​នឹក​ឃើញ​អាការៈ​ហៀរសម្បោរ ពិបាក​ដក​ដង្ហើម​កម្រិត​ស្រាល ក្អក រមាស់​ភ្នែក និង ឈឺក្បាលជា​ដើម​។ គ្រាន់​​តែ​អ្វី​ដែល​បាន​រៀប​រាប់​​នេះ​រំខាន​យើង​ទៅ​ហើយ ចុះ​នៅ​មាន​អ្វី​ទៀត?

    . ឆ្លង​រោគ​នៅ​ច្រមុះ

    អាលែក​ហ៊្សី​អាច​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​​ច្រមុះ​របស់​យើង នាំឲ្យ​ហៀរ​សម្បោរ តឹង​ច្រមុះ និង​កណ្ដាស់​ជា​ដើម​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​កើត​អាលែក​ហ្ស៊ី​មិន​សូវ​ចាប់​អារម្មណ៍​ គឺ​អាច​កើត​មាន​ការ​រលាក​​នៅ​ក្នុង​ប្រហោងច្រមុះ​ដែរ​។

    ពេល​ច្រមុះ​មានការ​រលាក នឹង​មិន​អាច​សម្ងួត​សារធាតុ​រាវ​បាន​ដូច​ធម្មតា​នោះ​ទេ ដូច​នេះ​នឹង​ធ្វើ​ឲ្យ​ក្នុង​ច្រមុះ​ក្លាយ​ជា​កន្លែង​បណ្ដុំ​បាក់តេរី។ ពេល​បាក់​តេរី​មាន និង​លូត​លាស់​​កាន់តែ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​យើង​រលាក​ក្នុង​ច្រមុះ ដែល​នេះ​កើត​ពី​ការ​មិន​បាន​ព្យាបាល​បញ្ហា​អាលែក​ហ៊្ស៊ី​ឲ្យ​បាន​ត្រឹម​ត្រូវ។​​

    បញ្ហាអាលែកហ្ស៊ី

    . រំខាន​ដំណេក

    អ្នក​ខ្លះ​ពេល​អាលែកហ៊្សី​ធ្វើ​ទុក្ខ​ នឹង​មាន​អារម្មណ៍​ពិបាក​ដក​ដង្ហើម ហើយ​ពេល​ខ្លះ​មកពី​ក្នុង​បន្ទប់​មាន​ធូលី​ច្រើន​ផង​ នឹង​ធ្វើ​ឲ្យ​ធូលី​ចូល​ក្នុង​រន្ធច្រមុះ​យើង ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​កាន់តែ​ខ្លាំង ជា​ហេតុ​នាំឲ្យ​រំខាន​ដំណេក​បាន​។

    មួយ​វិញ​ទៀត​បញ្ហា​អាលែកហ្ស៊ី ក៏​នាំ​ឲ្យ​បាន​ការ​រាំង​ស្ទះ​ដល់​​ផ្លូវ​ដង្ហើម​ដែរ ដែល​បង្ក​ឡើង​ដោយ​ការ​ហើម​ក្រពេញadenoids និង ​tonsil ។ ការ​ស្ទះ​នឹង​នឹង​ធ្វើ​ឲ្យ​យើង​តឹង​ច្រមុះ ពិបាក​ដក​ដង្ហើម​ និង​ពិបាក​គេង​។

    . កើតជំងឺ​​ហឺត

    ការ​មិនបាន​ថែទាំ និង​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​បាន​ត្រឹម​ត្រូវ​នាំ​ឲ្យ​មានការ​រលាក​ និង​ឆ្លង​រោគ។ បញ្ហា​ធំ​បំផុត​នៃ​ការ​មិន​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​ គឺ​ស្លេស្ម និង​ល្អង​ធូលី​ផ្ដុំ​គ្នា​នាំឲ្យ​ស្ទះ​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។ ប្រ​សិន​បើ​បញ្ហា​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ នោះ​នឹង​នាំ​ឲ្យ​មាន​បញ្ហា​រលាក​ខ្លាំង​នៅ​ត្រង់​ត្រចៀក និង​ច្រមុះ ហើយ​យូរ​ៗ​ទៅ​នឹង​នាំឲ្យ​កើត​ជា​ជំងឺ​ហឺត​។

    ដូចនេះ​ហើយ​បើ​គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​កុំ​បណ្ដែត​បណ្ដោយ​ ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ត្រឹម​ត្រូវ ជាមួយ​គ្រូពេទ្យ​ជំនាញ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthshots.com/preventive-care/self-care/did-you-know-ignoring-your-allergies-can-lead-to-other-serious-ailments/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 18/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត