១- គុណសម្បត្តិ
– ធ្វើការងារបានច្រើន៖ យោងតាមការចែករំលែកបទពិសោធជាច្រើន គ្នាយើងដែលក្រោកពីព្រឹក (ជាធម្មតាចន្លោះម៉ោង ៦៖០០) គឺមានពេលធ្វើការងារយើងចូលចិត្តច្រើន ដូចជាអាចអានសៀវភៅ ១៥នាទី និងហាត់ប្រាណប្រមាណ ១ម៉ោង ហើយក៏មានពេលងូតទឹកជម្រះខ្លួន ញ៉ាំអាហារព្រឹក មុខនឹងដល់ម៉ោងចូលធ្វើការ ឬចូលរៀន។ បើយើងមិនបង្កើតទម្លាប់ក្រោកនៅម៉ោង ៦ព្រឹក បែរជាក្រោកនៅម៉ោង ៨ ការងារខាងលើ ច្បាស់ជាយើងមិនអាចធ្វើបាននោះឡើយ គឺត្រូវប្រញាប់ប្រញាល់ទៅធ្វើការ ឬទៅរៀនមិនខាន។
– ងាយមានអារម្មណ៍ងងុយគេង និងគេងឆាប់លក់នៅពេលយប់៖ នៅពេលគ្នាយើងក្រោកពីព្រឹក យើងប្រាកដជាមានអារម្មណ៍ឆាប់ងងុយគេងនៅពេលយប់ ដែលជាធម្មតា គ្នាយើងក្រោកនៅម៉ោង ៦ព្រឹក នឹងគេងលក់ស្កប់ស្កល់ចាប់ពីម៉ោង ១០យប់។ បើសិនជាយើង ចំណាយពេលមើលទូរទស្សន៍ដល់ម៉ោង ១១ ឬ ១១៖៣០នាទីយប់ យើងនឹងមានអារម្មណ៍ងងុយគេងនៅពេលក្រោកពីព្រលឹមមិនខាន ពិសេសអំឡុងពេលចន្លោះម៉ោង ១០៖៣០-១០៖៤៥ នាទីព្រឹក។ ហេតុនេះ គ្នាយើងអាចដឹងហើយថា ការមើលទូរទស្សន៍ដល់យប់ជ្រៅ មិនត្រឹមគ្មានប្រយោជន៍ទេ ថែមទាំងប៉ះពាល់ប្រសិទ្ធភាពការងារយើងនៅពេលព្រឹកថែមទៀតផង។
– ក្រោកឡើងជាមួយថាមពលពេញរាងកាយ៖ នៅពេលគ្នាយើងមានទម្លាប់ក្រោកពីព្រឹកកាន់តែទៀងទាត់ ការព្យាយាមក្រោកពីដំណេកទាំងកំពុងងងុយ ក៏កាន់តែងាយស្រួលជាងមុន ពិសេសអំឡុងរដូវកាលធ្វើឲ្យមនុស្សមិនចង់ក្រោកពីគ្រែ ដូចជារដូវរងា ដែលនឹងចូលមកដល់ឆាប់ៗនេះ។ ទោះជាយ៉ាងណា បើរដូវក្តៅវិញ នៅពេលយើងមានទម្លាប់ក្រោកពីព្រឹកទៀងទាត់ យើងកាន់តែមានអារម្មណ៍ល្អ មានកម្លាំងកំហែងពេញខ្លួនជាងមុន។