រឿងគេងសំខាន់ណាស់សម្រាប់សុខភាពយើង ហើយ “Hello គ្រូពេទ្យ‘ ណែនាំគ្នាយើង គេងឲ្យបានគ្រប់គ្រាន់ កុំនៅយប់ជ្រៅ ហើយព្យាយាមគេងថ្ងៃជំនួសនោះ មិនល្អចំពោះសុខភាពទេ។ ដោយឡែក គ្នាយើងធ្លាប់មានបញ្ហាក្រោកពីគេងស្រាប់តែឈឺក្បាលខ្ទោកៗដែលឬអត់? ដឹងថាដោយសារមូលហេតុអីទេ? បើចង់ដឹង អត្ថបទខាងក្រោយនេះ អាចពន្យល់បានខ្លះ។
១– អ្វីជាការឈឺក្បាលក្រោយភ្ញាក់ពីគេង?
ភ្ញាក់ពីគេង មានអារម្មណ៍មិនល្អ ឈឺក្បាល គេអាចហៅម្យ៉ាងថា ឈឺក្បាលប្រកាំង ដែលស្ថានភាពនេះ នឹងធ្វើឲ្យការចាប់ផ្តើមថ្ងៃថ្មីរបស់ហើយ មានបញ្ហា។ យ៉ាងណា នេះមិនមែនជារឿងចម្លែកនោះឡើយ ខណៈ ៥០% គ្នាយើងមានបញ្ហាឈឺក្បាលប្រកាំងក្រោយក្រោកពីគេង កើតឡើងចន្លោះម៉ោង ៤ ទាបភ្លឺ ដល់ម៉ោង ៩ព្រឹក ហើយក៏គ្មានអ្វីត្រូវសង្ស័យនោះដែរ ដោយ ៨០% គ្នាយើងមានបញ្ហានេះ តែងមានអារម្មណ៍ហត់នឿយ អស់កម្លាំង។ ប៉ុន្តែរឿងនេះ មិនអាចបន្ទោសថា បញ្ហាឈឺក្បាលរំខាន ដល់ដំណេកយើងនោះទេ គួរតែបន្ទោសថា ទម្លាប់ការគេងរបស់យើង ជាមូលហេតុនាំឲ្យមានបញ្ហានេះ ទើបត្រឹមត្រូវ។
ប៉ុន្តែកុំបារម្ភពេក ព្រោះការសិក្សាជាច្រើនរកឃើញថា ទំនាក់ទំនងរវាងការគេង និងបញ្ហាឈឺក្បាល តែងកើតមានឡើងដោយសារទម្លាប់គេង ហើយអាចដោះស្រាយបានតាមរយៈការផ្លាស់ប្តូរទៅរកទម្លាប់គេងត្រឹមត្រូវមួយ។
ផ្សារភ្ជាប់រវាងទម្លាប់មិនល្អក្នុងការគេង ឬបញ្ហាអំឡុងពេលគេងមួយចំនួន ជាមូលហេតុនាំឲ្យយើងឈឺក្បាលពេលក្រោកឡើង ខណៈបញ្ហាសុខភាពអំឡុងពេលគេងទាំងនោះ មានដូចខាងក្រោម។
២– បញ្ហាគេងមិនលក់
ការគេងតិចពេក អាចធ្វើឲ្យមានបញ្ហាឈឺក្បាលប្រកាំង។ ទាំងសកម្មភាពអន្ទះអន្ទែង ត្រឡប់ខ្លួនចុះត្រឡប់ខ្លួនឡើង ឬក្រោកដើរកណ្តាលយប់ ឬអំឡុងពេលព្រឹកព្រលឹកស្រាងៗ មិនមែនជាបញ្ហាចម្បងនាំឲ្យឈឺក្បាលខ្លាំងនោះឡើយ ខណៈបញ្ហាចម្បង គឺរឿងគេងមិនលក់តែម្តង។ អ្វីកាន់តែគួរឲ្យព្រួយបារម្ភ ព្រោះអាចនាំឲ្យយើងកើនជំងឺថប់បារម្ភ ឬបាក់ទឹកចិត្ត នៅពេលគេងមិនបានគ្រប់គ្រាន់។
យ៉ាងណា សុខភាពមួយនេះ គឺអាចព្យាបាលបាន រាប់បញ្ចូលទាំងវិធីព្យាបាលពិសេស និងការប្រើថ្នាំ សុទ្ធតែជួយឲ្យយើងគេងលក់ស្រួល មិនសូវឈឺក្បាល។ ប៉ុន្តែត្រូវចាំថា ក៏មិនត្រូវគេងច្រើនម៉ោងពេកដែរ ព្រោះគេងយូរម៉ោងពេក ក៏ជាមូលហេតុនាំឲ្យឈឺក្បាលដូចគ្នា។
៣– ស្រមុក
បើប្តី ឬប្រពន្ធយើង ត្អូញខ្លាំងរឿងយើងស្រមុកពេលយប់ជ្រៅ ហើយខ្លួនយើងផ្ទាល់ ក្រោកឡើងឧស្សាហ៍មានបញ្ហាឈឺក្បាល កុំបង្អែរបង្អង់យូរ ឆាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាម។ ការស្រមុក ជាបញ្ហានាំឲ្យយើងប្រឈមឈឺក្បាលរ៉ាំរ៉ៃ ក៏អាចជារោគសញ្ញាជំងឺគេងមិនដកដង្ហើមដែរ ដែលត្រូវចាត់ទុកជាលក្ខខណ្ឌសុខភាពគ្រោះថ្នាក់មួយ សម្តៅលើការមិនដកដង្ហើមពេលយប់។
អត្ថបទពាក់ព័ន្ធ៖ ក្រែងអត់ចាប់អារម្មណ៍! បើស្រីៗ ស្រមុកអាចមានបញ្ហាទាំងនេះ
៤– សង្កៀតធ្មេញ
អាការៈខាំធ្មេញ ឬសង្កៀតធ្មេញ អំឡុងពេលគេង សុទ្ធតែអាចធ្វើឲ្យយើងភ្ញាក់ពីគេងបាន ក៏នាំឲ្យឈឺក្បាលដូចគ្នា។ ជាមួយនឹងវិធីទប់ស្កាត់ស្ត្រេស ដូចជាការហាត់ប្រាណ និងផឹកថ្នាំជាដើម សុទ្ធតែអាចជួយយើងឲ្យគេងលក់ស្រួល ក៏អាចបង្ការបញ្ហាសង្កៀតធ្មេញ ដែលជាលទ្ធផលនាំឲ្យឈឺក្បាលបានដូចគ្នា។
៥– ប្រើខ្នើយកើយមិនបានត្រឹមត្រូវ
រឿងនេះ គឺធម្មតាទេ សម្ពាធអាចបង្កឲ្យយើងឈឺក្បាលបាន ពិសេសកើតឡើងតានតឹងនៅតំបន់ក និងសាច់ដុំក ដោយសារតែយើងគេងមិនត្រឹមត្រូវ សង្កត់ទៅលើទីតាំងនោះរយៈពេលយូរ។ ជម្រើសល្អបំផុត ត្រូវជ្រើសយកខ្នើយដែលអាចរក្សាក្បាល និងក ក្នុងទីតាំងត្រឹមត្រូវមួយ ត្រូវដូចទៅនឹងស្ថានភាពយើងកំពុងឈរ។ មួយទៀត គ្នាយើងគួរចៀសវាងគេងក្នុងបន្ទប់ត្រជាក់ពេក នាំឲ្យមានសម្ពាធដល់ក្បាល អាចធ្វើឲ្យឈឺក្បាលបាន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕