១– អ្វីជាការឈឺក្បាលក្រោយភ្ញាក់ពីគេង?
ភ្ញាក់ពីគេង មានអារម្មណ៍មិនល្អ ឈឺក្បាល គេអាចហៅម្យ៉ាងថា ឈឺក្បាលប្រកាំង ដែលស្ថានភាពនេះ នឹងធ្វើឲ្យការចាប់ផ្តើមថ្ងៃថ្មីរបស់ហើយ មានបញ្ហា។ យ៉ាងណា នេះមិនមែនជារឿងចម្លែកនោះឡើយ ខណៈ ៥០% គ្នាយើងមានបញ្ហាឈឺក្បាលប្រកាំងក្រោយក្រោកពីគេង កើតឡើងចន្លោះម៉ោង ៤ ទាបភ្លឺ ដល់ម៉ោង ៩ព្រឹក ហើយក៏គ្មានអ្វីត្រូវសង្ស័យនោះដែរ ដោយ ៨០% គ្នាយើងមានបញ្ហានេះ តែងមានអារម្មណ៍ហត់នឿយ អស់កម្លាំង។ ប៉ុន្តែរឿងនេះ មិនអាចបន្ទោសថា បញ្ហាឈឺក្បាលរំខាន ដល់ដំណេកយើងនោះទេ គួរតែបន្ទោសថា ទម្លាប់ការគេងរបស់យើង ជាមូលហេតុនាំឲ្យមានបញ្ហានេះ ទើបត្រឹមត្រូវ។
ប៉ុន្តែកុំបារម្ភពេក ព្រោះការសិក្សាជាច្រើនរកឃើញថា ទំនាក់ទំនងរវាងការគេង និងបញ្ហាឈឺក្បាល តែងកើតមានឡើងដោយសារទម្លាប់គេង ហើយអាចដោះស្រាយបានតាមរយៈការផ្លាស់ប្តូរទៅរកទម្លាប់គេងត្រឹមត្រូវមួយ។
ផ្សារភ្ជាប់រវាងទម្លាប់មិនល្អក្នុងការគេង ឬបញ្ហាអំឡុងពេលគេងមួយចំនួន ជាមូលហេតុនាំឲ្យយើងឈឺក្បាលពេលក្រោកឡើង ខណៈបញ្ហាសុខភាពអំឡុងពេលគេងទាំងនោះ មានដូចខាងក្រោម។
២– បញ្ហាគេងមិនលក់
ការគេងតិចពេក អាចធ្វើឲ្យមានបញ្ហាឈឺក្បាលប្រកាំង។ ទាំងសកម្មភាពអន្ទះអន្ទែង ត្រឡប់ខ្លួនចុះត្រឡប់ខ្លួនឡើង ឬក្រោកដើរកណ្តាលយប់ ឬអំឡុងពេលព្រឹកព្រលឹកស្រាងៗ មិនមែនជាបញ្ហាចម្បងនាំឲ្យឈឺក្បាលខ្លាំងនោះឡើយ ខណៈបញ្ហាចម្បង គឺរឿងគេងមិនលក់តែម្តង។ អ្វីកាន់តែគួរឲ្យព្រួយបារម្ភ ព្រោះអាចនាំឲ្យយើងកើនជំងឺថប់បារម្ភ ឬបាក់ទឹកចិត្ត នៅពេលគេងមិនបានគ្រប់គ្រាន់។