ទោះទ្រឹស្ដីការសិក្សាផ្សេងៗ អាចនឹងមានហេតុផលខុសគ្នា ប៉ុន្តែអ្នកស្រាវជ្រាវបានវាយតម្លៃរួម ដោយចាត់ទុកការច្រាលជាតិអាស៊ីដ ជាមូលហេតុធ្វើឲ្យគេងមិនដកដង្ហើម (Sleep Apnea) នាំឲ្យដាច់សរសៃឈាមខួរក្បាលបាន។ ទ្រឹស្ដីមួយទៀត គឺដោយសារតែសកម្មភាពរំលាយអាហារ និងឥទ្ធិពលលើសម្ពាធឈាម ជាតិស្ករក្នុងឈាម និងកម្រិតសារធាតុខ្លាញ់ កូលេស្តេរ៉ូល សុទ្ធសឹងគេជឿថា ធ្វើឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។ យ៉ាងណា គេនៅត្រូវការការសិក្សាស្រាវជ្រាវច្រើនទៀត ដើម្បីបញ្ជាក់ពីបញ្ហានេះ។
២- ត្រូវចៀសវាងធ្វើអ្វីខ្លះ មុនពេលគេង?
គេងភ្លាមបន្ទាប់ពីញ៉ាំ ជាទម្លាប់មិនល្អសម្រាប់សុខភាពនោះទេ ប៉ុន្តែមានសកម្មភាពផ្សេងទៀតគួរចៀសវាង បន្ទាប់ពីញ៉ាំរួច ដូចជា៖
– គេងលក់៖ ពេលយើងគេងលក់ សកម្មភាពរាងកាយក៏ធ្លាក់ចុះដែរ ហេតុនេះនឹងធ្វើឲ្យការរំលាយអាហារកាន់តែយូរ ធ្វើឲ្យឈឺចាប់ប្រព័ន្ធរំលាយអាហារ។ ការទម្រេតខ្លួន គេងផ្ងារ ឬផ្អៀងក៏ដោយ នឹងធ្វើឲ្យអាស៊ីដក្រពះកាន់តែងាយចេញទៅបំពង់អាហារ។ លើសពីនេះ បើយើងគេងភ្លាមបន្ទាប់ពីញ៉ាំអាហារច្រើន ពេលក្រោកងើបឡើងច្រើនតែហើមពោះ។ ត្រូវប្រាកដថា រាងកាយយើង មានពេលគ្រប់គ្រាន់ ដើម្បីរំលាយអាហារ មុនចូលគេង។
– ការហាត់ប្រាណធ្ងន់ៗ៖ ហាត់ប្រាណធ្ងន់ៗ ធ្វើឲ្យរាងកាយពិបាករំលាយអាហារដូចគ្នា ព្រោះថា ហាត់ប្រាណនឹងទាញយកថាមពលរាងកាយដែលត្រូវការ ដើម្បីរំលាយអាហារឲ្យបានត្រឹមត្រូវ។ ហេតុនេះ យើងនឹងជួបបញ្ហារមួល ចង្អោរ ឬរាក នៅពេលហាត់ប្រាណបន្ទាប់ពីញ៉ាំ។