ភ្ញាក់ពីគេង​ពេលព្រឹក​ផឹកទឹកមួយកែវ ផ្ដល់ប្រយោជន៍​ច្រើន​យ៉ាងដល់រាងកាយ(វីដេអូ)

    ភ្ញាក់ពីគេង​ពេលព្រឹក​ផឹកទឹកមួយកែវ ផ្ដល់ប្រយោជន៍​ច្រើន​យ៉ាងដល់រាងកាយ(វីដេអូ)

    យើង​តែង​ផឹក​ទឹក​ដើម្បី​បំបាត់​ភាព​ស្រេក​ទឹក ឬ​ក្រោយ​ពី​ញ៉ាំ​អាហារ​ ប៉ុន្តែទំនងជា​មានគ្នា​យើង​​តិច​នាក់​ណាស់​ដែល​ផឹក​ទឹក​មួយ​កែវពេល​ពោះ​ទទេ​បន្ទាប់​ពី​ភ្ញាក់​ពី​គេងនៅ​ពេល​ព្រឹក​។ ការ​ផឹក​ទឹកមួយកែវ​​ពេល​ពោះ​ទទេនេះ​ពិត​ជា​​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។

    . ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​

    ការ​ផឹក​ទឹក​គឺ​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​រាងកាយ។ នៅ​ពេល​យើង​ផឹក​ទឹក​ពេល​ពោះ​ទទេ​អាច​ជួយ​រក្សា​ប្រព័ន្ធ lymphatic ដែល​ជួយ​កម្ចាត់​ជាតិពុល​ពី​រាងកាយ។ នេះ​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន ហើយ​នៅ​ពេល​ប្រព័ន្ធភាពស៊ាំ​ខ្លាំង​អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។

    . សម្រួល​ដល់​ការ​បន្ទោរ​បង់

    ការ​ទល់លាមក​អាច​ប៉ះពាល់​ដល់​សុខភាព និង​អាច​រារាំង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ។ ទឹក​គឺ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​បន្ទោរ​បង់​ឲ្យ​បាន​ទៀងទាត់។ ដូចនេះការ​ផឹក​ទឹក​ពេល​ពោះ​ទទេ​ជា​ប្រចាំ​អាច​សម្រួល​ដល់​ការ​បន្ទោរ​បង់​ដែល​ជួយ​កម្ចាត់​កាកសំណល់​ចេញ​ពី​រាងកាយ។

    . ពន្លឿន​ការ​ធ្វើ​មេតាបូលីស

    ការ​ផឹក​ទឹក​នៅ​ពោះ​ទទេ​អាច​ជួយ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​ប្រសើរ​ឡើង។ នៅ​ពេល​ការ​ធ្វើ​មេតាបូលីស​ប្រសើរ​ឡើង​ ប្រព័ន្ធ​រំលាយ​អាហារ​ក៏​មាន​ភាព​ប្រសើរ​ឡើង​ដែរ។ អាហារ​ក៏​ត្រូវ​បាន​រំលាយ​លឿន​ដែល​យូរ​ទៅ​អាច​សម្រក​ទម្ងន់​បាន។ ដូចនេះ​បើ​គ្នា​យើង​ចង់​សម្រក​ទម្ងន់​អាច​សាកល្បង​វិធី​នេះ​បាន។

    . បង្កើន​ចំណង់​អាហារ​ពេល​ព្រឹក

    គ្នា​យើង​ភាគច្រើន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​នៅ​ពេល​ព្រឹក​ព្រលឹម​។ ប៉ុន្តែ​ការ​ផឹក​ទឹក​អាច​ជួយ​ដល់​ការ​បន្ទោរបង់​ និង​ដុត​កាឡូរី​ដែល​អាច​ជួយ​ឲ្យ​យើង​ឃ្លានអាហារ​នៅពេលព្រឹក​បាន​។

    . បន្ថយ​ហានិភ័យ​រោគ​លើ​ផ្លូវ​ទឹក​នោម

    ប្រសិនជា​គ្នា​យើង​មាន​បញ្ហា​រោគ​លើ​ផ្លូវទឹកនោម ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​អាច​មាន​អត្ថ​ប្រយោជន៍​ច្រើន។ នេះ​អាច​ជួយ​បាន​ព្រោះ​យើង​អាច​នឹង​ទប់​នោម​ពេញ​មួយ​យប់ ហើយ​មាន​បាក់តេរី​ និង​ជាតិពុល​នៅ​នឹង​ប្លោកនោម។ ប៉ុន្តែ​ការ​ផឹក​ទឹក​អាច​ជួយ​សម្អាត​ប្លោកនោម​ដោយ​ការ​បញ្ចុះ​នោម។​

    . បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ

    ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​ក្រោយ​ពី​ក្រោក​ពី​គេង​អាច​ជួយ​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ។ នៅ​ពេល​យប់ រាងកាយយើង​​នឹង​ជួស​ជុលកោសិកា​ដែល​ខូចខាត​ដោយ​ខ្លួនឯង ហើយ​បណ្ដេញ​ជាតិ​ពុល​ទាំង​អស់​ចេញ​ពី​រាងកាយ។ នៅ​ពេល​យើង​ផឹក​ទឹក​​ពេល​ព្រឹក ជាតិពុល​ទាំង​អស់​នឹង​ត្រូវ​បញ្ចេញ​ពី​រាងកាយ ហើយ​យើង​នឹង​មាន​អារម្មណ៍​ស្រស់ថ្លា។

    . បង្កើន​កម្រិត​ថាមពល

    ផឹក​ទឹក​មួយ​កែវ​នៅ​ពោះទទេ​ពេល​ព្រឹក​អាច​ជំរុញ​ការ​លូតលាស់​នៃ​កោសិកា​ឈាម​ក្រហម​ដែល​បណ្ដាល​ឲ្យ​មាន​អុកស៊ីសែន​កាន់តែ​ច្រើន​ក្នុង​រាងកាយ។ នេះ​អាច​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​ថាមពល។

    . ជួយ​ដល់​ស្បែក

    យើង​តែង​ចង់​បាន​ស្បែក​ភ្លឺ​រលោង ហើយ​យើង​ទទួល​បាន​ស្បែក​បែប​នេះ​ដោយ​ការ​ចាប់ផ្ដើម​ថ្ងៃ​របស់​យើង​ដោយ​ផឹក​ទឹក​មួយ​កែវ​។ ការ​ផឹក​ទឹក​ជា​ទូទៅ​អាច​កម្ចាត់​នូវ​ជាតិ​ពុល និង​កាកសំណល់​ចេញ​ពី​រាងកាយ។ ការ​ផឹក​ទឹក​នៅ​ពោះ​ទទេ​នៅ​ពេល​ព្រឹក​អាច​បង្កើន​ចរន្ត​ឈាម​ក្នុង​រាងកាយ​ដែល​នេះ​អាច​ជួយ​ឲ្យ​យើង​មាន​ស្បែក​ភ្លឺ​រលោង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គុយ ធារិត កែសម្រួល​ចុងក្រោយ 05/05/2022
    ត្រួតពិនិត្យដោយ ចាន់ វុត្ថា