ជួប​បញ្ហាគេងស្រមុក សាក​ដោះស្រាយ​តាមតិចនិក​ប៉ុន្មានយ៉ាងនេះ

    ជួប​បញ្ហាគេងស្រមុក សាក​ដោះស្រាយ​តាមតិចនិក​ប៉ុន្មានយ៉ាងនេះ

    ការ​គេង​ស្រមុក​អាច​កើត​លើ​យើង​គ្រប់គ្នា​ ប៉ុន្តែ​ប្រសិនជា​យើង​គេង​ស្រមុក​រាល់ថ្ងៃ នេះ​​អាច​ជា​បញ្ហព្រោះ​យើង​អាច​នឹង​មាន​អារម្មណ៍​ហត់ និង​រំខាន​ដំណេក​ដៃគូ​ផង​ដែរ។

    . មូលហេតុ​នៃ​ការ​គេង​ស្រមុក

    ការ​គេង​ស្រមុក​អាច​បង្ក​មក​ពី​មូលហេតុ​ខាងក្រោម​នេះ៖

    • អាយុ៖ នៅ​ពេល​ឈាន​ចូល​វ័យ​ចំណាស់ បំពង់ក​នឹង​តូច​ជាងមុន ហើយ​ចលនា​កន្ត្រាក់​សាច់ដុំ​នៅពេល​នៅស្ងៀម​ក៏​ថយ​ចុះ។
    • ការ​លើស​ទម្ងន់ការ​លើស​ទម្ងន់​បង្ក​ឲ្យ​មាន​ជាលិកា​ខ្លាញ់​ច្រើន និង​គេង​ស្រមុក។
    • រូបរាង​ពីកំណើត៖ បុរស​ច្រើន​គេង​ស្រមុក​ជាង​ស្ត្រី​នេះ​មក​ពី​ផ្លូវ​ដង្ហើម​បុរស​តូចជាង​ស្ត្រី ឬ​អាច​មកពី​កត្តា​ផ្សេង​ទៀត​ដូចជា​បំពង់​ក​ចង្អៀត ការ​រីកក្រពេញ adenoid និង​ឆែបមាត់​ជាដើម។​
    • បញ្ហា​ច្រមុះ និង​តំបន់​ sinus៖ អាការៈ​តឹង​ច្រមុះ​ ឬ​ស្ទះ​ផ្លូវ​ដង្ហើម​អាច​បណ្ដាល​ឲ្យ​គេង​ស្រមុក។
    • ផឹក​គ្រឿង​ស្រវឹង និង​ជក់បារី៖ ការ​គេង​ស្រមុក​អាច​បង្ក​ដោយ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ និង​ជក់បារី​ច្រើន​ព្រោះ​នេះ​ធ្វើ​ឲ្យ​សាច់ដុំ​មាន​ភាព​ធូរ​ស្រាល។
    • ឥរិយាបថ​នៃ​ការ​គេង៖ ការ​គេង​ផ្ងារ​អាច​បណ្ដាល​ឲ្យ​សាច់​បំពង់ក​បិទ​ផ្លូវ​ដង្ហើម​អាចនាំឲ្យគេង​ស្រមុក​ដែរ​។

    អត្ថបទពាក់ព័ន្ធ៖

    . វិធី​ដោះស្រាយ​បញ្ហា​គេងស្រមុក

    ក្រោយពី​ដឹង​ពី​មូលហេតុ​បង្ក​ហើយ ខាង​ក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​ដែល​អាច​ជួយ​បង្ការ​ការ​គេង​ស្រមុក​បាន​។ ប៉ុន្តែ​ប្រសិនជា​យើង​បន្ត​មាន​បញ្ហា​នេះ​កើត​ឡើង​ និង​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

    រក្សា​ទម្ងន់

    ប្រសិនជា​គ្នាយើង​ចាប់​អារម្មណ៍​ថា​យើង​ចាប់ផ្ដើម​គេង​ស្រមុក​ក្រោយ​ពី​យើង​ឡើង​ទម្ងន់ ការ​សម្រក​ទម្ងន់​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ព្រោះ​អាច​បញ្ចុះ​ជាលិកា​ខ្លាញ់​នៅ​ក្នុង​បំពង់​ក​ដែល​បិទ​ផ្លូវ​ដង្ហើម។

    ឈប់​ជក់បារី និង​ផឹក​គ្រឿង​ស្រវឹង

    គ្រឿងស្រវឹង​អាច​បន្ធូរ​សាច់ដុំ​បំពង់ក​ដែល​ធ្វើ​ឲ្យ​ពិបាក​ដល់​ការ​ដកដង្ហើម ដូចនេះ​គួរ​ចៀសវាង​ផឹក​គ្រឿង​ស្រវឹង​មុន​ពេល​ចូល​គេង។ ម៉្យាងទៀត បើ​គ្នា​យើង​មួយ​ចំនួន​ជក់​បារី ហើយគេង​ស្រមុក​ជា​ប្រចាំ​គួរ​ពិចារណា​ឈប់​ជក់​បារី​ព្រោះ​ជក់បារី​អាច​ធ្វើ​ឲ្យ​ភ្នាស​នៅ​ច្រមុះ និង​បំពង់ក​រលាក​ដែល​ស្ទះ​ផ្លូវ​ដង្ហើម​ និង​បង្ក​ឲ្យ​គេង​ស្រមុក។

    សម្អាត​បន្ទប់គេង និង​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការ​គេង

    បើ​គេង​ផ្ងារ​ធ្វើ​ឲ្យ​យើង​គេង​ស្រមុក យើងគួរ​គេង​ចំហៀង​វិញ ឬ​​អាច​សាក​ប្រើ​ខ្នើយ​ដើម្បី​បង្ការ​មិន​ឲ្យ​យើង​គេង​ផ្ងារ។ សម្រាប់​គ្នា​យើង​មាន​បញ្ហា​អាលែកហ្សី យើង​គួរ​សម្អាតស្រោម​ខ្នើយ​ជាប្រចាំ និង​ផ្លាស់​ប្ដូរ​ខ្នើយ​រាល់​៦ខែ​ម្ដង​។

    សម្អាត​រន្ធច្រមុះ

    អាការៈ​តឹង​ច្រមុះ​ពេល​ផ្ដាសាយ ឬ​ដោយសារ​មូលហេតុ​ផ្សេង​អាច​ធ្វើ​ឲ្យ​យើង​គេង​ស្រមុក ហើយ​ការ​សម្អាត​រន្ធ​ច្រមុះ​​​ដោយ​សេរ៉ូម​ប្រៃ​ និង​ការ​ងូតទឹក​ក្ដៅ​អាច​ជួយ​បាន។

    របប​អាហារ​មុន​ពេល​ចូល​គេង

    ការស្រាវជ្រាវ​បង្ហាញ​ថា​ការ​ញ៉ាំ​អាហារ​ច្រើន​ ឬ​ញ៉ាំ​អាហារ​ដូចជា​ផលិតផល​ទឹកដោះគោ ឬ​ទឹកសណ្ដែក​មុន​ពេល​ចូល​គេង​អាច​ធ្វើ​ឲ្យ​គេង​ស្រមុក​កាន់តែ​ខ្លាំង។​ ដូចនេះ​គួរ​ចៀស​វាង​អាហារ​ប្រភេទ​នេះ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.lifehack.org/588364/how-stop-snoring-and-remedies-improve-sleeping-quality-long-term

    How to Stop Snoring

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 24/06/2020
    ត្រួតពិនិត្យដោយ គឹម កាណែល