ជំងឺឆ្កែឆ្កួត ដែលបណ្ដាលមកពីឆ្កែខាំ ជាជំងឺរលាកខួរក្បាល និងខួរឆ្អឹងខ្នង ដែលបណ្ដាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយអាចបណ្ដាលឲ្យអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសបុករបស់មន្ទីរពេទ្យ កាល់ម៉ែត។
ប្រសិនបើមានគ្នាយើងជួបបញ្ហាឆ្កែខាំ យើងគួរព្យាបាលទៅតាមវិធីដែលបានណែនាំខាងក្រោមដូចជា៖
– ក្រោយពីឆ្កែខាំភ្លាម ត្រូវលាងសម្អាតមុខរបួសដោយទឹកស្អាត និងសាប៊ូយ៉ាងតិចបំផុតឲ្យបាន១៥នាទី បន្ទាប់មក លាងសម្អាតជាមួយទឹកថ្នាំសម្លាប់មេរោគដូចជា អាល់កុល ឬអ៊ីយូត។
– មិនត្រូវដេររបួសដែលឆ្កែខាំ
– ចាក់វ៉ាក់សាំងការពារតេតាណូស
– ព្យាបាលដោយថ្នាំផ្សះ(បើចាំបាច់)
– ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យកល្អត្រូវធ្វើក្នុងរយៈ២៤ម៉ោង ក្រោយពីឆ្កែខាំ ឬប៉ះពាល់ជាមួយសត្វដែលផ្ទុកមេរោគឆ្កែឆ្កួត)
– ទៅពិគ្រោះពិនិត្យជាមួយគ្រូពេទ្យដែលនៅក្បែរខ្លួនបំផុត។