និយមន័យ
១- អ្វីជាអាការៈសន្លប់ដោយសារកម្ដៅ?
អាការៈសន្លប់ដោយសារកម្ដៅ ជាភាសាបច្ចេកទេសហៅថា Heatstroke សំដៅលើស្ថានភាពមួយ ដែលរាងកាយកើនកម្ដៅខ្លាំង ដោយសារទទួលរងកម្ដៅពីបរិស្ថានជុំវិញខ្លួន។ អាការៈនេះ ជាបញ្ហាធ្ងន់ធ្ងរមួយ បង្កឡើងដោយកម្ដៅ ហើយការសន្លប់ដោយសារកម្ដៅនេះ នឹងកើតឡើង បើសីតុណ្ហភាពរាងកាយកើនឡើងរហូតដល់ ៤០ អង្សារសេ (១០៤ អង្សាហ្វារីងហាយ) ឬខ្ពស់ជាងនេះ។
អាការៈសន្លប់ដោយសារកម្ដៅ (Heatstroke) ទាមទារការសង្គ្រោះបន្ទាន់ ហើយបើមិនបានព្យាបាលទាន់ពេលទេ អាចធ្វើឲ្យខូចខាតដល់ខួរក្បាល បេះដូង តម្រងនោម និងសាច់ដុំ បានយ៉ាងលឿន។ ការខូចខាតនឹងកាន់តែធ្ងន់ធ្ងរទៅ ៗ បើការព្យាបាលនៅតែពន្យាពេលកាន់តែយូរ នាំឲ្យកើនឡើងគ្រោះថ្នាក់ពីផលវិបាក កាន់តែធ្ងន់ធ្ងរ ឬបណ្តាលឲ្យស្លាប់តែម្តង។
២- អាការៈសន្លប់ដោយសារកម្ដៅកើតឡើងញឹកញាប់ទេ?
សន្លប់ដោយសារកម្ដៅ កើតឡើងញឹកញាប់ណាស់ ហើយវាច្រើនកើតលើស្រីៗ ច្រើនជាងប្រុសៗ នឹងអាចកើតឡើងគ្រប់វ័យទាំងអស់។ យើងអាចគ្រប់គ្រង បានដោយកាត់បន្ថយកត្តាប្រឈម។
រោគសញ្ញា
៣- អាការៈសន្លប់ដោយសារកម្តៅមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញាអាការៈសន្លប់ដោយសារកម្តៅ (Heatstroke) រួមមាន៖
– កម្ដៅរាងកាយកើនចាប់ពី ៤០អង្សារសេ ឬខ្ពស់ជាង ត្រូវចាត់ជារោគសញ្ញាចម្បង។
– ប្រែប្រួលសតិអារម្មណ៍ឬ អាកប្បកិរិយា ខណៈបញ្ហានេះអាចបង្កទៅជា វង្វេងវង្វាន់ ញ័រ សំឡេងនិយាយស្ដាប់មិនបាន ខឹងឆេវឆាវ រវើរវាយ ប្រកាច់ និងសន្លប់ ។
– បែកញើសច្រើន បង្កឡើងដោយអាកាសធាតុក្ដៅ ស្បែកនឹងក្ដៅហើយស្ងួត នៅពេលប៉ះ។ តែទោះយ៉ាងនេះក្ដី អាការៈសន្លប់ដោយសារកម្តៅបង្កដោយការហាត់ប្រាណខ្លាំងវិញ ស្បែកមានសំណើមទៅវិញ។
– ក្អួតនិងចង្អោរ។ បញ្ហានេះអាចធ្វើអោយមានអារម្មណ៍ឈឺនៅ ក្នុងពោះ ឬក្អួត។
– ស្បែកឡើងក្រហម ដោយសារតែសីតុណ្ហភាពរាងកាយកើនឡើង។
– ដកដង្ហើមញាប់ និងដង្ហក់។
– បេះដូងដើរញាប់ខ្លាំង ជីពចរកើនឡើង ព្រោះស្ថិននៅកន្លែងមានសីតុណ្ហភាពក្តៅ បេះដូងនឹងធ្វើការខ្លាំង ដើម្បីជួយរាងកាយឆាប់ចុះត្រជាក់។
– ឈឺក្បាលខ្លាំង។
អាចមានរោគសញ្ញាខ្លះទៀតមិនបានរៀបរាប់ខាងលើ ដូចនេះបើមានក្តីបារម្ភពីរោគសញ្ញាអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
ត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម បើយើង ឬនរណាម្នាក់ មានចេញសញ្ញាសន្លប់ដោយសារកម្តៅ (Heatstroke) នេះ។ បើរោគសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានសំនួរអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ ព្រោះរាងកាយយើងម្នាក់ៗ មានសកម្មភាពខុសៗគ្នា។
មូលហេតុបង្ក
៥- មូលហេតុអ្វីខ្លះបង្កឲ្យសន្លប់ដោយសារកម្តៅ?
អាការៈសន្លប់ដោយសារកម្តៅ (Heatstroke) អាចកើតឡើងដោយសារ៖
– ស្ថិតនៅក្រោមបរិស្ថានក្ដៅខ្លាំង៖ បញ្ហានេះហៅថា Nonexertional ឬ Classic Heatstroke ព្រោះនៅក្នុងបរិស្ថានជុំវិញមានកម្តៅខ្ពស់ ធ្វើឲ្យរាងកាយក៏ឡើងសីតុណ្ហភាពដូចគ្នា។ អាចកើតឡើងនៅពេលស្ថិតនៅក្នុងបរិយាកាសក្ដៅ មានសំណើម ជាពិសេស នៅរយៈពេលយូរ ដូចជា ២-៣ ថ្ងៃ ជាដើម។ អាការៈសន្លប់ស្ថិតក្នុងស្ថានភាពនេះ ឧស្សាហ៍កើតមានចំពោះចាស់ជរា ឬអ្នកមានជំងឺរ៉ាំរ៉ៃ។
– ប្រើកម្លាំងខ្លាំង៖ សំដៅលើអាការៈសន្លប់ដោយសារកម្តៅ ពេលនឿយហត់ខ្លាំង (Exertional Heatstroke) គឺបណ្ដាលមកពីរាងកាយកើនឡើងសីតុណ្ហភាព អមជាមួយនឹងសកម្មភាពរាងកាយខ្លាំងពេក ក្នុងអាកាសធាតុក្ដៅ។ អ្នកហាត់ប្រាណខ្លាំង ឬធ្វើការប្រើកម្លាំងខ្លាំង នៅក្រោមបរិយាកាសក្ដៅ អាចមានបញ្ហានេះ ប៉ុន្តែវាងាយនឹងកើត បើយើងធ្លាប់មានជំងឺមិនស៊ាំសីតុណ្ហភាពក្ដៅ។
អាចមានស្ថានភាពផ្សេងទៀតនាំឲ្យយើងសន្លប់បានដូចជា៖
– ពាក់ខោអាវក្រាស់ពេក ធ្វើឲ្យញើសមិនអាចហួតចេញបានដោយងាយ និងរាងកាយមិនអាចចុះត្រជាក់។
– ផឹកគ្រឿងស្រវឹង អាចធ្វើឲ្យប៉ះពាល់មុខងារបញ្ចុះកម្ដៅរបស់រាងកាយ។
– បាត់បង់ជាតិទឹក ហេតុនេះត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីបង្គ្រប់ជាតិទឹកបាត់បង់ ដោយសារបែកញើស។
កត្តាប្រឈម
៦- កត្តាប្រឈមសន្លប់ដោយសារកម្តៅមានអ្វីខ្លះ?
មានកត្តាប្រឈមអាការៈសន្លប់ដោយសារកម្តៅមានច្រើន ដូចជា៖
– សមត្ថភាពទប់ទល់នឹងកម្តៅខ្លាំង អាស្រ័យលើកម្លាំងរបស់ប្រព័ន្ធប្រសាទកណ្ដាល។ ពេលនៅក្មេង ប្រព័ន្ធប្រសាទកណ្ដាលមិនទាន់វិវត្តន៍ពេញលេញទេ ខណៈពេលឈានដល់វ័យចំណាស់អាយុចាប់ពី ៦៤ឆ្នាំ ប្រព័ន្ធប្រសាទកណ្ដាល ក៏ចាប់ផ្ដើមខ្សោយដែរ ដែលកត្តានេះធ្វើឲ្យរាងកាយមិនអាចគ្រប់គ្រងស្ថានភាពប្រែប្រួលកម្ដៅក្នុងខ្លួនបាន ហើយវ័យទាំងពីរនេះ ក៏ពិបាកបំពេញជាតិទឹកក្នុងខ្លួនផងដែរ។
– បញ្ចេញកម្លាំងខ្លាំងក្នុងអាកាសធាតុក្ដៅ ដូចជា ហាត់ទាហាន ចូលរួមសកម្មភាពកីឡា ពិសេសកីឡាបាល់ទាត់ជាដើម ទាំងនៅក្នុងអាកាសធាតុក្ដៅ គឺសុទ្ធតែនាំឲ្យមានបញ្ហានេះ។
– ប៉ះនឹងអាកាសធាតុក្ដៅភ្លាមៗ អាចមានជំងឺដោយសារកម្ដៅថ្ងៃ បើសីតុណ្ហភាពនៅជុំវិញស្រាប់តែឡើងក្ដៅ ដូចជាអំឡុងពេលធ្វើដំណើរទៅដំបន់មានកម្ដៅខ្លាំង។ ត្រូវកម្រិតធ្វើសកម្មភាពរបស់អ្នកយ៉ាងហោចណាស់ ២-៣ ថ្ងៃ ដើម្បីឲ្យរាងកាយអាចស៊ាំទៅនឹងអាកាសធាតុជាមុនសិន។ ទោះយ៉ាងនេះក្ដី យើងនៅតែប្រឈមខ្ពស់អាការៈសន្លប់ដោយសារកម្ដៅ រហូតទាល់តែស៊ាំជាមួយបរិយាកាសក្ដៅនេះបាន ចាប់ពី ២-៣ សប្ដាហ៍។
– គ្មានម៉ាស៊ីនត្រជាក់ ខណៈកង្ហារអាចធ្វើឲ្យយើងមានអារម្មណ៍ប្រសើរ ប៉ុន្តែបើនៅក្នុងអាកាសធាតុក្ដៅ ម៉ាស៊ីនត្រជាក់មានប្រសិទ្ធិភាពជាងគេ ដើម្បីធ្វើជួយឲ្យរាងកាយត្រជាក់ នឹងមានសំណើមទាប។
– ថ្នាំពេទ្យមួយចំនួន ដោយថ្នាំពេទ្យខ្លះ អាចនឹងប៉ះពាល់ដល់សមត្ថភាពរាងកាយ ដើម្បីបញ្ចេញជាតិទឹកគ្រប់គ្រាន់ ទប់ទល់នឹងកម្ដៅ។ ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលប្រើថ្នាំនប្រសិទ្ធិភាពបង្រួមសរសៃឈាម ថ្នាំសម្រួលសម្ពាធឈាម ដោយរាំងខ្ទប់ អ័រម៉ូនអាដ្រេណាលីន ពពួកថ្នាំ Beta blockers ថ្នាំបញ្ចុះនោម ឬពពួកថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត ឬប្រឆាំងនឹងជំងឺផ្លូវចិត្ត នៅរដូវក្ដៅ។
សារធាតុភ្ញោចខួរក្បាលដើម្បីព្យាបាលជំងឺ ADHD (Attention deficit hyperactivity disorder – ជំងឺផ្លូវចិត្តម្យ៉ាងដែលជាប្រភេទនៃការវិវត្តន៍របស់កោសិកាប្រសាទ ដែលអ្នកជំងឺមានអាការមិនសូវយកចិត្តទុកដាក់ធ្វើអ្វីមួយ ឬមានសកម្មភាពខ្លាំងជ្រុល) និងសារធាតុភ្ញោចខួរក្បាលផ្សេងទៀតដែលខុសច្បាប់ ដូចជាថ្នាំ Amphetamines និងសារធាតុ កូកាអ៊ីន ក៏អាចធ្វើឲ្យងាយមានអាការៈសន្លប់ដោយកម្ដៅដូចគ្នា។
– បញ្ហាសុខភាពមួយចំនួន ពិសេសជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺបេះដូង ឬជំងឺសួត អាចបង្កឲ្យកើនឡើងគ្រោះថ្នាក់សន្លប់ដោយសារកម្តៅ។ ដូចគ្នានេះដែរ បញ្ហាធាត់លើសទម្ងន់ អង្គុយនៅមួយកន្លែងរយៈពេលយូរ និងធ្លាប់មានបញ្ហានេះពីមុន ក៏ប្រឈមអាការៈសន្លប់ដោយសារកម្ដៅដូចគ្នា
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជាទូទៅ គ្រូពេទ្យនឹងពិនិត្យមើលតាមអាការៈខាងក្រៅប៉ុណ្ណោះ ប៉ុន្តែតេស្តក្នុងមន្ទីរពិសោធន៍មួយចំនួន អាចនឹងត្រូវធ្វើដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យរបស់គ្រូពេទ្យ ស្វែងរកមូលហេតុផ្សេងៗ នៃរោគសញ្ញាជំងឺ និងវាយតម្លៃលើសរីរាង្គដែលខូចខាត។ តេស្តទាំងនោះរួមមាន៖
– តេស្តឈាម៖ ដើម្បីពិនិត្យមើលកម្រិតជាតិសូដ្យូម ប៉ូតាស្យូមក្នុងឈាម ឬឧស្ម័ននៅក្នុងឈាម ដើម្បីមើលថា តើមានការខូចខាតដល់ប្រព័ន្ធប្រសាទកណ្ដាល ឬអត់។
– តេស្តទឹកនោម៖ ដើម្បីពិនិត្យមើលពណ៌ទឹកនោម ព្រោះជាទូទៅ ទឹកនោមនឹងពណ៌ខ្មៅ បើយើងមានបញ្ហាទាក់ទងនឹងកម្ដៅ ក៏ដើម្បីពិនិត្យមើលមុខងារតម្រងនោម អាចប៉ះពាល់ដោយសារបញ្ហាសន្លប់នេះ។
– តេស្តពិនិត្យមុខងារសាច់ដុំ៖ ដើម្បីពិនិត្យរកមើលបញ្ហាខូចខាតធ្ងន់ធ្ងរលើជាលិកាសាច់ដុំ (Rhabdomyolysis)។
– ថតកាំរស្មីអ៊ិច (X-ray) និងតេស្តថតរូបភាពរាងកាយផ្សេងៗទៀត៖ ដើម្បីពិនិត្យមើលការខូចខាតរបស់សរីរាង្គខាងក្នុងខ្លួន។
៨- ព្យាបាលដោយវិធីណា?
ព្យាបាលអាការៈសន្លប់ដោយសារកម្តៅ សំខាន់បំផុត ត្រូវផ្ដោតលើការបញ្ចុះកម្ដៅរាងកាយមកនៅស្ថានភាពធម្មតាវិញ ដើម្បីការពារ ឬកាត់បន្ថយការខូចខាតទៅលើខួរក្បាល និងសរីរាង្គសំខាន់ៗក្នុងខ្លួន។ គ្រូពេទ្យអាចនឹងធ្វើតាមជំហានព្យាបាលដូចជា៖
– ត្រាំយើងនៅក្នុងទឹកត្រជាក់៖ ងូតទឹកត្រជាក់ ឬទឹកកកអាចបញ្ចុះសីតុណ្ហភាពរាងកាយបាន។
– វិធីធ្វើឲ្យចុះត្រជាក់ដោយបង្ហួត៖ គ្រូពេទ្យខ្លះ អាចនឹងប្រើវិធីនេះ ជាជាងការត្រាំ ដើម្បីឲ្យរាងកាយចុះត្រជាក់។ វិធីនេះគឺបាញ់ចំហាយទឹកត្រជាក់នៅលើស្បែកយើង ខណៈបាញ់កង្ហារខ្យល់ក្ដៅឧណ្ហចំរាងកាយ ធ្វើឲ្យទឹកនៅលើស្បែករំហួតឡើង នឹងត្រជាក់ស្បែក។
– ស្អំទឹកកក និងដណ្ដប់ភួយត្រជាក់៖ វិធីមួយទៀត គឺរុំខ្លួនយើងជាមួយនឹងភួយពិសេសមួយដែលត្រជាក់ និងស្អំកញ្ចប់ទឹកកកនៅត្រង់ក្រលៀន ក ខ្នង ក្លៀក ដើម្បីបញ្ចុះកម្ដៅរាងកាយ។
– ប្រើថ្នាំពេទ្យដើម្បីការពាររងាញាក់៖ បើការព្យាបាលខាងលើធ្វើឲ្យយើងគ្រុនរងាញាក់ រូពេទ្យអាចនឹងឲ្យយើងប្រើថ្នាំសម្រួលសាច់ដុំ ដូចជា ថ្នាំ Benzodiazepine។ អាការៈរងាញាក់ ធ្វើឲ្យរាងកាយកើនកម្ដៅ ជាហេតុនាំការព្យាបាល មិនមានប្រសិទ្ធិភាព។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពនេះបាន ដូចជា៖
– ត្រូវនៅក្រោមម្លប់ ឬនៅកន្លែងមានម៉ាស៊ីនត្រជាក់៖ បើសិនគ្មានម៉ាស៊ីនត្រជាក់នៅផ្ទះទេ សូមទៅកន្លែងណាមានម៉ាស៊ីនត្រជាក់ ដូចជា នៅផ្សារទំនើប រោងកុន ឬបណ្ណាល័យសាធារណៈ។
– ធ្វើឲ្យកម្រាលគេង និងកង្ហារត្រជាក់៖ បើនៅជាមួយនរណាម្នាក់ធ្លាប់មានជំងឺដោយសារតែកម្ដៅ សូមធ្វើឲ្យរាងកាយគេត្រជាក់ ដោយគ្របជាមួយភួយត្រជាក់ ឬបាញ់ចំហាយទឹកត្រជាក់។ ត្រូវដាក់កង្ហារបាញ់ឲ្យចំ។
– ងូតទឹកត្រជាក់៖ ងូតទឹកត្រជាក់ៗឲ្យបានច្រើនដង ពេលមានអារម្មណ៍ក្តៅខ្លាំង ខណៈបើនៅឆ្ងាយពីផ្ទះ ត្រូវរកកន្លែងណាមានអាងទឹកត្រជាក់ ចុះត្រាំ ដើម្បីជួយបញ្ចុះសីតុណ្ហភាពរាងកាយ។
– ផឹកទឹកឲ្យច្រើន៖ ដោយសារតែយើងបាត់បងជាតិប្រៃ តាមរយៈការបែកញើស យើងអាចបំពេញជាតិប្រៃ និងទឹក ដោយការញ៉ាំភេសជ្ជៈសម្រាប់អ្នកកីឡា។ បើគ្រូពេទ្យកម្រិតការផឹកទឹក និងជាតិប្រៃ សូមអ្នកពិគ្រោះជាមួយពេទ្យ ថាតើកម្រិតទឹកប៉ុណ្ណាត្រូវផឹក ឬជាតិប្រៃប៉ុណ្ណាត្រូវញ៉ាំ។
– មិនត្រូវញ៉ាំភេសជ្ជៈមានជាតិស្ករ ឬជាតិអាល់កុល៖ មិនត្រូវបំពេញជាតិទឹក ដោយផឹកភេសជ្ជៈមានជាតិស្ករ ឬអាល់កុលទេ ព្រោះអាចប៉ះពាល់សមត្ថភាពរាងកាយគ្រប់គ្រងកម្ដៅ។ ជាមួយនេះដែរ ភេសជ្ជៈត្រជាក់ខ្លាំង អាចនឹងធ្វើយើងចុកពោះភ្លាមៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]