គ្រាប់ឈូកមានប្រយោជន៍លើសពី​ ១០យ៉ាង សម្រាប់ស្រ្តីពពោះ និងកូន

    គ្រាប់ឈូកមានប្រយោជន៍លើសពី​ ១០យ៉ាង សម្រាប់ស្រ្តីពពោះ និងកូន

    គ្រាប់ឈូកជាអាហារសាមញ្ញ តែផ្តល់គុណប្រយោជន៍ធំធេងដល់សុខភាពយើង ជាពិសេសចំពោះស្រ្តីមានផ្ទៃពោះ និងកូនក្នុងផ្ទៃ។ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថា ក្រៅពីមានខ្លាញ់ សូដ្យូម និងកូឡេស្តេរ៉ូលទាប គ្រាប់ឈូកផ្ទុកទៅដោយជាតិទឹក កាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន B កំផ្លេច សារធាតុរ៉ែ អាស៊ីដអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។ តើគ្រាប់ឈូកល្អចំពោះស្រ្តីមានផ្ទៃពោះនិងកូនក្នុងផ្ទៃយ៉ាងម៉េចខ្លះ?

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ

    ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការញុំាគ្រាប់ឈូកក្នុងពេលមានផ្ទៃពោះ៖

    ១. ជួយឱ្យគេងលក់ស្រួល

    ជាញឹកញាប់ការមានផ្ទៃពោះធ្វើឱ្យម៉ាក់ៗគេងមិនលក់ទេ ដោយសារតែការប្រែប្រួលអ័រម៉ូន ស្ត្រេស និងការផ្លាស់ប្តូរទំលាប់អាហារ។ គ្រាប់ឈូកត្រូវបានគេដឹងថាល្អខ្លាំងសម្រាប់ព្យាបាលការគេងមិនលក់ ព្រោះវាមានសារធាតុរម្ងាប់អារម្មណ៍ និងធ្វើឱ្យងងុយគេង ព្រមទាំងវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយឱ្យម៉ាក់ៗងងុយគេងពេលចូលគេង។

    ២. ការពារជំងឺរាក

    នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ស្រ្តីភាគច្រើនឆ្លងកាត់បញ្ហាចម្លែកទាក់ទងនឹងប្រព័ន្ធបញ្ចេញចោលដែលបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូនភេទ។ យោងតាមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រចិន គ្រាប់ឈូកគឺជាឱសថធម្មជាតិដ៏ល្អសម្រាប់ព្យាបាលជំងឺរាក។ គ្រាប់ឈូកមានផ្ទុកអាល់កាឡូអ៊ីត ក្នុងកម្រិតទាបដែលអាចជួយបង្កើនមុខងារពោះវៀន និងកាត់បន្ថយការរាក។

    ៣. ជួយសម្រួលសម្ពាធឈាម

    បណ្ដូលល្វីងរបស់គ្រាប់ឈូកមានវីតាមីនជាច្រើនដែលអាចជួយឱ្យអារម្មណ៍ស្ងប់ និងអាចពង្រីកសរសៃឈាម ដូច្នេះវាអាចជួយគ្រប់គ្រងសម្ពាធឈាមរបស់ម៉ាក់ៗបាន។

    ៤. ជួយបន្ថយអាការៈឈឺអញ្ចាញធ្មេញ

    ភាគច្រើននៅត្រីមាសទី ២ ម៉ាក់ជួបប្រទះការឈឺអញ្ចាញធ្មេញ ព្រោះការប្រែប្រួលអ័រម៉ូននិងការលើសជាតិទឹកក្នុងខ្លួនដែលធ្វើឱ្យរីកផ្នែកផ្សេងៗនៃរាងកាយ។ វីតាមីន B កំផ្លេច និងស័ង្កសីមាននៅក្នុងគ្រាប់ឈូកអាចជួយកាត់បន្ថយការហើម និងឈឺអញ្ចាញធ្មេញបាន។

    ៥. ជួយឱ្យស្បែកមានសំណើម

    ជាធម្មតាម៉ាក់ៗតែងតែជួបប្រទះស្បែកស្ងួតអំឡុងពេលមានផ្ទៃពោះ។ គ្រាប់ឈូកមានលក្ខណៈសម្បត្តិផ្តល់សំណើមដល់ស្បែក និងរក្សាសំណើមពីខាងក្នុងជាលិការក្រោមស្បែក។

    គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ

    ៦. ជួយគ្រប់គ្រងទម្ងន់

    វាជារឿងធម្មតាដែលស្រ្តីមានផ្ទៃពោះឡើងទម្ងន់ឥតឈប់ឈរ ព្រោះស្រ្តីមានផ្ទៃពោះឧស្សាហ៍ឃ្លាន និងត្រូវការញុំាឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យកូនក្នុងផ្ទៃលូតលាស់បានល្អ ប៉ុន្តែការឡើងគីឡូលើសកម្រិតធ្វើឱ្យម៉ាក់ៗជួបផលវិបាកច្រើន។ គ្រាប់ឈូកមានកាបូអ៊ីដ្រាត និងខ្លាញ់ទាប វីតាមីន និងសារធាតុរ៉ែជាច្រើនដែលធ្វើឱ្យម៉ាក់ៗមានអារម្មណ៍ឆាប់ឆ្អែត។ ដូច្នេះវាគឺជាអាហារសម្រន់ដ៏ល្អសម្រាប់ម៉ាក់ៗដែលមានមានអារម្មណ៍ថាឃ្លានឥតឈប់ឈរ។

    គ្រាប់ឈូកល្អចំពោះស្រ្តីមានផ្ទៃពោះនិងកូនក្នុងផ្ទៃ

    ៧. រក្សាជាតិស្ករក្នុងឈាមល្អ​

    អំឡុងពេលមានផ្ទៃពោះ ម៉ាក់ៗអាចកើនជាតិស្ករក្នុងឈាមដោយសារតែការផ្លាស់ប្តូរអ័រម៉ូន ភាពតានតឹង និងភាពរំជើបរំជួល។ គ្រាប់ឈូកមានផ្ទុកវីតាមីន B កំផ្លេចខ្ពស់ ជាតិសរសៃ និងកាឡូរីទាប។ លក្ខណៈសម្បត្តិទាំងនេះអាចជួយដុតបំផ្លាញកាឡូរី និងកាត់បន្ថយកម្រិតជាតិគ្លុយកូស (ជាតិស្ករ) នៅក្នុងឈាមរបស់ម៉ាក់ៗបាន។

    ៨. ការពារការឆ្លងមេរោគលើប្រព័ន្ធទឹកនោម

    អំឡុងពេលមានផ្ទៃពោះរាងកាយម៉ាក់ៗខ្សោយ បូកផ្សំនឹងការបញ្ចេញទឹករំអិលទ្វារមាសដែលផ្អាប់ក្នុងខោទ្រនាប់រយៈពេលយូរ វាអាចនាំឱ្យមានការឆ្លងមេរោគនៅក្នុងផ្លូវទឹកនោមរបស់ម៉ាកៗ។ ការញុំាគ្រាប់ឈូកជារៀងរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យនេះបានជិត ២០%។

    ៩. បង្កើនថាមពល

    ការមានផ្ទៃពោះអាចធ្វើឱ្យម៉ាក់ៗអស់កម្លាំង និងល្ហិតល្ហៃដោយសារការផ្លាស់ប្តូរអ័រម៉ូន និងការឡើងទម្ងន់។ គ្រាប់ឈូកមានផ្ទុកនូវវីតាមីន ប្រូតេអ៊ីន ម៉ាញ៉េស្យូម ប៉ូតាស្យូម ស័ង្កសីនិងជាតិដែកដែលអាចជួយបង្កើនថាមពលម៉ាក់ៗបាន ព្រោះពួកវាជួយដល់ការរំលាយអាហារ ដោយអាចដុតខ្លាញ់ និងជាតិស្ករបន្ថែមនៅក្នុងឈាម។

    ១០. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ

    ក្នុងអំឡុងពេលមានផ្ទៃពោះម៉ាក់ៗភាគច្រើនខ្សោយនិងឈឺជាញឹកញាប់ សារធាតុចិញ្ចឹមជាច្រើនដែលមាននៅក្នុងគ្រាប់ឈូកដូចជា វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់ម៉ាក់ៗ និងជួយកូនក្នុងផ្ទៃលូតលាស់បានល្អ។

    ១១. ជួយដល់ការអភិវឌ្ឍកូនក្នុងផ្ទៃ

    គ្រាប់ឈូកសម្បូរទៅដោយប្រូតេអ៊ីនដែលចាំបាច់សម្រាប់ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធសរសៃប្រសាទទារក។ គ្រាប់ឈូកមានបរិមាណប្រូតេអ៊ីន ជាតិសរសៃ និងវីតាមីនល្អដែលជួយដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃឱ្យមានសុខភាពល្អ។ ជាពិសេសវាមានផ្ទុកវីតាមីន B9 (ហ្វូឡាត) ដែលជួយបង្ការពិការភាពពីកំណើត។

    តើបរិមាណគ្រាប់ឈូកប៉ុន្មានដែលស្រ្តីមានផ្ទៃពោះអាចញុំាក្នុង ១ ថ្ងៃ?

    ដើម្បីទទួលបានអត្ថប្រយោជន៍ពីគ្រាប់ឈូកក្នុងអំឡុងពេលមានផ្ទៃពោះ ម៉ាក់ៗមិនគួរ​ញុំាគ្រាប់ឈូកលើសពី ២ ទៅ ៣ ក្តាប់ដៃទេ ព្រោះបើញុំាច្រើនហួសកម្រិត វាអាចប៉ះពាល់ដល់សុខភាពម៉ាក់ៗវិញ។

    ផលប៉ះពាល់របស់គ្រាប់ឈូក

    ទោះបីជាគ្រាប់ឈូកមានប្រយោជន៏ច្រើនចំពោះស្រ្តីមានផ្ទៃពោះ វាក៏មានផលប៉ពាល់មួយចំនួនដែរ៖

    • ប្រើញុំាច្រើនពេកអាចបណ្តាលឱ្យមានខ្សល់ក្នុងពោះ ទល់លាមក និងហើមពោះ។
    • គ្រាប់ឈូកកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ ប្រសិនបើម៉ាក់ៗមានជំងឺទឹកនោម ម៉ាក់ៗគួរតែប្រយ័ត្ន កុំទទួលទានវាច្រើនពេក។
    • ម៉ាក់ៗមួយចំនួនអាចអាលែកហ្សីនឹងគ្រាប់ឈូក។ បើម៉ាក់ៗសង្កេតឃើញថាមានភាពមិនស្រួល រមាស់ ឬឡើងកន្ទួលក្រហមនៅលើស្បែកបន្ទាប់ពីញុំាគ្រាប់ឈូក ត្រូវឈប់ញុំាវាភ្លាម ហើយទៅជួបគ្រូពេទ្យ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Is it Safe to eat Makhana during Pregnancy?

    https://www.babydestination.com/is-it-safe-to-eat-makhana-during-pregnancy

    8 Health Benefits of Makhana (Lotus Seeds) in Pregnancy https://parenting.firstcry.com/articles/10-health-benefits-of-makhanalotus-seeds-in-pregnancy/

    Lotus seeds facts and health benefits
    https://www.momjunction.com/articles/makhana-during-pregnancy_00457495/

    Is It Safe To Eat Lotus Seeds (Makhana) During Pregnancy?
    https://www.nutritionvalue.org/Seeds%2C_raw%2C_lotus_seeds_nutritional_value.html
    Seeds, raw, lotus seeds

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 11/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត