ការលូតលាស់គភ៌
ចាញ់អាអូនមិនអាចជៀសបានទេសម្រាប់ស្រីៗយើងពពោះ អ្នកខ្លះចាញ់ពេកដល់ថ្នាក់ក្អួតខ្លាំងទ្រាំមិនបាន និងចង់ញ៉ាំរបស់ចម្លែកៗកណ្ដាលយប់ក៏មាន តែក៏សំណាងសម្រាប់ស្រីៗមួយចំនួនដែលមិនសូវចាញ់គ្រាន់តែមានអាការៈចង្អោរតិចតួចប៉ុណ្ណោះនៅពេលព្រឹក។ អ្វីដែលសំខាន់អាការៈទាំងនេះនឹងបាត់ទៅវិញដោយឯកឯងចាប់ពីត្រីមាសទី ២ ទៅ ប៉ុន្តែប្រសិនបើក្នុងត្រីមាសទី ១ មានការស្រកគីឡូ ញ៉ាំមិនបានពុំគួរភ័យស្លន់ស្លោព្រោះថាយើងនៅមានឱកាសបំប៉នគីឡូឡើងវិញចាប់ពីខែទី ៤ ទៅ។
គភ៌លូតលាស់ដូចម្តេច?
ស្រីៗយើងអាចនឹងមិនដឹងថាកោសិកាគភ៌កំពុងរីកលូតលាស់ក្នុងខ្លួននោះទេ។ ការបង្កកំណើតចាប់ផ្ដើមតាំងពីពេលមេជីវិតរបស់ឪពុក និងម្ដាយជួបគ្នានៅក្នុងដៃស្បូនក្រោយពេលរួមមេត្រីភាពមកម៉្លេះ។ ស៊ុតដែលបង្កកំណើតហើយនឹងចាប់ផ្ដើមស្វ័យតម្លើងទ្វេចំនួនកោសិកាឥតឈប់ឈរ និងបន្តដំណើរពីដៃស្បូនឆ្ពោះទៅរកកន្លែងកាច់សំបុកនៅលើភ្នាសស្បូន បន្ទាប់មកទៀតវានឹងក្លាយជាអំប្រ៊ីយ៉ុងពេញលក្ខណៈហើយកោសិកាដទៃទៀតនឹងវិវត្តជាសុក និងទឹកភ្លោះដែលមានតួនាទីទ្រទ្រង់ និងការពារបេប៊ីក្នុងរយៈពេល ៩ ខែនៃការពពោះ។