backup og meta

សប្តាហ៍ទី ១០៖ បេប៊ីមានគ្រប់សរីរាង្គហើយ តែឆ្អឹងនៅខ្ចីខ្លាំងណាស់

សប្តាហ៍ទី ១០៖ បេប៊ីមានគ្រប់សរីរាង្គហើយ តែឆ្អឹងនៅខ្ចីខ្លាំងណាស់

ការលូតលាស់គភ៌

ជា​រឿង​រំភើប​បំផុត​សម្រាប់​ម៉ាក់​ប៉ា​នៅ​ពេល​​ដឹង​ថា បេប៊ី​លូត​លាស់​បាន​ល្អ មាន​សរីរាង្គ​ពេញ​លេញ។ ដោយ​ឡែក​នៅ​ក្នុង​សប្តាហ៍​ទី​ ១០ ​នេះ អាអូន​កាន់​តែ​ធំ​ហើយ មាន​ទម្ងន់​ប្រហែល ៧ក្រាម និង​មាន​ប្រវែង ២,៥៤ សង់ទីម៉ែត្រ ឯ​សរីរាង្គ​វិញ​មាន​អស់​ហើយ តែ​មិន​ទាន់​លូត​លាស់​ពេញ​លេញ​នោះ​ទេ។

ឆ្អឹង និង​ឆ្អឹង​ខ្ចី​ដុះ​នៅ​​ជើង​បង្កើត​ជា​ជង្គង់ និង​កែង​ជើង​ ជាមួយ​គ្នា​នេះ​ដៃ​ក៏​ចាប់​ផ្តើម​ចេញ​រូបរាង ឯ​ធ្មេញ​ក៏​ចាប់​ផ្តើម​ដុះ​ពី​ក្រោម​អញ្ចាញ​ ហើយ​វា​នឹង​ត្រូវ​ដុះ​ចេញ​មក​ខាង​ក្រៅ​បន្ទាប់​ពី​អាអូនកើត​បាន ​៦​ខែ។ ប្រព័ន្ធ​រំលាយ​អាហារ​ចាប់​ផ្តើម​វិវត្ត​ដោយ​ផលិត​ទឹក​អាស៊ីដ​រំលាយ​អាហារ ហើយ​តម្រង​នោម​ក៏​ផលិត​ទឹក​នោម​ដែល​ត្រូវ​បញ្ចេញ​មក​ជាមួយ​ទឹក​នោម​ម៉ាក់។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

មុន​ពេល​មាន​ផ្ទៃ​ពោះ​ស្បូន​ស្រី​ៗយើង មាន​ទំហំ​ប៉ុន​ផ្លែ​ប៉េស​ប៉ុណ្ណោះ តែ​ក្នុង​សប្តាហ៍​នេះ​វា​ចាប់​ផ្តើម​ធំ​ប៉ុន​ផ្លែ​ក្រូច​ថ្លុង​ហើយ​។ ពោះ​របស់​ម៉ាក់​ក៏​ផ្តើម​លយ​ធំ​មក​ខាង​មុខ​ហើយ​អាច​ចាប់​ផ្តើម​ពាក់​អាវ​ស្រីៗ​មាន​ផ្ទៃ​ពោះ​បាន។ ប៉ុន្តែ​បើ​យើង​នៅ​ទើស​ទាល់​មិន​ចង់​ពាក់​អាវ​មាន​ផ្ទៃ​ពោះ អាច​ពាក់​ខោ ឬ​សំពត់​យឺតៗ (ពាក់​ក្រោម​ក្បាល​ពោះ) ក៏​បាន​ដែរ។

តើ​អ្វី​ដែល​យើង​គួរ​បារម្ភ?

មិន​បាច់​ប្រាប់​ក៏​ដឹង​ដែរ ស្រីៗ​ប្រហែល​ជា​បារម្ភ​ពី​រឿង​ឡើង​ទម្ងន់​ហើយ​មែន​ទេ​? វា​ជា​រឿង​ធម្មជាតិ​ដែល​មិន​អាច​ជៀស​បាន​ទេ តែ​អ្វី​ដែល​យើង​គួរ​ដឹង​នោះ តើ​ត្រូវ​ឡើង​ទម្ងន់​ប៉ុន្មាន​ទើប​សម​ស្រប​? ជា​ទូទៅ​ស្រីៗ​យើង​អាច​ឡើង​ពី ១១ ទៅ ១៦គីឡូក្រាម ដែល​នេះ​ជាតួ​លេខ​សម្រាប់​ស្ត្រី​ដែល​មាន​សមមាត្រ​ម៉ាស​រាង​កាយ​ធម្មតា​។ បើ​សិន​ជា​ស្រីៗ​យើង​ស្គម​វិញ យើង​គួរ​តែ​ដំឡើង​ទម្ងន់ ផ្ទុយ​ទៅ​វិញ​បើ​យើង​លើស​ទម្ងន់​ស្រាប់​ហើយ ​ត្រូវ​តែ​រក្សា​កុំ​ឲ្យ​កើន​ខ្ពស់​ពេក​ព្រោះ​វា​អាច​មាន​ផល​ប៉ះ​ពាល់​។

ការ​ឡើង​ទម្ងន់នេះ​មិន​មែន​កើន​តែ​នៅ​ពោះ​របស់​យើង​នោះ​ទេ​ វា​បែង​ចែក​ទៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ដើម្បី​ទ្រទ្រង់​ខ្លួន​យើង ​និង​ចិញ្ចឹម​អាអូន។ ឧទាហរណ៍ បើ​យើង​ឡើង​ ១៥ គីឡូក្រាម ខាង​ក្រោម​នេះ​ជា​ការ​បែង​ចែក​​ទម្ងន់៖

– បេប៊ី ៣,៧៥ គីឡូក្រាម

–  សុក ០,៧៥ គីឡូក្រាម

– ទឹក​ភ្លោះ ១ គីឡូក្រាម

– ការ​រីក​ធំនៃ​ស្បូន ១ គីឡូក្រាម

– កោសិកា​សុដន់ ១ គីឡូក្រាម

– ឈាម​ម្តាយ ២ គីឡូក្រាម

– ទឹក​ក្នុង​ជាលិកា​ម្តាយ ២ គីឡូក្រាម

– ខ្លាញ់​ក្នុង​រាងកាយម្តាយ ៣,៥ គីឡូក្រាម។

ទោះ​យ៉ាង​ណា​ស្រីៗ​យើង​កុំ​ព្រួយ​រឿង​ឡើង​ទម្ងន់​ពេក​អី ដរាប​ណា​យើង​រក្សា​របប​អាហារ​បាន​ត្រឹម​ត្រូវ ដោយ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន នោះ​បេប៊ី​នឹង​ទទួល​បាន​សារជាតិ​ចិញ្ចឹម​ចាំ​បាច់​សម្រាប់​លូត​លាស់។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?

វា​ជា​រឿង​ធម្មតា​ក្នុង​ត្រី​មាស​ទី​១​ដែល​ស្រីៗ​យើង​មាន​អារម្មណ៍​ឆាប់​ហត់​អស់​កម្លាំង។ មូលហេតុ​សំខាន់​ជាង​គេ​គឺ​រាង​កាយ​យើង​ធ្វើការ​ខ្លាំង​ជាង​មុន​ដើម្បី​ទ្រទ្រង់​ការ​លូតលាស់​របស់​បេប៊ី។ អ័រម៉ូន​ក៏​ធ្វើ​ឲ្យ​កើន​បរិមាណ​ឈាម​ក្នុង​រាង​កាយ។ ការ​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន។

ធ្វើតេស្តអីខ្លះ?

– ថ្លឹងទម្ងន់ និង​វាស់សម្ពាធ​ឈាម

– ពិនិត្យ​ជាតិ​ស្ករ និង​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម

– វាស់​ចង្វាក់​បេះដូង​របស់​បេប៊ី

– វាស់​ទំហំ​ស្បូន​ដោយ​ស្ទាប​ពី​ខាង​ក្រៅ​​

– រក​មើល​គូទ​​ និង​វាស់ក​ម្ពស់បេប៊ី ​

– ពិនិត្យ​មើល​ក្រែង​មាន​ហើម​ដៃ ហើម​ជើង

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងអីខ្លះ?

គ្នាយើង​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា​មាន​ផ្ទៃ​ពោះ​អ៊ីចឹង​អាច​រួម​ភេទ​បាន​អត់? ចម្លើយ គឺ​អាច​រួម​ភេទ​ធម្មតា​​បើ​យើង​មាន​កម្លាំង និង​ចំណង់​។ ចំពោះ​ស្រីៗ​ខ្លះ​ការ​នឿយហត់ និង​ចាញ់​អា​អូន​មិន​សូវ​មាន​ចំណង់​ផ្លូវ​ភេទប៉ុន្មាន​​ទេ។

បើ​សិន​ជា​បាន​ជួប​គ្រូពេទ្យ យើង​ចាំ​បាច់​ត្រូវ​សួរ​នាំ​ពី​បញ្ហា​ខាង​លើ​ឲ្យ​បាន​ច្បាស់ ដើម្បី​សុវត្ថិភាព​ទាំង​ម៉ាក់ និង​បេប៊ី។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​ទាំង​ឡាយ​ដែល​គ្រូ​ពេទ្យ​ហាម​មិន​ឲ្យ​យើងរួម​ភេទ​ពេល​មាន​អាអូន​៖

-​​ ប្រឈម​នឹង​ការ​កើត​បេប៊ី​មុន​ខែ

– ធ្លាក់​ឈាម​ដោយ​គ្មាន​មូលហេតុ

– ទឹក​ភ្លោះ​លេច​ចេញ​ក្រៅ

– មាន​ប្រវត្តិ​​កើត​កូន​មិន​គ្រប់​ខែ

– មាន​បេប៊ី​ភ្លោះ

– មាត់​ស្បូន​ចាប់​ផ្តើម​បើក​មុន​ខែ (ខ្សោយ​សាច់ដុំ​មាត់​ស្បូន​)

– សុក​ពាំង​មាត់​ស្បូន​មួយ​ផ្នែក ឬ​ទាំង​ស្រុង។

មិន​បាច់​ព្រួយ​ទេ បើ​យើង​ពុំ​មាន​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ​នេះ​ទេ មាន​ន័យ​ថា​យើង​អាច​រួម​ភេទ​បាន​ធម្មតា មិន​មាន​គ្រោះ​ថ្នាក់​ឡើយ។

ចាំ​ជួប​គ្នា​សប្តាហ៍​ក្រោយ​ណា​! មើល​ទៅអា​អូនធំ​បន្តិច​ម្តង​ៗ​ហើយ​!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? On 06/06/2015 http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.

Pregnancy Calendar – Week 10 http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week10.html#cat20733. Accessed May 27, 2016.

Your pregnancy – 10 weeks http://www.babycenter.com/6_your-pregnancy-10-weeks_1099.bc. Accessed May 27, 2016.

10 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-10.aspx. Accessed May 27, 2016.

How much weight you should gain during pregnancy. http://www.whattoexpect.com/pregnancy/weight-gain/. Accessed May 27, 2016.

Sex during pregnancy. http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/sex-during-pregnancy/art-20045318?pg=2. Accessed May 27, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម