home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សប្តាហ៍ទី ១៤៖ ដល់ពេលបេប៊ី មានទំហំប៉ុនផ្លែក្រូច

ការលូតលាស់គភ៌|បម្រែបម្រួលរាងកាយ|ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ|សុខភាព និង សុវត្ថិភាព
សប្តាហ៍ទី ១៤៖ ដល់ពេលបេប៊ី មានទំហំប៉ុនផ្លែក្រូច

ការលូតលាស់គភ៌

“Hello គ្រូពេទ្យ” សូមស្វាគមន៍​​​ក្នុង​​​ការ​​​ឈាន​​​ចូល​​​មក​​​ដល់​​​ត្រី​​​មាស​​​ទី​​​២! ​​​នេះ​​​​ជា​​​វេលា​​​ដ៏​​​សំខាន់​​​មួយ​​​សម្រាប់​​​ការ​​​វិវត្ត​​គភ៌។​​! ក្នុង​​​សប្ដាហ៍​​​ទី ​​​១៤​​​​​នេះ​បេប៊ី​​​​​​នឹង​​​​​​មាន​​​ទំហំ​​​ប៉ុន​ផ្លែ​​​ក្រូច​​​ឆ្មា​​​រ​ពណ៌​​​លឿង មាន​ទម្ងន់​ប្រមាណ​​​​​​ជា​​​ ៤៥ ក្រាម និង​​​ប្រវែង​ប្រហែល​​​ ៩ សង់ទីម៉ែត្រ

ម៉ាក់ៗ​ចង់​ដឹង​អត់ អាអូន​លូត​លាស់​អ្វី​​ខ្លាំង​ជាង​ក្នុង​សប្តាហ៍​នេះ? ប្រាកដ​ជា​សក់​ហើយ សក់​អាអូន​នឹង​ផ្តើម​ដុះ​គ្រប់​កន្លែង មិន​ថា​តែ​លើ​ក្បាល ឬ​ចិញ្ចើម​នោះ​ទេ។ ស្រទាប់​រោម​ស្តើងៗ​ក៏​មាន​កាន់​តែ​ច្រើន ដើម្បី​រក្សា​កម្ដៅ​របស់​អាអូន។ ស្រប​​​ពេល​​​ជាមួយ​​​គ្នា​​​នេះ ថ្លើម​របស់​អា​អូន​នឹង​ចាប់​ផលិត​ទឹក​ប្រមាត់។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

ដោយ​​​សារ​​​តែ​​​អាការៈ​​​ចាញ់​​​កូន​​​​​​អន់​​​ថយ​​​បន្តិច​​​ម្តង​​​ក្នុង​​​ត្រីមាស​​​ទី​​​២​​​នេះ ម្ល៉ោះ​ហើយ​យើង​មាន​​​អារម្មណ៍​​​​​​ស្រស់ស្រាយ​​​ មាន​​​កម្លាំង​ជាង​​​មុន​​​។ ទោះ​​​បី​​​ជា​​​អាការៈទាំង​​​នោះ​​​បាត់​​​អស់ ក៏​​​មិន​​​មាន​​​​​​ន័យ​​​ថា​យើង​នឹង​​​លែង​​​មាន​បញ្ហា​ចោទ​អ្វី​ផ្សេង​ទៀត​ដែរ​​​។ ឈាន​​​ចូល​​​ដល់​​​សប្តាហ៍​​​ទី​​​ ១៤ ​​​នេះ គ្នា​យើង​ច្រើន​តែ​​​ឈឺ​​​ចាក់ៗ នៅ​​​ពោះ​​​មួយ​​​ចំហៀង ឬ​​​ក៍​​​សង​​​ខាង។

​នៅ​​​ពេល​​​ស្បូន​​​របស់​​​​​​កាន់​​​តែ​​​រីក​​​ធំ សរសៃ​​​ពួរ​​​ត​​​ភ្ជាប់​​​ពី​​​ឆ្អឹង​​​ត្រគាក​ទៅ​​​សាច់​​​ដុំ​​​ស្បូន​​​ក៏​​​រីក​​​តឹង​​​ បង្ក​​​ឲ្យ​​​​​​ការឈឺ​​​នេះ​​​កើតមាន​​​ឡើង​​​។ ប៉ុន្តែ​មិន​ជា​បញ្ហា​ធំ​ដុំ​ទេ យើង​គ្រាន់​តែ​​​សម្រាក​ឲ្យ​​​បាន​​ច្រើន ឬ​ទម្រេត​ខ្លួន​​​​​​ពេល​​​​ឈឺ នោះ​អ្វីៗ​នឹង​ប្រសើរ​ឡើង។

យើងគួរយល់ដឹងអ្វីខ្លះ?

ជាទូទៅ ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​របស់​​​ស្រីៗ​មាន​​​ផ្ទៃ​​​ពោះ​​​មិន​​​សូវ​​​​​​រឹងមាំ​​ដូច​​​មនុស្ស​​​ធម្មតា​​​ទេ ​​​ងាយ​​​នឹង​​​ឆ្លង​​​មេរោគ​​​ផ្សេងៗ ដូច​​​ជា ផ្តាសាយ ជាដើម។ ហេតុ​​​នេះ​​​យើង​​​គួរ​​​​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន ដោយ​​​រក្សា​​​អនាម័យ​​​ខ្លួន​​​ប្រាណ​​​ប្រចាំ​​​ថ្ងៃ​​​ឲ្យ​​​បាន​​​ល្អ ដូច​​​ជា​លាង​​​សម្អាត​​​ដៃ​​​នឹង​​​សាប៊ូ​​​ញឹក​​​ញាប់ មុន និង​​​ក្រោយ​​​​បន្ទោរ​​​បង់ ញ៉ាំ​នំ​ចំណី និង​រាល់​​​ពេល​​​​​​ប៉ះ​​​របស់​​​កខ្វក់​​​ផ្សេងៗ។ ជៀស​​​វាងការ​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​អ្នក​​​ជំងឺ​​ ឬ​​​ក៏​​ញ៉ាំ​អាហារ​​​រួម​​​ជាមួយ​​​នឹង​​​នរណា​​​ម្នាក់។ យើង​​​គួរ​​​ដាក់​​​ទឹក​​​លាង​​​ដៃ​​​អនាម័យ​​​តាម​​​កាបូប​​​ ដើម្បី​ប្រើ​ប្រាស់​ពេល​ចាំ​បាច់។

ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?

អំឡុង​ពេល​​​មាន​​​ផ្ទៃ​​​ពោះ ស្រីៗ​យើងនោមញឹក​ញាប់​ធ្វើ​ឲ្យ​រំខាន​ដំណេក និង​អស់​កម្លាំង​ពេល​ថ្ងៃ បណ្តាលឲ្យ​សុខភាព​យើង និង​បេប៊ី​ចុះ​ខ្សោយ។ ដូច្នេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ រក​វិធី​គេង​លក់​ស្កប់​ស្កល់​ដូច​ដើម។

តេស្តអីខ្លះដែលចាំបាច់?

ប៉ុន្មាន​​​សប្តាហ៍​​​មុន យើង​​​​បាន​​​​​​​​​​​​ឆ្លុះ​អេកូ​រក​​​មើល​ភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ក្រូម៉ូសូម​​​របស់​​​កូន​​​​​​ម្តង​​​ ហើយ​​​ប្រហែល​​​ជា​​​ទទួល​​​បាន​​​លទ្ធផល​​​ដែរ​​​។ បើ​​​លទ្ធផល​​​បង្ហាញ​​​​​​ថា អាអូន​​មាន​​​អត្រា​​​ប្រឈម​​​ខ្ពស់​​​នឹង​​​ជំងឺ​​​បង្ក​​​ដោយ​​​ភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ក្រូម៉ូសូម​ទាំង​​​នោះ តម្រូវ​ឲ្យ​បូម​ទឹក​ភ្លោះ​យក​ទៅ​ពិនិត្យ​ដើម្បី​បាន​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់។

ការ​​​បូម​​​ទឹក​​​ភ្លោះ​​​ទៅ​​​ពិនិត្យ​​​នេះ អាច​​​ធ្វើ បាន​​​នៅ​​​ចន្លោះ​​​សប្តាហ៍​​​ទី ​​​១៤ និង ១៨ នៃ​​​គភ៌ លទ្ធផល​​​របស់​​​វា​​​អាចកំណត់​​​បាន​​​ថា​​​កូន​​​​​យើង​​​មាន​​​ភាព​​​មិន​​​ប្រក្រតី​​​ណាមួយ​​​​​​នៃ​​​ក្រូម៉ូសូម​​​ ដូច​​​ជា Down syndrome (ក្មេងកើតមកសតិមិនប្រក្រតី) ជា​ដើម។ ​​​ភាព​​​សុក្រឹត​​​នៃ​​​លទ្ធផល​​​តេស្ត​​​នេះ​​​មាន ដល់​​​ទៅ ​​​៩៩​​% តែ​​​ក៏​​​នាំ​​​ឲ្យ​​​មាន​​​ហានិភ័យ​​​នៃ​​​ការ​​​រលូត​​​កូន ១% ​​​ដែរ។ សូម​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ​មុន​នឹង​សម្រេច​ធ្វើ​តេស្ត​នេះ។

សុខភាព និង សុវត្ថិភាព

– ត្រូវដឹងពីអីខ្លះ?
ដើម្បី​ឲ្យ​សុខភាព​យើង និង​អាអូន​ក្នុង​ផ្ទៃ​រឹងមាំ គួរ​តែ​ស្វែង​យល់​ពី​ចំណុច​មួយ​ចំនួន​នេះ៖

ការញ៉ាំទឹក៖ នៅ​​​ពេល​​​​​​ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​យើង​​​មិន​​​រឹង​​​មាំដូច​​​មុន ងាយ​​​ប្រឈម​​​នឹង​​​ឆ្លង​​​មេរោគ​​​ជា​​​ច្រើន ក្នុង​​​នោះ​​​ក៏​​​មាន​​​ក្នុង​​​ទឹក​​​ផង​​​ដែរ។ ហេតុនេះយើង​គួរ​​​តែ​​​ញ៉ាំទឹក​​​សុទ្ធ ឬទឹក​​​ឆ្អិន​​​ជានិច្ច ជៀស​​​វាង​​​ការ​​​ញ៉ាំទឹក​​​មិន​​​ស្អាត។

ការ​​​ត្រាំ​​​ទឹក​​​ក្តៅ៖ ការ​​​ត្រាំ​​​ទឹក​​​ក្តៅ​​​អាច​​​ជួយ​​​កាត់​​​បន្ថយ​​​អាការៈ​​​ផ្សេង​​​ៗ​​​បាន​​​មួយ​​​កម្រិត​​​រ តែ​​យើង​គួរ​តែ​​​ពិនិត្យ​​​លើ​​​កម្ដៅ​ទឹក​​​ដែរ ជៀស​​​វាង​​​ការ​​​ត្រាំ​​​ទឹក​​​ដែល​​​ក្តៅ​​​ពេក​​​​​​នាំ​​​ឲ្យ​​​សីតុណ្ហភាព​​​ក្នុង​​​ខ្លួន​​​ឡើង​ដល់ ៣៩ ​​​​​​អង្សាសេ។ បើ​បន្ត​ត្រាំ​បែប​នេះ​លើស​រយៈ​ពេល ១០នាទីទៀត វា​អាច​ធ្វើ​ឲ្យ​យើង និង​បេប៊ី​ក្នុង​ពោះ​មាន​បញ្ហា​មួយ​ចំនួន​ដូចជា៖
សម្ពាធ​​​ឈាម​​​ចុះ​​​ទាប
វិល​​​មុខ និង​ស្រាល​ក្បាល
ខ្សោយ និង​​​អស់​​​កម្លាំង
បង្ក​​​បញ្ហា​​​ដល់​​​ការ​​​លូតលាស់​​​​​​គភ៌។

ដូចនេះ មុន​​​ពេល​​​ត្រាំ​​​ទឹក​​​ក្តៅ​​​លើក​​​ក្រោយ យើង​​​គួរ​​​តែ​​​កំណត់​​​ពេល​​​វេលា និង​​​ពិនិត្យមើល​សីតុណ្ហភាព​​​ទឹក​​​ឲ្យ​​​បាន​​​ច្បាស់​​​លាស់​​​ជាមុន​​​សិន​​​។

ចង់​​​ដឹង​​​ថា​​​សប្ដាហ៍​​​ទី​​​ ១៥ ​​​នៃ​​​គភ៌​​​មាន​​​អ្វី​​​ខុស​​​ប្លែក​​​មែន​​​ទេ​​​? ជួប​​​គ្នា​​​នៅ​​​អត្ថបទ​​​បន្ទាប់​​​ណា៎!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed June 1, 2016.

Pregnancy calendar week 14. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week14.html. Accessed June 1, 2016.

Your pregnancy: 14 weeks. http://www.babycenter.com/6_your-pregnancy-14-weeks_1103.bc. Accessed June 1, 2016.

Amniocentesis. http://www.whattoexpect.com/pregnancy/pregnancy-health/prenatal-testing/amniocentesis.aspx. Accessed June 1, 2016.

14 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-14.aspx. Accessed June 1, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Sao Solynet កែសម្រួល​ចុងក្រោយ 25/02/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត