home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សប្តាហ៍ទី ១៦៖ នៅក្នុងពោះសោះ អាអូនចេះលេងទឹកមុខម៉ាអេម

ការលូតលាស់គភ៌|បម្រែបម្រួលរាងកាយ|ការជួបជាមួយគ្រូពេទ្យ|សុខភាព និងសុវត្ថិភាព​
សប្តាហ៍ទី ១៦៖ នៅក្នុងពោះសោះ អាអូនចេះលេងទឹកមុខម៉ាអេម

ការលូតលាស់គភ៌

​ពរពោះ​​​ឈាន​ដល់​សប្តាហ៍​ទី​​ ១៦​ហើយ គភ៌​​មាន​ទំហំ​ប៉ុន​ផ្លែ​ប៊ឺរ​ ទម្ងន់ប្រហែល ១០០​ក្រាម និង​ប្រវែង​ ១២ សង់​ទីម៉ែត្រ។ ឆ្អឹង​ខ្នង និង​សាច់​ដុំ​ខ្នងលូត​លាស់​ល្អ​អាច​ឲ្យ​បេប៊ីក្នុង​ផ្ទៃ​ងើបក្បាល​ត្រង់​បាន។ ​មាន​ន័យ​ថា​ អាអូនអាច​នឹង​បញ្ចេញ​ទឹក​មុខ​ខ្លះៗ​ហើយ​​ដូច​ជា​ព្រិច​ភ្នែក ជ្រួញ​ចិញ្ចើម និ​ង​ញញឹម​ជា​ដើម។

​បើ​សិន​ជា​យើង​អាច​មើល​ទម្លុះ​ស្បូន​បាន នោះ​យើង​នឹង​ឃើញ​ថា​ស្បែក​អាអូន​​មាន​សភាព​ថ្លា​ឆ្វង់​ ​ឃើញ​សរសៃ​ឈាម​តូចៗ​នៅ​តាម​ស្រទាប់​ស្បែក ដោយសារ​អាអូនមិន​ទាន់​មាន​ខ្លាញ់​នៅ​តាម​ស្បែក។ ​ត្រចៀក​កូន​យើង​មាន​ពេញ​លេញ​ហើយ ដូច​នេះ​គេ​អាច​ឮ​សំឡេង​របស់​ម៉ាក់​។

ការ​និយាយ​ទៅ​កាន់​បេប៊ី ឬ​ច្រៀង​ឲ្យ​ស្តាប់ ជា​វិធី​ដ៏​ល្អ​សម្រាប់​ភ្ជាប់​​ទំនាក់​ទំនង​រវាង​យើង​ទៅ​កូន។ អាអូន​អាច​មាន​អារម្មណ៍​ល្អ រីករាយ ដែល​បាន​ឮ​សំឡេង​ទោះ​គេ​មិន​ទាន់​យល់​អ្វី​ដែល​និយាយ​​ក៏​ដោយ។

បម្រែបម្រួលរាងកាយ

១- រាងកាយយើងប្រែប្រួលអីខ្លះ?

ក្នុង​សប្តាហ៍ទី ១៦ នេះ យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ពោះ​អ្នក​ចេះ​តែ​កូរ ពិសេស​ស្រីៗ​យើង​ដែល​ពរពោះ​លើក​ដំបូង​អាច​ច្រឡំ​គ្នា​ថា​ជា​ការ​កូរ​ពោះ ឬ​ដើរ​ខ្យល់ តែ​ការ​ពិត​នោះ​វា​ជា​ការ​ធាក់​របស់​កូន​ទៅ​វិញទេ។ ពោះ​កាន់​តែ​ធំជាង​មុន​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ស្លៀកពាក់ ដូច្នេះ​គួរ​រើស​យក​ខោ​អាវ​ដែល​រលុង​ៗ ពាក់​ទៅ​ស្រួល​ខ្លួន និង​មិន​រមាស់។

យើង​គួរ​បារម្ភពី​អី?

​ចាប់​អាម្មណ៍​ទេ ដង្ហើម​យើង​អាច​នឹង​ញាប់​ជាង​មុន​ តែ​កុំ​ភ័យ​អី! ជារឿងធម្មតាទេ ការដកដង្ហើម​ញាប់​ជាង​មុន​កើត​មាន​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះជា​ច្រើន​ វា​ច្រើន​កើត​មាន​នៅ​ក្នុង​ត្រី​មាស​ទី ​២​ នៃ​គភ៌។ មូល​ហេតុ​បណ្តាល​មក​ពីព​ពួក​អ័រ​ម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​នេះ​ឯង។ ពួក​អ័រម៉ូន​ទាំង​នេះ​ទៅ​ភ្ញោច​ខួរ​ក្បាល​ឲ្យ​យើង​ដក​ដង្ហើម​យក​អុក​ស៊ី​សែន​​ឲ្យច្រើន​ជាង​មុន​ដើម្បី​ឲ្យកូន។ មូល​ហេតុ​មួយទៀត​ដោយសារ​អាអូន​អាច​នឹង​លូត​លាស់​ធំ​ជាង​មុន ហើយ​រុញ​សង្កត់​លើ​សាច់​ដុំ​សន្ទះ​ទ្រូង​ដែល​ខណ្ឌ​ចែក​ប្រអប់​ទ្រូង និង​ពោះ។ ត្រូវចាំថា ពេល​គភ៌​កាន់​តែ​ធំ ការ​ដក​ដង្ហើម​កាន់​តែ​ពិបាក​ជាង​មុន។

ការជួបជាមួយគ្រូពេទ្យ

២- គួរប្រាប់អីខ្លះទៅពេទ្យ?

មាន​សង្កេត​ទេ​ថា យើង​ញ៉ាំរ​បស់​ផ្អែម​ច្រើន ហើយ​ភ័យ​ខ្លាច​កើន​ជាតិ​ស្ករ​ក្នុង​ទឹក​នោម​ច្រើន​ជាង​ធម្មតា។ យើង​គួរ​ប្រាប់​បញ្ហា​នេះ​ឲ្យ​ពេទ្យ​ដឹង ពិសេស​បើ​សិន​ជា​យើង​មាន​ប្រ​វត្តិ​គ្រួ​សារ​កើត​ជំងឺ​ទឹកនោម​ផ្អែម។

ខ្លួន​ប្រាណ​យើងត្រូវ​ការ​ជាតិ​ស្ករ​ដើម្បី​បម្លែង​ទៅ​ជា​ថាម​ពល​ ហើយ​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​ជា​អ្នក​សម្រប ​តម្រូវ​និង​ទាញ​យក​ចូល​ទៅ​ក្នុង​កោសិកា​ដើម្បី​ប្រើ​ប្រាស់។ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ មាន​អ័រម៉ូន​ប្រឆាំង​នឹង​អាំង​ស៊ុយ​លីន​ដើម្បី​ទាញយក​ជាតិ​ស្ករ​ទៅ​ឲ្យ​ទារក​ក្នុង​ពោះ​ដែរ។ ដូច​នេះ​ពេល​ខ្លះ​យើង​​ឃើញ​មាន​ជាតិ​ស្ករ​នៅ​ក្នុង​ទឹក​នោម។ តែ​កុំ​បារម្ភអី​ វា​មាន​បណ្តោះ​អាសន្ន​​ប៉ុណ្ណោះ ការ​ធ្វើ​តេស្ត​លើក​ក្រោយ​អាច​នឹង​ធម្មតា​វិញហើយ។

ត្រូវ​ដឹង​ពី​តេស្ត​អីខ្លះ?

ក្នុង​អំឡុ​ង​ពេល​នេះ មាន​ការ​ធ្វើ​តេស្ត​ជា​ប្រ​ចាំ​មួយ​ចំនួនត្រូវ​តាម​ដាន​​ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​មាន​ទម្ងន់សមសម្រប និងមានសុខភាពល្អ​៖

– ថ្លឺងទម្ងន់

– វាស់កម្ពស់​ស្បូន

– វាស់សម្ពាធ​ឈាម

– វាស់ចង្វាក់​បេះដូង​ទារក

– វាស់ទំហំ​ស្បូនពីខាងក្រៅ

– តេស្ត​រក​មើល​ហើម​ដៃ​ជើង

– តេស្ត​ទឹក​នោម (តេស្ត​ជាតិ​ស្ករ ​និង​ប្រូតេអ៊ីន)។

សុខភាព និងសុវត្ថិភាព​

៣- ត្រូវដឹងអីខ្លះ?
ទាំង​នេះ​ជា​កង្វល់​ពី​សុខភាព​ និង​សុវត្ថិភាព​របស់​យើង ​និង​កូន៖

ការហែលទឹក៖ វិធី​ដ៏​ល្អ​ដើម្បី​ឲ្យ​រាង​កាយ​នៅ​សកម្ម និង​ធ្វើ​ចលនា​សាច់​ដុំ​អាង​ត្រគាក ​វា​​មាន​សុវត្ថិភាព​ល្អ​ណាស់ មិន​ប៉ះពាល់​ដល់​អាអូន​ទេ​លើក​លែង​តែ​គ្រូ​ពេទ្យ​ហាម​ឃាត់។ យើង​អាច​ចាប់​ផ្តើម​ដោយ​ការ​ហែល​យ៊ឺតៗ ហើយ​បង្កើន​កម្រិត​ពេល​ខ្លួន​យើង​អាច​ទៅ​រួច។ យ៉ាង​ណា​ក៏​ដោយ យើង​គួរ​ប្រុង​ប្រយ័ត្ន​ពេល​ទៅ​ហែល​ក្នុង​អាង​ហែល​ទឹក​រួម ដែល​មាន​មនុស្ស​ច្រើន​ពី​កន្លែង​ផ្សេងៗ​គ្នា ព្រោះប្រព័ន្ធ​ការពារ​យើង​​ខ្សោយ​ជាង​មុន​ធ្វើ​ឲ្យ​ងាយ​​ឆ្លង​រោគ។

ជំងឺ​អុត​ស្វាយ៖ គ្រោះថ្នាក់​បំផុត! មិន​ត្រូវ​នៅ​ក្បែរ​អ្នកមាន​ជំងឺ​នេះ​ទេ ប្រព័ន្ធ​ការពារ​យើង​មិន​ខ្លាំង​ដូច​កាល​ពី​មុន​នោះទេ មិន​អាច​ប្រឆាំង​នឹង​មេរោគ​ជំងឺ​អុតស្វាយ​បាន​ឡើយ។ ជំងឺ​អុត​ស្វាយ​បង្ក​ឡើង​ដោយ​វីរុស​ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​របស់​បេប៊ី ដូចជា​បញ្ហា​ពី​កំណើត​មួយ​ចំនួន ​មានដូចជា ក្បាល​តូច​ជាង​ធម្មតា ដៃ​ជើង​មិន​គ្រប់។ គួរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ និង​ទៀង​ទាត់។

យើង​នឹង​ជួប​គ្នា​​បន្ថែម​ពី​ការ​វិវត្ត​គភ៌​ក្នុង​សប្តាហ៍​ទី​ ១៧​ ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed June 2, 2016.

Pregnancy calendar week 16. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week16.html. Accessed June 2, 2016.

16 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-16.aspx. Accessed June 2, 2016.

Your pregnancy: 16 weeks. http://www.babycenter.com/6_your-pregnancy-16-weeks_1106.bc . Accessed June 2, 2016.

Shortness of breath during pregnancy. http://www.whattoexpect.com/pregnancy/symptoms-and-solutions/short-breath.aspx. Accessed June 2, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Chamnan Amrith កែសម្រួល​ចុងក្រោយ 25/02/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត