
ពពោះ ១៨ សប្តាហ៍ហើយ! កូនយើងមានទំហំប៉ុនផ្លែម្ទេសប្លោក ទម្ងន់ប្រមាណ ២០០ ក្រាម ប្រវែងប្រហែល ១៤ សង់ទីម៉ែត្រ។ អាអូនផ្ដើមចេះរើ គេអាចប្រែខ្លួន រមួលខ្លួន និងធាក់បាន។ ម៉ាក់អាចដឹងថាកូនស្ងាប និងត្អើក។ ត្រចៀកអាអូនកំពុងលូតលាស់ អាចស្ដាប់ឮយើងនិយាយទៀត។ វាជាពេលល្អដែលយើងគួរនិយាយទៅកូនដែលអាចធ្វើឲ្យគេមានអារម្មណ៍ល្អ។
ភ្នែកអាអូនក៏វិវត្តដែរ ភ្នែកទាំងពីររត់មកមុខ លែងនៅខាងៗដូចមុនហើយ ឯស្រទាប់រ៉េទីនក៏អាចទទួលពន្លឺបាន បើសិនជាយើងបញ្ចាំងភ្លើងទៅក្នុងពោះ។

១- រាងកាយយើងប្រែប្រួលអីខ្លះ?
ការឈឺចង្កេះអាចនឹងធ្ងន់ធ្ងរជាងមុន តែមិនអីទេព្រោះវាជារឿងធម្មតានៅពេលមានផ្ទៃពោះ។ ពេលពោះកាន់តែធំ ចង្កេះកាន់តែឈឺ ដោយសារចំណុចកណ្តាលនៃទម្ងន់ខ្លួនយើងផ្លាស់ប្តូរ ធ្វើឲ្យចង្កេះទ្រទម្ងន់កាន់តែខ្លាំង។ មូលហេតុមួយទៀតនោះគឺអ័រម៉ូនទៅធ្វើឲ្យឆ្អឹងអាងត្រគាករីកធំ សរសៃពួរធូរជាងមុន។
ទាំងនេះជាជំនួយខ្លះ កុំឲ្យឈឺចង្កេះខ្លាំង៖
-មិនគួរអង្គុយយូរជាង ១ម៉ោង៖ យើងគួរងើបដើរចុះឡើងឲ្យសាច់ដុំ និងសន្លាក់បានធ្វើការ ដើម្បីឲ្យឈាមរត់បានល្អ។ បើការងារយើងតម្រូវឲ្យអង្គុយ ត្រូវអង្គុយងើបៗ ដោយតោងកៅអីដើម្បីបន្ថយសម្ពាធនៅចង្កេះ។
-មិនគួរឈរយូរពេក៖ តែបើយើងត្រូវឈរចម្អិន ឬអ្វីផ្សេងនោះ គួរឈរលើកម្រាលដែលក្រាស់ដើម្បីបន្ថយសម្ពាធនៅខ្លួន និងចង្កេះ។
-មិនគួរលើករបស់ធ្ងន់៖ តែបើចាំបាច់ ត្រូវលើកយឺតដោយប្រើកម្លាំងជើង។ បើថង់អីវ៉ាន់យើងធ្ងន់ គួររំលែកជា២ស្មើគ្នា យួរដោយដៃសងខាង។
យើងគួរបារម្ភពីអីខ្លះ?
ពេលខ្លះការឃ្លានពេលមានផ្ទៃពោះ ធ្វើឲ្យយើងចង់ញ៉ាំរបស់ហឹរ និងក្តៅដែលអាចឲ្យប្រឈមនឹងការក្រហាយទ្រូងកាន់តែខ្ពស់។ ដូច្នេះប្រសិនបើក្រពះមិនសូវល្អ គួរគិតឡើងវិញ កុំចេះតែញ៉ាំតាមចិត្តចង់។ ពេលពពោះអ័រម៉ូនប្រែប្រួល ការកន្រា្តក់សាច់ដុំនៅក្រពះ និងពោះវៀនថយចុះ ធ្វើឲ្យការរំលាយអាហារពិបាកជាងមុន។ ដូច្នេះយើងគួរតែញ៉ាំអាហារតិចៗ ហើយច្រើនដងវិញដើម្បីបន្ថយអាការៈក្រហាយទ្រូង។
៣- ប្រាប់់អីខ្លះទៅពេទ្យ?
ភ្នែកយើងមានសង្កេតឃើញអ្វីអណ្តែតៗពេលមើលទេ? វាជារឿងធម្មតា នេះមកពីអ័រម៉ូនក្នុងពេលមានផ្ទៃពោះនេះឯង។ ទឹកភ្នែកក៏មិនសូវមានដែរ ធ្វើឲ្យភ្នែកស្ងួត និងស្រវាំងជាងមុន។ ទៅជួបគ្រូពេទ្យភ្លាម បើសិនកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ ភ្នែកស្រវាំងអាចជាសញ្ញានៃការកើនឡើងសារធាតុរាវក្នុងភ្នែក ដែលត្រូវព្យាបាល។ ហេតុផលផ្សេងទៀតរួមមាន ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ និងលើសសម្ពាធឈាម។
ធ្វើតេស្តអីខ្លះ?
គ្រូពេទ្យអាចនឹងពិនិត្យអេកូនៅក្នុងត្រីមាសទី ២ ដែលនឹងធ្វើនៅចន្លោះសប្តាហ៍ទី ១៨ និង ២២ នៃការពពោះ។ គ្រូពេទ្យនឹងពិនិត្យមើលការលូតលាស់បេប៊ីតាមម៉ាស៊ីនអេកូបែប ៣-D ឬ ៤-D ដូច្នេះយើងនឹងបានឃើញរូបភាពពិតៗជាច្រើនរបស់អាអូន និងវីដេអូបង្ហាញពីអាអូនក្នុងពោះ។ គ្រូពេទ្យក៏នឹងវាស់ទំហំសរីរាង្គបេប៊ីដូចជា បរិមាណទឹកភ្លោះ ទីតាំងសុក ដើម្បីឲ្យប្រាកដថាអាអូនមានឈាមទៅចិញ្ចឹមគ្រប់គ្រាន់។
៣- #យើងត្រូវដឹងពីអីខ្លះ?
មានចំណុចសំខាន់ ២ ដែលស្រីៗយើងគួរដឹងនៅសប្តាហ៍ទី ១៨នេះ៖
សារធាតុគ្រោះថ្នាក់ក្នុងអាហារសមុទ្រ៖ យើងនៅតែអាចញ៉ាំគ្រឿងសមុទ្របានដូចធម្មតា តែគួរចាំថាមិនត្រូវញ៉ាំច្រើននោះទេ។ គ្រឿងសមុទ្រមានសារធាតុចិញ្ចឹមជាច្រើន តែក៏មានសារធាតុពុលដែរ ដូចជា Dioxin និងបារត។ បើសិនជាជាតិពុលនោះច្រើនពេកវាអាចនឹងប៉ះពាល់ដល់ការវិវត្តរបស់បេប៊ី។
អស់កម្លាំង៖ បើយើងហត់ពេលដើរ ត្រូវសម្រាកសិនទើបទៅមុខទៀតបាន។ ការធ្វើការរហូតដល់អស់ដៃអស់ជើងមិនមែនជារឿងល្អនោះទេ។ ពេលមានផ្ទៃពោះការធ្វើបែបនេះមានគ្រោះថ្នាក់ណាស់ ព្រោះវាធ្វើឲ្យយើង និងកូនហត់ដូចគ្នា បណ្តាលសុខភាពមិនល្អឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed June 10, 2016.
Pregnancy calendar week 18. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week18.html. Accessed June 10, 2016.
Your pregnancy: 18 weeks. http://www.babycenter.com/6_your-pregnancy-18-weeks_1108.bc. Accessed June 10, 2016.
18 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-18.aspx. Accessed June 10, 2016.
Blurred Vision During Pregnancy. http://www.whattoexpect.com/pregnancy/symptoms-and-solutions/vision.aspx. Accessed June 10, 2016.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Chamnan Amrith
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ