១- បេប៊ីលូតលាស់ដល់ណាហើយ?
នៅសប្តាហ៍ទី ៤២ ការមានផ្ទៃពោះអាចចាត់ទុកថាហួសការកំណត់ (លើសថ្ងៃដែលត្រូវកើត)។ ទោះជាយ៉ាងណា រឿងសំខាន់បំផុត យើងត្រូវយល់ដឹងពីស្ថានភាពនេះ វាមិនប្រាកដថា មានអ្វីប៉ះពាល់លើបេប៊ីក្នុងផ្ទៃនោះទេ។ ការពិត បេប៊ីភាគច្រើន មិនបានកើតតាមថ្ងៃដែលបានកំណត់ឡើយ

ផ្ទុយទៅវិញភាគច្រើនកើតក្នុងអំឡុងពេល ២ សប្ដាហ៍នៃថ្ងៃបានកំណត់ មានន័យថាបើបេប៊ីមិនទាន់កើតនៅអំឡុងពេលនេះ ក៏មិនមានអ្វីជាការបារម្ភដែរ។ ៩៨% បេប៊ីច្រើនកើតមុនចុងសប្ដាហ៍ទី ៤២ ដូចនេះ អូនៗនឹងកើតលឿនជាងការគិតរបស់យើង។
ដំណាក់កាលនេះ អូនៗអាចមានទំហំប៉ុនផ្លែខ្នុរ ឬផ្លែឪឡឹក តែកុំទាន់ភ័យអី ទោះបីជាអូនៗមានទំហំធំក៏ពិតមែន តែយើងនៅអាចសម្រាលតាមធម្មជាតិបាន។
យ៉ាងណាមិញទោះបីជារឿងធម្មតាក៏ដោយ តែបេប៊ីដែលក្រកើតអាច មានបញ្ហាគួរឲ្យកត់សម្គាល់ ដូចជា សក់ ឬក្រចកវែងជាងក្មេងធម្មតា ស្បែកស្ងួត របក ប្រេះ ឬជ្រួញជាដើម។ បញ្ហាទាំងនេះភាគច្រើនកើតឡើងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែក្នុងអំឡុងពេលកំណត់ត្រូវសម្រាលនោះ ទឹករំអិលការពារទារកក្នុងផ្ទៃ ចាប់ផ្តើមស្រកចុះបន្តិចម្តងៗ។
២- រាងកាយម៉ាក់ៗប្រែប្រួលបែបណាខ្លះ?
នៅសប្ដាហ៍ទី ៤២ យើងអាចមានរោគសញ្ញាដូចជាសប្ដាហ៍មុនៗ រួមមាន រមួលក្រពើ ពិបាកគេង ឈឺចង្កេះ ធ្ងន់ត្រគាក ឫសដូងបាត នោមញឹក និងការកន្ត្រាក់ជាដើម។ មិនតែប៉ុណ្នោះ បញ្ហាស្ត្រេស ក៏អាចកើតមានដូចគ្នា។
អ្វីយើងអាចធ្វើបានដើម្បីខ្លួនឯង និងអូនៗក្នុងផ្ទៃ គឺព្យាយាមសម្រាកឲ្យបានច្រើន និងរង់ចាំឲ្យបេប៊ីកើតចេញដោយខ្លួនឯង។
ត្រូវចាំថាបេប៊ីអាចកើតនៅចុងសប្ដាហ៍ ដូចនេះគួរមានការប្រុងប្រយ័ត្នចំពោះសញ្ញានៃការសម្រាលរួមមាន៖
– ចេញជាតិរម្អិល (អាចជាឈាម )
– បែកទឹកភ្លោះ
– ការកន្ត្រាក់ថេរ និងខ្លាំងក្នុងចន្លោះពេលខ្លី
ចំណុចអីខ្លះគួរបារម្ភ?
ខណៈពេលបញ្ហានេះមិនមានគ្រោះថ្នាក់ក៏ដោយ តែសម្រាប់គ្នាយើងមានជំងឺ និងកំពុងពពោះ ៤២ សប្ដាហ៍ ប្រឈមខ្ពស់ទៅនឹងផលវិបាកដូចជា៖
– សុកមានបញ្ហា
– ទឹកភ្លោះតិច
– ទងសុកត្បៀត
– តម្រូវឲ្យទៅផ្នែកសង្រ្គោះបន្ទាន់សម្រាប់ទារក (neonatal intensive care unit)
– អាចមានរបួសក្នុងអំឡុងពេលសម្រាល
– តម្រូវឲ្យវះកាត់សម្រាល
៣- គួរប្រាប់អីខ្លះទៅពេទ្យ?
ការណាត់ជួបជាមួយពេទ្យ យើងគួរពិភាក្សាររាល់ផលវិបាកអាចកើតមានអំឡុងពេលមានផ្ទៃពោះនេះ ដូចជា ផលវិបាកបានរៀបរាប់ខាងលើ។
នៅសប្ដាហ៍ទី ៤២ យើងគួរតាមដានរាប់ចំនួនបេប៊ីកម្រើក តាមដែលអាចធ្វើបាន ដូចទៅនឹងត្រីមាសទី ៣ ។ បើចំនួនកម្រើកមានការផ្លាស់ប្ដូរ គួរប្រាប់ទៅគ្រូពេទ្យ ឬឆ្មបជាបន្ទាន់។
សញ្ញាផ្សេងទៀត យើងគួរប្រុងប្រយ័ត្នមាន ដូចជា ហូរទឹករម្អិលខុសធម្មតា ហូរឈាម ឬឈឺពោះ។ បើប្រទះសញ្ញាទាំងនេះ ត្រូវតែប្រាប់គ្រូពេទ្យជាបន្ទាន់។
តេស្តអីខ្លះចាំបាច់?
ក្នុងដំណាក់កាលនេះ រឿងសំខាន់បំផុត គឺត្រូវទទួលការមើលថែដិតដល់ពីគ្រូពេទ្យ ដោយសារតែបេប៊ីកើតយឺតពេល អាចប្រឈមខ្ពស់ទៅនឹងផលវិបាក ច្រើនជាងបេប៊ីកើតតាមការកំណត់។
ដរាបណាអូនៗស្ថិតក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ហើយមិនបង្ហាញសញ្ញាគួរឲ្យព្រួយបារម្ភនោះទេ ក៏មិនមានអ្វីត្រូវបារម្ភដែរ។
អំឡុងពេលនេះ ពេទ្យអាចនឹងធ្វើតេស្តមួយចំនួន ដើម្បីបញ្ជាក់ថាបេប៊ីមានសុខភាពល្អ។ តេស្តទាំងនោះរូមមាន ពិនិត្យអេកូនៅសប្ដាហ៍ទី ៤២ (Non-stress test) និងតេស្តការកន្ត្រាក់របស់ទារក។ គោលបំណងធ្វើតេស្តនេះ ដើម្បីបញ្ជាក់ថាបេប៊ីធ្វើចលនាបានល្អ ចង្វាក់ដង្ហើមល្អ មានទឹកភ្លោះគ្រប់គ្រាន់ និងចង្វាក់បេះដូងមានសុខភាពល្អ។
ដោយសារតែយើងមានការប្រឈមនឹងគ្រោះថ្នាក់ គ្រូពេទ្យអាចនឹងធ្វើការជំរុញពេលសម្រាល។ វិធីចាំបាច់ណាស់ បើតេស្តបង្ហាញថា បេប៊ីមិនអាចនៅក្នុងពោះយូរជាងនេះទៀត ការជំរុញឲ្យឆាប់សម្រាលច្បាស់ជាត្រូវធ្វើឡើងរួមមាន៖
– ច្បូតភ្នាសស្បូន៖ គ្រូពេទ្យនឹងយកដៃរកកិតនឹងថងទឹកភ្លោះ នាំឲ្យមានការបញ្ចេញអ័រម៉ូន ធ្វើឲ្យមានការកន្ត្រាក់អំឡុងពេល ៤៨ ម៉ោងក្រោយ។
– បំបែកថង់ទឹកភ្លោះ៖ គ្រូពេទ្យនឹងបំបែកថង់ទឹកភ្លោះ ដោយប្រើឧបករណ៍ជំនួយវេជ្ជសាស្ត្រ។
វិធីនេះនាំឲ្យមានការកន្ត្រាក់ក្នុងរយៈពេល ២-៣ ម៉ោង។
– បើកមាត់ស្បូន៖ គ្រូពេទ្យនឹងបញ្ចូលថ្នាំមួយប្រភេទគេស្គាល់ថា Prostaglandin ទៅក្នុងទ្វាមាស។ អំឡុងពេលមួយយប់ ថ្នាំនេះនឹងជួយឲ្យស្បូនបើក។
– ជំរុញការកន្ត្រាក់៖ គេចាក់ថ្នាំសំយោគពីអុកស៊ីតូស៊ីនតាមសរសៃ ថ្នាំនេះជំរុញឲ្យមានការកន្រ្តាក់ស្បូន។
៤- ត្រូវដឹងពីអីខ្លះ?
ទាំងនេះ គឺជាគន្លឹះអាចជួយយើងបាន មានដូចជា៖
– ប្រាប់ព័ត៌មានទៅគ្រូពេទ្យឲ្យបានទៀងទាត់
– ពិភាក្សាយ៉ាងម៉ត់ចត់ជាមួយពេទ្យ ពាក់ព័ន្ធការសម្រេចចិត្តរបស់យើង
– កុំប្រងើយកន្តើយចំពោះតេស្តណាមួយ
– ដើរឲ្យបានច្រើន
– ព្យាយាមកុំឲ្យមានអារម្មណ៍ស្ត្រេសច្រើន
– ប្រុងប្រយ័ត្នចំពោះរោគសញ្ញា ដូចជា ឈឺត្រគៀក ពិបាកគេង ការកន្ត្រាក់ និងសញ្ញាចំពោះអ្នកមានផ្ទៃពោះផ្សេងទៀត មិនថាធ្ងន់ ឬស្រាលឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
42 weeks pregnant. https://www.thebump.com/pregnancy-week-by-week/42-weeks-pregnant. Accessed October 29, 2018.
42 weeks pregnant. https://www.whattoexpect.com/pregnancy/week-by-week/week-42.aspx. Accessed October 29, 2018.
Pregnancy week 42. https://www.parents.com/pregnancy/week-by-week/42/. Accessed October 29, 2018.
កំណែប្រែបច្ចុប្បន្ន
05/09/2019
អត្ថបទដោយ Leng Pechsovatey
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ