ទាក់ទងនឹងបញ្ហាទារកហើមនេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រីបានពន្យល់ថា ទារកហើម គឺជាការហើមប៉ោងរបស់ទារក ឬបើហៅតាមពាក្យបច្ចេកទេសគឺ Hydrops Fetalis។ ម៉ាក់ៗពពោះដែលជួយប្រទះបញ្ហាទារកហើម មានផលពិបាកដូចនឹងស្ត្រីពពោះទូទៅដែរ ដូចជា នឿយហត់ ចាញ់កូន ។ល។ ប៉ុន្តែបញ្ហាធំដែលស្ត្រីមានបញ្ហានេះនឹងត្រូវប្រឈម គឺម៉ាក់ៗអាចកើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។
“ចំពោះស្ត្រីដែលមានបញ្ហាទារកហើម គឺពពោះបានដូចទារកធម្មតាអ៊ីចឹង ប៉ុន្តែស្ត្រីនោះអាចប្រឈមនឹងការកើតបញ្ហាផ្លូវចិត្ត ក៏ព្រោះតែពិបាកចិត្តបន្ទាប់ពីដឹងថាកូនក្នុងផ្ទៃមានបញ្ហាហើមបែបនេះ។ ស្ត្រីពពោះ គេមិនឲ្យពិបាកចិត្តទេ ព្រោះបើពិបាកចិត្តអាចធ្វើឲ្យសុខភាពកាន់តែចុះខ្សោយ ហើយកូនក៏លូតលាស់មិនបានល្អដែរ”។