ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានពន្យល់ឲ្យដឹងថា អំឡុងពេលនៅក្នុងពោះម្ដាយ ទារកមិនមែនគ្រាន់តែចេះធាក់មួយមុខនោះទេ គឺនៅអាចធ្វើសកម្មភាពអ្វីផ្សេងបានមួយចំនួនទៀតដូចជា ត្អើក ស្ងាប បិទ/បើកមាត់ និងភ្នែក រើបម្រាស់ខ្លួន។
លើសពីនេះ ពេលដែលគភ៌មានអាយុ ១៦សប្ដាហ៍ ទ្រង់ទ្រាយត្រចៀកភាគច្រើនចាប់ផ្តើមផ្គុំឡើងដែលអាចចាប់យកសំឡេងបាន ដូចនេះ អ្វីៗដែលម៉ាក់ៗធ្វើ មិនថា ញ៉ាំអាហារ ដកដង្ហើម និងចង្វាក់បេះដូងរបស់ម៉ាក់ៗ ក៏អាអូននៅក្នុងពោះស្ដាប់ឮទាំងអស់។
ទារកនៅក្នុងពោះអាចបើក/បិទភ្នែកនៅពេល ដែលគភ៌មានអាយុប្រហែល ២៨សប្ដាហ៍។ ទោះជាទារកនៅក្នុងពោះមិនអាចមើលបានច្បាស់ក៏ដោយ ប៉ុន្តែទារកនឹងចាប់ផ្ដើមមានប្រតិកម្មក្នុងពោះប្រសិនបើមានពន្លឺចាំងចំពោះម្ដាយនៅត្រីមាសទី២។ ការចេញទៅខាងក្រៅញឹកញាប់ ឲ្យត្រូវពន្លឺព្រះអាទិត្យអាចជួយដល់ការលូតលាស់ភ្នែករបស់ទារក និងអាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺភ្នែកបានផងដែរ។