ជំងឺរលាកថ្លើមប្រភេទ B ជាជំងឺថ្លើមមួយប្រភេទដែលបង្កឡើងដោយពពួកវីរុស បង្កឲ្យរលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃដែលបណ្តាលឲ្យអ្នកជំងឺប្រឈមទៅនឹងជំងឺក្រិនថ្លើម និងមហារីកថ្លើម។ ជំងឺថ្លើមប្រភេទ B អាចឆ្លងតាមវិធីជាច្រើន ក្នុងនោះក៏មានការចម្លងពីម្តាយទៅកូនផងដែរ។ តើម៉ាក់ៗដែលមានផ្ទុកមេរោគថ្លើមប្រភេទ B អាចបង្ការមិនឲ្យឆ្លងទៅកូនក្នុងផ្ទៃដោយរបៀបណាខ្លះ?
បើតាមការបកស្រាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ការចម្លងពីម្តាយដែលមានផ្ទុកមេរោគថ្លើមប្រភេទ B ទៅទារក គឺក្នុងអំឡុងពេលសំខាន់៣ ទី១ ពេលពពោះក្នុងត្រីមាសទី៣ ទី២ ក្នុងពេលសម្រាល និង ទី៣ ពេលបំបៅដោះទារក។
ចំពោះការធ្វើរោគវិនិច្ឆ័យវិញ ត្រួវពឹងផ្អែកទៅលើការពិនិត្យឈាម (AgHbs, AcHbs, AcHbc, និង PCR HBV) ក្នុងដំណាក់កាលរលាកថ្លើមស្រូចស្រាវ។ រាល់ស្ត្រីដែលមានផ្ទៃពោះ ការធ្វើរោគវិនិច្ឆ័យមេរោគរលាកថ្លើមប្រភេទ B ត្រូវធ្វើឡើងនៅអំឡុងត្រីមាសទី ២ គឺនៅពេលគភ៌អាយុបាន ៦ខែ។ មន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា ប្រសិនជាការពិនិត្យឈាមបញ្ជាក់ថា ស្រ្តីមានផ្ទុក Antigen Hbs វិជ្ជមាននោះ គឺតម្រូវឲ្យពិនិត្យឈាមមួយចំនួនមន្ថែមទៀត ដើម្បីរាប់ចំនួនមេរោគថ្លើមប្រភេទ B។ បើកាលណាវត្តមានមេរោគនៅក្នុងឈាមមានចំនួនលើសពី ១០ម៉ឺន UI ស្រ្តីមានផ្ទៃពោះតម្រូវឲ្យប្រើថ្នាំប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទបេ រហូតដល់ពេលសម្រាលទារក ដើម្បីកាត់បន្ថយការចម្លងមេរោគទៅទារក នៅពេលសម្រាល។
ក្រោយពីសម្រាលនៅអំឡុងពេល ២៤ម៉ោង ទារកត្រូវបានការពារដោយការចាក់ថ្នាំបង្ការរលាកថ្លើមប្រភេទ B។ បន្ទាប់ពីចាក់ថ្នាំបង្ការ ២៤ ម៉ោង ទារកអាចទទួលការបំបៅដោះម្តាយបានដោយសុវត្ថិភាព ហើយយើងត្រូវបន្តចាក់វ៉ាក់សាំងបង្ការរលាកថ្លើមប្រភេទ B ឲ្យទារកឲ្យគ្រប់ចំនួន៣ដង ដោយលើកទី២ នៅ១ខែបន្ទាប់ និងលើកទី៣ នៅ៦ខែបន្ទាប់។
[embed-health-tool-pregnancy-weight-gain]