home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗពពោះច្រើន​ជួបបញ្ហា​ហ្គាសក្នុងពោះ សាកវិធីនេះជួយដោះស្រាយ​បានខ្លះ

ស្រីៗពពោះច្រើន​ជួបបញ្ហា​ហ្គាសក្នុងពោះ សាកវិធីនេះជួយដោះស្រាយ​បានខ្លះ

ស្រីៗ​មាន​ផ្ទៃពោះ​តែង​ជួប​ប្រទះ​បញ្ហាជាតិ​ហ្គាស​ក្នុង​ពោះ។ អាការៈ​នេះ​កើត​ដោយសារ​ការ​កើន​ឡើង​នៃ​អ័រម៉ូន progesterone ដែល​អ័រម៉ូន​នេះជាធម្មតាសម្រួល​ដល់​ពោះវៀន​អំឡុង​ពេល​ពពោះ តែក៏​​អាច​ពន្យឺត​ការ​រំលាយ​អាហារ នាំឲ្យ​មាន​ការ​ទល់​លាមក និង​ហើម​ពោះ​ជាដើម។ ភាគច្រើន​ស្ត្រី​ពពោះ​តែង​ជួប​ប្រទះ​បញ្ហា​នេះនៅ​ត្រីមាស​ទី​៣​។ ទោះ​បី​ជា​​មិន​​មាន​​វិធី​​ក្នុង​​ការ​​បង្ការ​​អាការៈ​នេះ​​បាន​ ប៉ុន្តែ​មាន​វិធី​អាច​បន្ធូរបន្ថយ​អាការៈ​បាន។

១. ផឹក​ទឹក​ឲ្យ​ច្រើន

យោង​តាម​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ជាតិ​សហរដ្ឋ​អាមេរិក ស្ត្រី​ពពោះ​គួរ​ផឹក​ទឹក​ ២,៣​លីត្រ​ក្នុង​មួយ​ថ្ងៃ។ ការ​ផឹកទឹក​មុន និង​ក្រោយ​ញ៉ាំ​អាហារ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​បាន។ អាហារ​ដែល​មិន​អាច​រំលាយ​បាន​នឹង​ទៅ​នៅ​ក្នុង​ពោះវៀន​តូច​ដែល​បាក់តេរី​​នឹង​បំបែក​​អាហារ​ទាំងនោះ និង​បង្ក​ជាតិ​ហ្គាស​ពេល​បំបែក។ ដូចនេះ​ការ​ផឹក​ទឹក​អាច​ជួយ​បន្ថយ​ការ​កើន​ឡើង​នៃ​ហ្គាស។ ម៉្យាងទៀត ការ​ផឹក​ទឹក​អាច​ជួយ​បង្ការ​ការ​ទល់លាមក​ដែល​ជា​មូលហេតុ​មួយ​ទៀត​ក្នុង​ការ​បង្ក​ជាតិ​ហ្គាស។ នៅ​ពេល​ខ្វះ​ជាតិ​ទឹក​ លាមក​ស្ងួត និង​រឹង ហើយ​ការ​ផឹក​ទឹក​ច្រើន​អាច​ជួយ​បន្ទន់​លាមក។ យក​ល្អ​គួរ​ផឹក​ម្ដង​បន្តិចៗ កុំ​ផឹក​ម្ដង​ច្រើនៗ​ពេក​។

២. ចៀស​វាង​ភេសជ្ជៈ​ទាំង​នេះ

ស្ត្រី​ពពោះ​មួយ​ចំនួន​អាច​មាន​អាការៈ​នេះ​ក្រោយ​ផឹក​ភេសជ្ជៈ​មួយ​ចំនួន​ដូចជា​ភេសជ្ជៈ​មាន​ជាតិហ្គាស (ទឹកក្រូច ឬ​ភេសជ្ជៈ​កីឡា) ភេសជ្ជៈ​មាន​ជាតិ​ស្ករ Fructose និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ Sorbitol។

៣. ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ហាត់ប្រាណ​អាច​ពន្លឿន​ការ​រំលាយ​អាហារ​ និង​បន្ថយ​ការ​ទល់​លាមក។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ហាត់​ប្រាណ​ដោយ​ការ​ដើរ​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ឯ​លំហាត់ប្រាណ​ផ្សេង​ទៀត​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។

៤. ពាក់​អាវ​រលុង

សម្លៀកបំពាក់​ដែល​រឹប​នៅ​ចង្កេះ​អាច​បន្ថែម​សម្ពាធ​ទៅ​លើ​ពោះ​បាន និង​អាច​បង្កើន​ការ​បង្កើត​ជាតិ​ហ្គាស​បានដែរ​។ ដូចនេះ​ស្ត្រី​ពពោះ​គួរ​ស្លៀកពាក់​សម្លៀកបំពាក់​ណា​ដែល​រលុងៗ​​ដើម្បី​បន្ថយ​អាការៈ​ជាតិ​ហ្គាស​ក្នុង​ពោះ។

៥. បន្ថយ​ស្ត្រេស

ស្ត្រី​ពពោះ​មួយ​ចំនួន​អាច​មាន​បញ្ហា​ជាតិ​ហ្គាស​ក្នុង​ពោះ​ពេល​ស្ត្រេស។ ហ្គាស​ដែល​បង្ក​ដោយ​ស្ត្រេស​អាច​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​រលាក​​ពោះវៀន។ រោគសញ្ញា​ផ្សេង​នៃ​ជំងឺ​នេះ​មាន​ដូចជា​ហើមពោះ ឈឺពោះ ទល់​លាមក និង​រាករូស។ ទោះបីជា​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជំងឺ​នេះ ប៉ុន្តែ​គេ​ជឿ​ថា​ស្ត្រេស​អាច​ភ្ញោច​រោគសញ្ញា​ទាំង​នេះ។ ស្ត្រី​ពពោះ​ដែល​មាន​បញ្ហា​ហ្គាស​​ក្នុង​​ពោះ​ដោយ​សារ​​ស្ត្រេស​អាច​គ្រប់គ្រង​ស្ត្រេស​បាន​តាមរយៈ​ការ​ធ្វើ​សមាធិ និង​យ៉ូហ្កា។

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទៅ​មន្ទីរពេទ្យ​ប្រសិនជា​មានជាតិ​​ហា្គស​ក្នុង​ពោះ​ហើយ​មាន​ចេញ​អាការៈ​នេះ​មក​ជាមួយ៖

  • ឈឺ​ពោះ​ខ្លាំង​ និង​យូរ​ជាង​៣០​នាទី
  • ទល់លាមក​យូរ​ជាង​មួយ​សប្ដាហ៍
  • រាករូស​ច្រើន​ជាង​២​ថ្ងៃ
  • លាមក​ខ្មៅ ឬ​មាន​ឈាម
  • ចង្អោរ និង​ក្អួត។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.medicalnewstoday.com/articles/323146

https://www.healthline.com/health/pregnancy/home-remedies-for-gas-during-pregnancy

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 31/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល