បើយើងពុលចំណីអាហារ មានន័យថា អាហារដែលយើងបានញ៉ាំនោះមានផ្ទុកមេរោគដូចជាពពួកបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត ជាដើម។ល។ ប្រសិនបើម៉ាក់ៗពពោះ មានអាការៈពុលចំណីអាហារធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់អាអូនក្នុងផ្ទៃ ព្រោះអំឡុងពេលពពោះ ការប្រែប្រួលប្រព័ន្ធរំលាយអាហារ និងចលនាឈាមរត់អាចបង្កើនហានិភ័យនៃការពុលអាហារ។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន។
ប្រភេទនៃការពុលចំណីអាហារទូទៅទាំង៤ប្រភេទ និងផលពិបាករបស់វានីមួយៗ៖
Norovirus- អាចបង្កឲ្យមានបញ្ហាកង្វះអាហារូបត្ថម្ភក្នុងករណីកម្រមួយចំនួន
Listeria- អាចបណ្ដាលឲ្យមានបញ្ហាក្នុងការអភិវឌ្ឍន៍ប្រព័ន្ធសរសៃប្រសាទក្នុងរយៈពេលវែងរបស់ទារកក្នុងផ្ទៃ
E.coli- អាចបណ្ដាលឲ្យខូចសរសៃឈាម ឬខូចតម្រងនោម
Salmonella- អាចបង្កឲ្យមានជំងឺរលាកស្រោមខួរ រលាកសន្លាក់ និងឆ្លងមេរោគក្នុងឈាម (bacteremia)។
នៅក្នុងករណីធ្ងន់ធ្ងរខ្លះ ការពុលចំណីអាហារអាចបណ្ដាលឲ្យកូនស្លាប់ក្នុងពោះ ឬគំរាមរលូតបាន។ ដូចនេះហើយទើប វាសំខាន់សម្រាប់ស្ត្រីពពោះ ក្នុងការប្រុងប្រយ័ត្នចំពោះចំណីអាហារដែលម៉ាក់ៗញ៉ាំរាល់ថ្ងៃ។ លោកបន្តថា បើម៉ាក់ៗមានអារម្មណ៍ចង់ក្អួត ចង្អោរ ឬមានសញ្ញារួមផ្សំដូចជា ខ្សោះជាតិទឹក ឈឺក្បាល ក្ដៅខ្លួន ឈឺចុកពោះ ឬជុះមកមានឈាម ស្ត្រីពពោះត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាម។