ម៉ាក់ៗពេលពពោះកុំប្រហែសឲ្យសោះ បើកើតជំងឺទាំងនេះគ្រោះថ្នាក់ទាំងខ្លួន និងកូន

    ម៉ាក់ៗពេលពពោះកុំប្រហែសឲ្យសោះ បើកើតជំងឺទាំងនេះគ្រោះថ្នាក់ទាំងខ្លួន និងកូន

    វេលា​ពពោះ​ពិតជា​សំខាន់​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​តម្រូវ​ឲ្យ​ស្ត្រីចង់​បាន​កូន​ ត្រូវ​ត្រៀម​ខ្លួន​ជាមុន។ មាន​ន័យ​ថា មុន​ពេល​ពពោះ​ត្រូវ​ដាក់​ផែនការ​គ្រួសារ និង​ទៅ​រក​គ្រូពេទ្យ​ប្រឹក្សា​យោបល់ ដើម្បី​បាន​ដំបូន្មាន​ល្អ​ៗ​ក្នុង​ការ​ថែទាំ​កូន និង​ខ្លួន​ឯង។

    អ្នកគ្រូ​ពេទ្យ សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល បាន​ណែនាំ​ថា បើ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​មួយ​ចំនួន​តាំងពី​មុន​ពេល​មាន​កូន អាច​មាន​គ្រោះថ្នាក់​ទាំង​យើង និង​កូន​បាន​អំឡុង​ពេល ​ឬ​ក្រោយ​សម្រាល។ ក្នុង​នោះ​ប្រសិនបើ​យើង​ថែទាំ​ខ្លួន​បាន​ល្អ​ ដោយ​លេប​ថ្នាំ​ពពួក​វីតាមីន និង​របប​អាហារ​មាន​តុល្យភាព​ជួយ​ការពារ​ទាំង ២ នាក់​ពី​ជំងឺ​ផ្សេង​ៗ ព្រោះ​បើ​កើត​ជំងឺ​ទាំង​ប៉ុន្មាន​មុខ​ដូច​ខាងក្រោម​នេះ នាំ​គ្រោះថ្នាក់​ទាំង​ខ្លួន​ឯង និង​កូន។

    ១- ទឹកនោម​ផ្អែមពេលពពោះ

    ភាគ​ច្រើន​ជំងឺ​នេះ​កើត​ឡើង​នៅ​ត្រីមាស​ទី​៣ នៃ​ការ​ពពោះ ហើយ​អាច​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​កូន។ ជំងឺទឹកនោ​មផ្អែមពេលពពោះ ជះឥទ្ធិពលអាក្រក់ទាំងម្តាយទាំងកូន ដោយ ថ្ងៃ​ណា​មួយ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ទាំង​ម៉ាក់ៗ និង​ទារក ក៏​ប្រឈម​ហានិភ័យ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី​២ ដូច​គ្នា។

    ២- ស្លេកស្លាំង

    ជំងឺ​ស្លេក​ស្លាំង គឺ​ដោយសារ​ការ​​​ថយ​ចុះ​នូវ​គ្រាប់​ឈាម​ក្រហម​ ដែល​មានគ្រាប់ឈាម​អេម៉ូក្លូប៊ីន ជាហេតុ​ពេទ្យ​តែង​ឲ្យ​ស្រីៗ​ពពោះ ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ឲ្យ​គ្រប់​ ៩០គ្រាប់ និង ៤២គ្រាប់ ក្រោយ​សម្រាល។ ប្រសិនបើ​ម៉ាក់​ៗ​មិន​បាន​លេប​ថ្នាំ​ជាតិ​ដែកឲ្យបាន​គ្រប់គ្រាន់ ប្រាកដជា​កើត​មាន​ជំងឺ​ស្លេក​ស្លាំង​នៅ​ពេល​មាន​គភ៌ នាំ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​អំឡុង​ពេល​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម។ ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​​មិន​គ្រប់​ខែ ឬ​ទារក​កើតមក​មាន​ទម្ងន់​ទាប ឬ​ទារក​ខ្សោយ។

    ៣- បម្រុងក្រឡាភ្លើង-ក្រឡាភ្លើង

    ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡា​ភ្លើង​​ ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​គភ៌​អាយុចាប់ពី ២០ សប្តាហ៍​ឡើង​ទៅ និង​ច្រើន​កើត​លើស្រីៗ​ដែល​ធាត់ខ្លាំង ចូលចិត្ត​ញ៉ាំ​ប្រៃ-សាច់​ច្រើន ធ្លាប់​មាន​ជំងឺ​ក្រឡា​ភ្លើង​ពី​មុន​មក ស្រីៗ​ពពោះ​កូនភ្លោះ មាន​ជំងឺ​លើស​ឈាម មាន​បញ្ហា​តម្រងនោម ស្រីៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម។

    ផលវិបាកនៃ​ជំងឺ​បម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ​មិន​ត្រឹម​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង​នោះ​ទេ កូន​ក្នុង​ពោះ​ក៏​គ្រោះថ្នាក់​ដូចគ្នា។ ស្រីៗ​មាន​ផ្ទៃពោះ​អាច​ខូច​តម្រង​នោម មុខងារ​ថ្លើម​ថយ​ចុះ គ្រប់ឈាម (ប្លាកែតធ្លាក់ចុះ) ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល បែក​គ្រាប់ឈាម​ប្រកាច់ ឬ​ស្លាប់​ភ្លាមៗទាំងម្តាយ និងកូន បើសិន​ជា​ទៅ​ជួប​គ្រូពេទ្យ​​មិន​ទាន់​ពេល។ ចំណែក​កូន​ក្នុង​ពោះ​វិញ​អាច​លូតលាស់​ខុស​ប្រក្រតី មាន​បញ្ហា​ផ្លូវដង្ហើម កើត​មិន​គ្រប់ខែ ឬ​ស្លាប់​ក្នុង​ពោះ។

    ៤- តេតាណូស

    បើ​ម៉ាក់​ៗ​ណា​មិន​បាន​ចាក់​វ៉ាក់សាំង​តេតាណូស មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទាំង​យើង និង​កូន​ក្នុង​ផ្ទៃ។ ពេល​មាន​ជំងឺ​តេតាណូស ស្ត្រី​ប្រឈម​បញ្ហា​ផ្លូវ​ដង្ហើម ប្រកាច់​ជាដើម។ ជំងឺ​តេតាណូស​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​មិន​ល្អ​ទៅ​ដល់​ទារក​ដែរ ដោយ​ទារក​អាច​ឆ្លង​រោគ​តេតាណូស នៅ​ពេល​កាត់​ទង​សុក ចូលតាមផ្ចិត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ឬ​​យក​​របស់​​មិន​​ស្អាត​​​កាត់ ឬ​បិទ​​រុំ​​ផ្ចិត​​កូន ធ្វើឲ្យកើតជំងឺតេតាណូសបានទៅលើទារក។

    ចំណែក​ប្រភេទ​ជំងឺ​អុតស្វាយ ស្អូច កញ្ជ្រឹល ត្បិត​តែ​មាន​គ្រោះថ្នាក់​ចំពោះ​កូន​ដែរ អាច​បណ្ដាល​ឲ្យ​រលូត កើត​មិន​គ្រប់​ខែ ជាដើម ប៉ុន្តែ​ចំពោះ​ស្ត្រី​ពពោះ​មាន​តិច​តួច​ណាស់​ត្រឹម​ក្ដៅ​ខ្លួន និង​បញ្ហា​សើស្បែក​ប៉ុណ្ណោះ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ 22/09/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម