បម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយកើតមានពេលម៉ាក់ៗពពោះបាន២០សប្ដាហ៍ឡើងទៅ ដែលមានសញ្ញារួមផ្សំដូចជា ឈឺក្បាល វិលមុខ និងចុកចុងដង្ហើមជាដើម។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ស្ត្រីភាគច្រើនមិនសូវយកចិត្តទុកដាក់នឹងអាការៈទាំងនេះប៉ុន្មានទេទើបបណ្ដោយឲ្យមានសភាពធ្ងន់ធ្ងរដែលស្ទើរតែហួសពេលក្នុងការព្យាបាល និងបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត។ ជំងឺបម្រុងក្រឡាភ្លើងឈរនៅលំដាប់ទី២ បន្ទាប់ពីការធ្លាក់ឈាមក្រោយសម្រាលចំពោះស្ត្រីពពោះនៅកម្ពុជាយើង។ វេជ្ជបណ្ឌិតរូបនេះបន្តថា ក្នុងករណីដែលមិនដឹង និងស្រាវជ្រាវរករោគសញ្ញាឲ្យទាន់ពេលវេលាស្ត្រី នឹងធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរជាហេតុបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរទាំងទារកក្នុងផ្ទៃ និងម្ដាយដូចជា៖
ចំពោះម្ដាយ
- គ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ងងឹតភ្នែក
- ហើមសួតស្រួចស្រាវ
- HELLP Syndrome (ខាន់លឿង…) ឬបែកថ្លើម
- ខ្សោយតម្រងនោមធ្ងន់ធ្ងរ
- របេះសុកមុនពេលកំណត់។
ចំពោះទារកក្នុងផ្ទៃ
- ទារកលូតលាស់មិនប្រក្រតី
- ទម្ងន់តូចជាងអាយុនៃគភ៌
- ខ្សោយប្រាជ្ញាស្មារតី
- ស្លាប់ក្នុងពោះ
- សម្រាលមិនគ្រប់ខែ។ល។
លោកបន្ថែមឲ្យដឹងថា ទោះជាជំងឺនេះផ្ដល់ផលពិបាកធ្ងន់ធ្ងរច្រើនទាំងម៉ាក់ៗ និងគភ៌ក៏ដោយ តែម៉ាក់ៗអាចការពារមិនឲ្យកើតបម្រុងក្រឡាភ្លើងបាន ដោយញ៉ាំទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ញ៉ាំអាហារសម្បូរជីវជាតិ ចៀសវាងអាហារផ្អាប់ និងប្រៃខ្លាំង គេងផ្អៀងខាងឆ្វេង សម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ។ ពិសេស ប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាម ក្នុងករណីដែលមិនប្រក្រតីក្នុងខ្លួន។
[embed-health-tool-pregnancy-weight-gain]