អំឡុងពេលពពោះអាចជាពេលវេលាដ៏រំភើបរីករាយមួយ និងអាចជាពេលវេលាដ៏តានតឹងមួយសម្រាប់ម៉ាក់ៗដូចគ្នា ជាពិសេសគឺមុនពេលសម្រាល។ ម៉ាក់ៗពពោះគ្រប់រូបអាចគិតថា វាជារឿងធម្មតាទេដែលកើតស្ត្រេសក្នុងពេលនេះ ព្រោះអារម្មណ៍មានប្រែប្រួលចុះឡើង ប៉ុន្តែបើមានសញ្ញាដូចរៀបរាប់ខាងក្រោមនេះ ម៉ាក់ៗមិនមែនស្ត្រេសធម្មតាទេ អាចជាជំងឺបាក់ទឹកចិត្តមុនសម្រាល។
Academy of American Pediatric (AAP) បានឲ្យដឹង បញ្ហាបាក់ទឹកចិត្តមុនពេលសម្រាលនេះ អាចបង្កឡើងដោយកត្តារួមផ្សំជាច្រើនបញ្ចូលគ្នាទាំងកត្តាផ្លូវចិត្ត ផ្លូវកាយ និងបរិយាកាសជុំវិញខ្លួនយើង។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្តមុនសម្រាល អាចខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត ហើយវាជារឿងសំខាន់ដែលម៉ាក់ៗគ្រប់រូបគួរតែជជែករកដំណោះស្រាយជាមួយដៃគូ ឬមនុស្សជាទីស្រលាញ់របស់យើងឲ្យបានឆាប់ កុំទុកនូវក្នុងចិត្តម្នាក់ឯង។
រោគសញ្ញានៃជំងឺបាក់ទឹកចិត្តមុនសម្រាល
- ថប់បារម្ភ និងព្រួយចិត្តច្រើនពីកូនក្នុងផ្ទៃ
- មានអារម្មណ៍អស់សង្ឃឹម
- លែងមានអារម្មណ៍សប្បាយនឹងអ្វីដែលធ្លាប់ចូលចិត្ត
- បាត់បង់ចំណង់អាហារ
- ទម្ងន់មិនឡើង (ព្រោះញ៉ាំមិនគ្រប់គ្រាន់)
- បារម្ភខ្លាចមើលកូនមិនបានល្អ
- គេងមិនលក់ញឹកញាប់
- អារម្មណ៍មិនល្អ ងាយយំ
- ឈឺក្បាល ឬចុកចាប់រាងកាយ។
ចំពោះបញ្ហាបាក់ទឹកចិត្តមុនសម្រាល ចាំបាច់ណាស់ដែលម៉ាក់ៗទទួលបានការព្យាបាលត្រឹមត្រូវ។ ក្នុងករណី ម៉ាក់ៗមានបញ្ហាបាក់ទឹកចិត្តមុនសម្រាល ហើយមិនបានព្យាបាលទេ វាអាចធ្វើឲ្យអាការៈកាន់តែអាក្រក់ទៅ បណ្ដាលឲ្យមានគ្រោះថ្នាក់ទាំងម្ដាយ និងគភ៌។ គ្រោះថ្នាក់ទាំងនោះអាចមានដូចជា មានចន្លោះខ្វះខាតក្នុងការថែទាំសុខភាព មានបញ្ហាអំឡុងពេលពពោះ និងសម្រាល បញ្ហាទម្ងន់ និងគភ៌កើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូស្តង់ដារ។
ដូចនេះ រាល់ពេលដែលម៉ាក់ៗមានអារម្មណ៍មិនល្អ គួរស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន ពិសេសនោះដៃគូយើងតែម្ដង ដើម្បីជួយសម្រួលសម្ពាធដែលកំពុងមាន ដោយ៖
១. ពិភាក្សាពីអារម្មណ៍ ឬសម្ពាធជាមួយគ្រួសារ ឬមិត្តភ័ក្ដិ
២. ចាប់ផ្ដើមធ្វើអ្វីដែលខ្លួនធ្លាប់ចូលចិត្តឡើងវិញ
៣. ស្វែងរកជំនួយពីគ្រូពេទ្យជំនាញ បើបារម្ភពីសុខភាពកូន
៤. ព្យាយាមគេងឲ្យបានគ្រប់គ្រាន់ ញ៉ាំឲ្យបានគ្រប់គ្រាន់
៥. ព្យាយាមហាត់ប្រាណ ដើម្បីសុខភាព
៦. រកជំនួយពីអ្នកជំនាញចិត្តសាស្ត្រ បើម៉ាក់ៗនៅតែមិនមានអារម្មណ៍ធូរស្បើយ កុំដាក់សម្ពាធលើខ្លួន។
[embed-health-tool-pregnancy-weight-gain]