home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដឹង​អត់! ក្រោយ​កើត​អាអូន ​ម៉ាក់ៗ​អាច​គេង​នោម​ដាក់​ពូក​... ម៉េច​បាន​អ៊ីចឹង?

ដឹង​អត់! ក្រោយ​កើត​អាអូន ​ម៉ាក់ៗ​អាច​គេង​នោម​ដាក់​ពូក​... ម៉េច​បាន​អ៊ីចឹង?

ក្រោយ​សម្រាល​បេប៊ី​គួ​រឲ្យ​ស្រលាញ់ រាងកាយ​ម៉ាក់ៗ​មិន​ទាន់​អាច​វិល​មក​រក​សភាព​ដើម​វិញ​ភ្លាមៗ​ទេ ជា​ហេតុ​បណ្ដាល​ឲ្យ​ជួប​បញ្ហា​មួយ​ចំនួន។ ស្រីៗ​គ្នា​យើង​ភាគ​ច្រើន មាន​បញ្ហា​គេង​នោម​ដាក់​ពូក​ថែម​ទៀត។ បើ​ចង់​ដឹង​ច្បាស់ អាន​អត្ថបទ “Hello គ្រូពេទ្យ” សិន​ទៅ។

ករណី​នោម​ដាក់​ពូក​ក្រោយ​សម្រាល​​កូន ដោយសារ​បញ្ហា​អសមត្ថភាព​ទប់​​ទឹកនោម ដែល​កើត​ឡើង នៅ​ពេល​កណ្ដាស ក្អក សើច លោត លើក​របស់​ធ្ងន់ ឬ​ចលនា​ណាមួយ​ដែល​សង្កត់​លើ​ប្លោក​នោម។

១- អសមត្ថភាពទប់ទឹកនោម
មិនមែន​ស្រីៗ​ជាម្ដាយ​ទាំងអស់​សុទ្ធ​តែ​មាន​បញ្ហា​នេះ​ទេ តែ​ភាគ​ច្រើន ជួប​បញ្ហា​នេះ ក្រោយ​សម្រាល​កូន។ ជាទូទៅ អសមត្ថភាព​ទប់​ទឹក​នោម កើត​លើ​ម៉ាក់ៗ​សម្រាល​កូន​តាម​ធម្មជាតិ ជាង​ម៉ាក់ៗ​សម្រាល​ដោយ​វះកាត់។

ការ​សិក្សា​បង្ហាញ​ថា ម៉ាក់ៗ​សម្រាល​បេប៊ី​តាម​ធម្មជាតិ ងាយ​មាន​បញ្ហា​ផ្លូវ​ទឹកនោម រីឯ​ការ​​សិក្សា​ផ្សេង​ទៀត បញ្ជាក់​ដែរ​ថា គ្នា​យើង​ខ្លះ​សម្រាល​តាម​ធម្មជាតិ​រយៈពេល​យូរ ឬ​មាន​បេប៊ី​ក្នុង​ផ្ទៃ​ថ្លោស​ពេក ក៏​ប្រឈម​បញ្ហា​អសមត្ថភាព​ទប់​ទឹក​នោម​ដូចគ្នា ហើយ​មូលហេតុ​បង្ក​មាន​ដូចជា៖
– បេប៊ី​ក្នុង​ផ្ទៃ​ថ្លោស​លើស​ទម្ងន់
– ជក់​បារី​ពេល​ពពោះ
– មាន​កូន​ច្រើន និង​សម្រាល​តាម​ធម្មជាតិ។

២- កត្តាបង្កឲ្យអសមត្ថភាពទប់ទឹកនោម
ករណីនេះ​បង្ក​ឡើង​ដោយសារ​សាច់ដុំ​ជុំវិញ​ប្លោក​នោម និង​ឆ្អឹង​ត្រគាក​ចុះ​ខ្សោយ អំឡុង​មាន​ផ្ទៃ​ពោះ និង​ក្រោយ​សម្រាល។ ជា​លទ្ធផល គ្នា​យើង​នឹង​ពិបាក​គ្រប់គ្រង​ទឹក​នោម ដូចជា ពេល​បង្ហូរនោម ឬ​ឈប់​ពាក់​កណ្ដាល​ផ្លូវ។ ក្រោយ​សម្រាល​កូន ទំហំ​ស្បូន​នឹង​រួមតូច​នៅ​សប្ដាហ៍​ដំបូង ធ្វើ​ឲ្យ​សាច់ដុំ​បាត​ឆ្អឹង​ត្រគាក​ផ្លាស់ទី ជា​ហេតុពិបាក​ឃាំង​ទឹក​ក្នុង​ប្លោកនោម និង​បិទ​បំពង់​បង្ហួរនោម។ ការ​ប្រែប្រួល​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​លេច​នោម មិន​អាច​គ្រប់គ្រង​បាន។

៣- វិធីដោះស្រាយ
អសមត្ថភាព​ទប់​ទឹកនោម គ្នា​យើង​ខ្លះ​អាច​ជួប​ប្រទះ​រយៈពេល​ខ្លី ឯ​ខ្លះទៀត​អាច​មាន​រយៈពេល​វែង ប៉ុន្តែ​យ៉ា​ងណា វិធីសាស្រ្ដ​ខាងក្រោម​នេះ​អាច​ជួយ​បាន៖
– ធ្វើ​លំហាត់​ប្រាណ Kegel ឲ្យ​បាន​ទៀង​ទាត់ (លំហាត់ប្រាណអាងត្រគៀក) ដើម្បី​ឲ្យ​សាច់ដុំ​បាត​ឆ្អឹង​ត្រគាក​ឆាប់​ផ្លាស់ទី​មក​ធម្មតា និង​មាន​កម្លាំង​វិញ។
– ប្រើ​សំឡី​អនាម័យ ឬ​ខោ​ទឹកនោម។
– ខ្វែង​ជើង ពង្រឹង​សាច់ដុំ​ត្រគាក​នៅ​ពេល​កណ្ដាស់ ក្អក ឬ​សើច
– កាត់​បន្ថយ​​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន (កាហ្វេ តែ) និង​ទឹក ដើម្បី​បន្ថយ​ការ​នោម។
– កុំ​ញ៉ាំ​ក្រូច ប៉េងប៉ោះ និង​អាហារ​មាន​ជាតិ​អាស៊ីដ ព្រោះ​អាច​ធ្វើ​ឲ្យ​ពិបាក​គ្រប់គ្រង​ទឹកនោម​ដូចគ្នា។
– ជៀស​វាង​ទល់លាមក​ក្រោយ​សម្រាល ព្រោះ​អាច​មាន​សម្ពាធ​លើ​ប្លោកនោម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Postpartum urinary incontinence  https://www.babycenter.com/0_postpartum-urinary-incontinence_1152241.bc?page=2#articlesection4. Accessed June 6, 2017.

Loss of Bladder Control Postpartum http://www.whattoexpect.com/pregnancy/symptoms-and-solutions/postpartum-urinary-incontinence.aspx. Accessed June 6, 2017.

Stress incontinence after birth. https://www.babycentre.co.uk/a553463/stress-incontinence-after-birth. Accessed June 6, 2017.

The Relationship between Acidic Urinary pH and Overactive Bladder. https://www.ncbi.nlm.nih.gov/pubmed/25766740. Accessed June 6, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 25/02/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត