“Hello គ្រូពេទ្យ’ តែងណែនាំស្រីៗយើងឲ្យប្រយ័ត្នប្រយែងពេលពពោះ ព្រោះអំឡុងពេលនោះ សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត សុទ្ធតែចុះខ្សោយ ធ្វើឲ្យយើងងាយប្រឈមជំងឺជាច្រើន ពិសេសជំងឺប្រកាច់ ខ្មែរយើងហៅថា ឆ្កួតជ្រូកពេលពពោះ ដែលអង្គការសុខភាពពិភពលោក អះអាងស្រីៗប្រមាណ ៥០ លាននាក់កើតជំងឺនេះ។ បើអ៊ីចឹង ត្រូវដឹងមូលហេតុ និងវិធីការងារឲ្យបានត្រឹមត្រូវ ព្រោះអាចគ្រោះថ្នាក់ទាំងម្ដាយ និងកូនក្នុងផ្ទៃទៀតផង។
១- ផលវិបាកកើតជំងឺឆ្កួតជ្រូកពេលពពោះ
ជំងឺឆ្កួតជ្រូក កើតមានក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យយើងមានជំងឺថប់បារម្ភបាន។ ស្រីៗមានជំងឺឆ្កួតជ្រូកភាគច្រើន នៅតែអាចសម្រាលកូនមានសុខភាពល្អដដែល។ អាការៈប្រកាច់ក្នុងអំឡុងពពោះ អាចបណ្តាលឲ្យមានផលវិបាកមួយចំនួនលើកូនដូចជា៖
– ចង្វាក់បេះដូងកូនមានសភាពយឺត
– កូនមានរបួស សុករបើកចេញពីស្បូនទាំងមិនគ្រប់ខែ (របើកសុក) ឬប៉ះទង្គិចការលូតលាស់របស់គភ៌ក្នុងអំឡុងពេលប្រកាច់
– កូនកើតមិនគ្រប់ខែ
ស្រីៗគ្រប់រូបមានប្រតិកម្មលើការមានផ្ទៃពោះខុសៗគ្នា។ គ្នាយើងមានផ្ទៃពោះ ហើយមានជំងឺឆ្កួតជ្រូកភាគច្រើន អាការៈប្រកាច់គ្មានផ្លាស់ប្តូរទេ។ ប៉ុន្តែគ្នាយើងមួយចំនួន មានហានិភ័យខ្ពស់ ប្រកាច់ក្នុងពេលមានផ្ទៃពោះ ជាពិសេសម៉ាក់ៗគេងមិនគ្រប់គ្រាន់ ឬមិនប្រើថ្នាំតាមវេជ្ជបញ្ជា។ ឯមួយចំនួនទៀត មិនសូវមានការប្រកាច់ញឹកញាប់ក៏មាន។
លើសពីនេះ ថ្នាំព្យាបាលប្រកាច់មួយចំនួន អាចធ្វើឲ្យយើងគ្មានកូនទៀតផង។ ឯថ្នាំប្រឆាំងអាការៈប្រកាច់បច្ចុប្បន្ន ក៏អាចប៉ះពាល់កម្រិតអ័រម៉ូនធ្វើឲ្យមានផ្ទៃពោះនាពេលអនាគតដូចគ្នា។ ត្រូវទាក់ទងគ្រូពេទ្យ ឬឱសថការី សម្រាប់ព័ត៌មានបន្ថែម។
២- ហានិភ័យលើកូន ពេលម្ដាយកើតជំងឺឆ្កួតជ្រូកពេលពពោះ
ថ្នាំប្រើក្នុងអំឡុងពេលពពោះ អាចប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ។ ក្រៅពីផលប៉ះពាល់របស់ថ្នាំ កូនយើងអាចមានហានិភ័យខ្ពស់កើតជំងឺប្រកាច់បាន ដោយអាស្រ័យលើប្រភេទថ្នាំ និងកម្រិតយើងប្រើ បង្កើនហានិភ័យភាពខុសប្រក្រតីពីកំណើត ឬជំងឺដទៃទៀតដូចជា៖
– មានជំងឺខូចបង្ហួរនោម
– ជំងឺបេះដូងពីកំណើត
– ឆ្អឹងមិនប្រក្រតី
– ខ្សោយបញ្ញា
– សមត្ថភាពយល់ដឹងទាប (ការនិយាយ និងការយល់ដឹង)
– បញ្ហាចងចាំ
– មានជំងឺអូទីស្សឹម
– ក្រចេះនិយាយ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកពពោះ ប្រយ័ត្នឲ្យមែនទែន មានជំងឺម្យ៉ាងគ្រោះថ្នាក់ដល់ជីវិត
- ប្រើថ្នាំព្យាបាលជំងឺបាក់ទឹកចិត្តពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃដែរអត់?
៣- រឿងត្រូវធ្វើ បើមានជំងឺឆ្កួតជ្រូក
មុនសម្រេចយកកូន ត្រូវណាត់ជួបគ្រូពេទ្យ ពិភាក្សាវិធីការព្យាបាលផ្សេងៗ ឬផ្លាស់ប្តូរថ្នាំក្នុងអំឡុងពេលមានផ្ទៃពោះ។ បើកំពុងមានផ្ទៃពោះ ហើយប្រើប្រាស់ថ្នាំប្រឆាំងការប្រកាច់ ត្រូវបន្តការប្រើថ្នាំនេះ និងត្រូវទាក់ទងអ្នកឯកទេស ដើម្បីពិភាក្សាវិធីការព្យាបាលពីផលវិបាកនៃថ្នាំ។ កុំផ្លាស់ប្តូរកម្រិតថ្នាំ ឬបញ្ឈប់ការព្យាបាលដោយគ្មានការណែនាំពីអ្នកជំនាញ ជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះ ព្រោះដោយសារតែការប្រកាច់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឲ្យយើង ឬគភ៌រងរបួស ឬស្លាប់បាន។
ហើយទម្លាប់រស់នៅ គួរកែប្រែមានដូចជា៖
– ត្រូវជ្រើសរើសរបៀបរស់នៅមានផាសុកភាពល្អ
– ញ៉ាំអាហារមានសុខភាព
– ញ៉ាំវីតាមីនមុនពេលសម្រាលកូន
– គេងឲ្យបានគ្រប់គ្រាន់
– ចៀសវាងជក់បារី ផឹកស្រា និងប្រើថ្នាំញៀន។
គ្រូពេទ្យនឹងថតអេកូ ដើម្បីរកមើលបញ្ហាពាក់ព័ន្ធការវិវត្ដរបស់គភ៌ ត្រូវធ្វើតេស្តឈាមជាជំនួយបន្ថែម ដើម្បីពិនិត្យពីកម្រិតថ្នាំប្រឆាំងការប្រកាច់នៅក្នុងឈាម ដោយអាស្រ័យលើប្រភេទថ្នាំយើងកំពុងប្រើ។
អាការៈប្រកាច់ កើតមានឡើងនៅពេលមានចរន្តអគ្គិសនីមិនប្រក្រតីនៅក្នុងខួរក្បាល អាចបណ្តាលឲ្យរាងកាយមានចលនាមិនអាចគ្រប់គ្រងបាន និងបណ្តាលឲ្យសន្លប់រយៈពេលខ្លី។ ត្រូវយកចិត្តទុកដាក់បន្ថែម បើធ្លាប់ប្រកាច់ក្នុងអំឡុងពេលមានផ្ទៃពោះ។
[embed-health-tool-pregnancy-weight-gain]