“Hello គ្រូពេទ្យ” តែងណែនាំស្រីៗយើងឲ្យប្រយ័ត្នប្រយែងពេលពពោះ ព្រោះអំឡុងពេលនោះ សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត សុទ្ធតែចុះខ្សោយ ធ្វើឲ្យយើងងាយប្រឈមជំងឺជាច្រើន ពិសេសជំងឺប្រកាច់ ខ្មែរយើងហៅថា ឆ្កួតជ្រូកពេលពពោះ ដែលអង្គការសុខភាពពិភពលោក អះអាងស្រីៗប្រមាណ ៥០ លាននាក់កើតជំងឺនេះ។ បើអ៊ីចឹង ត្រូវដឹងមូលហេតុ និងវិធីការងារឲ្យបានត្រឹមត្រូវ ព្រោះអាចគ្រោះថ្នាក់ទាំងម្ដាយ និងកូនក្នុងផ្ទៃទៀតផង។
១- ផលវិបាកកើតជំងឺឆ្កួតជ្រូកពេលពពោះ
ជំងឺឆ្កួតជ្រូក កើតមានក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យយើងមានជំងឺថប់បារម្ភបាន។ ស្រីៗមានជំងឺឆ្កួតជ្រូកភាគច្រើន នៅតែអាចសម្រាលកូនមានសុខភាពល្អដដែល។ អាការៈប្រកាច់ក្នុងអំឡុងពពោះ អាចបណ្តាលឲ្យមានផលវិបាកមួយចំនួនលើកូនដូចជា៖
– ចង្វាក់បេះដូងកូនមានសភាពយឺត
– កូនមានរបួស សុករបើកចេញពីស្បូនទាំងមិនគ្រប់ខែ (របើកសុក) ឬប៉ះទង្គិចការលូតលាស់របស់គភ៌ក្នុងអំឡុងពេលប្រកាច់
– កូនកើតមិនគ្រប់ខែ
ស្រីៗគ្រប់រូបមានប្រតិកម្មលើការមានផ្ទៃពោះខុសៗគ្នា។ គ្នាយើងមានផ្ទៃពោះ ហើយមានជំងឺឆ្កួតជ្រូកភាគច្រើន អាការៈប្រកាច់គ្មានផ្លាស់ប្តូរទេ។ ប៉ុន្តែគ្នាយើងមួយចំនួន មានហានិភ័យខ្ពស់ ប្រកាច់ក្នុងពេលមានផ្ទៃពោះ ជាពិសេសម៉ាក់ៗគេងមិនគ្រប់គ្រាន់ ឬមិនប្រើថ្នាំតាមវេជ្ជបញ្ជា។ ឯមួយចំនួនទៀត មិនសូវមានការប្រកាច់ញឹកញាប់ក៏មាន។