រឿងឈឺចង្កេះពេលកំពុងពពោះ វាជាករណីធម្មតាសម្រាប់ស្រីៗ ខណៈគ្នាយើងខ្លះឈឺចង្កេះនៅត្រីមាសទី១ ដោយសារឡើងទម្ងន់ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងបន្តិច ពេលខ្លះឈឺចង្កេះពេលពពោះ ក៏អាចដោយសារបញ្ហាសុខភាព ដូចជា ក្រួសតម្រងនោម ឬបញ្ហានៅនឹងសន្លាក់ឆ្អឹងត្រគាក (symphysis pubis dysfunction)។ “Hello គ្រូពេទ្យ” នឹងលម្អិតពីមូលហេតុ រោគសញ្ញា ក៏ដូចជាដំណោះស្រាយឲ្យយើងបានដឹង។
១- រោគសញ្ញាសំខាន់ៗបញ្ហាឈឺចង្កេះ ពេលកំពុងពពោះ
ស្រីៗអាចឈឺចុកចាប់នៅច្រើនកន្លែង ដូចជា ថ្ងាសខាងមុខ ចង្កេះ ដើមភ្លៅ និងតំបន់ប្រដាប់ភេទ ហើយពេលខ្លះអាចឮសំឡេងប្រឹសៗកកិតគ្នាគ្រីកគ្រូកទៀតផង។ អាការៈនេះ អាចធ្វើឲ្យយើងពិបាកដើរ ឡើងជណ្តើរ ឬសូម្បីតែកម្រើកជើងឡើងឡានក៏ពិបាកដែរ។
២- មូលហេតុឈឺចង្កេះ ពេលកំពុងពពោះ
មានមូលហេតុច្រើន ធ្វើឲ្យយើងឈឺចុកចាប់ចង្កេះពេលពពោះ ខណៈមូលហេតុចម្បង គឺការលូតលាស់ស្បូន ព្រោះដើម្បីគភ៌ក្នុងផ្ទៃអាចលូតលាស់បាន ស្បូនត្រូវរីកធំ ហើយរុញសាច់ដុំ និងសរីរាង្គផ្សេងទៀតទៅខាងៗ ដោយករណីនេះ ច្រើនមាននៅលើស្រីៗគ្នាយើងទើបពពោះលើកដំបូង។