ហេតុអីពេទ្យហាមម៉ាក់​ៗសម្រាលកូនរួច ​មិនឲ្យញ៉ាំហឹរ និងក្រៀមក្រោះ?

    ហេតុអីពេទ្យហាមម៉ាក់​ៗសម្រាលកូនរួច ​មិនឲ្យញ៉ាំហឹរ និងក្រៀមក្រោះ?

    បើតាម​ចំណាំ ​ចាស់​ៗ​បុរាណ​តែង​តែ​ឲ្យ​ស្រីៗសម្រាល​កូន​រួច​ញ៉ាំ​អាហារ​ហឹរ​ៗ ជាពិសេស​ឆា​ខ្ញី ខដាក់ម្រេច និង​សាច់​អាំង ​ចៀនប្រឡាក់ម្រេច​បែប​ក្រៀមក្រោះ ព្រោះ​ក្រោយ​ញ៉ាំ​រួច ប្រាកដ​ជា​ត្រូវការ​ផឹក​ទឹក​ច្រើន ហើយ​ការ​ផឹក​ទឹក​ច្រើន​នេះ​ធ្វើឲ្យ​សម្បូរ​ទឹកដោះ​ទៅ​បំបៅ​កូន ឯអាហារហឹរធ្វើឲ្យ​​សរសៃសសូង​ឆាប់រឹង។ តែ​ទង្វើ​បែប​នេះ គ្រូពេទ្យ​មិន​ឯកភាព​នោះ​ទេ។

    លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភពនៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ថា អាហារ​ហឹរ និង​ក្រៀមក្រោះ​នេះ ​មិន​ល្អ​ចំពោះ​ម៉ាក់​ៗ​ទេ ដោយសារ​គ្មាន​ជីវជាតិ​ច្រើន។ ម្យ៉ាង​ទៀត ​​ទើប​សម្រាល​កូន​រួច​ ម្តាយ​ត្រូវ​ការ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​គ្រប់​មុខ​ពី​​​បន្លែ​ ជាពិសេស​ម៉ាក់​ៗ​ត្រូវ​ការ​ជាតិ​ទឹក​ជា​ចាំបាច់ ដូចនេះ​របប​អាហារ​គួរតែ​ជា​ប្រភេទ​សម្ល​មានទឹក ​គ្រឿង​ផ្សំសាច់ បន្លែ​ចម្រុះ។

    វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ថែម​ទៀត​ថា៖ “បាយ​ជា​អាហារ​ថាមពល និង​អាហារ​សាងសង់ដែល​ចាំបាច់​បំផុត ហើយ​បន្ថែម​ពី​នោះ​ រាងកាយ​ត្រូវការ​ជាតិ​ដែក កាល់ស្យូម ប្រូតេអ៊ីន ដែល​របស់​អស់​ហ្នឹង​មាន​នៅ​ក្នុង​បន្លែ សាច់ ត្រី ស៊ុត តែ​បើ​យើង​ញ៉ាំ​តែ​អាហារ​ក្រៀម វា​មិន​អាច​ផ្ដល់​ថាមពល​គ្រប់គ្រាន់​ដល់​រាងកាយ​ឡើយ ខណៈ​ដែល​ស្រីៗ​ទើប​ឆ្លង​ទន្លេ​រួច​ រឹតតែ​ត្រូវការ​លើស​ដើម”។

    លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម

    លោកជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម បន្ត​ថា ដូច្នេះ​ហើយ​បាន​ជា​គេ​មាន​ក្បួនខ្នាត​សម្រាប់​ម៉ាក់​ៗ​ក្រោយ​សម្រាល​កូន​រួច​ ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​សព្វមុខ។ ក្នុង​នោះ​ម្ហូប​មួយ​ពេល​របស់​ម៉ាក់​ៗ​ មានសាច់ និង​បន្លែ​ត្រូវ​ស្មើ​គ្នា បើ​សាច់ ២ ខាំ បន្លែ​ក៏ ២ ខាំ​ដែរ ហើយ​បាន​មាន​ដាក់​ស៊ុត​មួយ​គ្រាប់ ត្រូវ​បន្ថយ​សាច់​មក​ត្រឹម ១ ខាំ​បាន​ហើយ ចំណែកបាយ​ក្នុង​កម្រិត​តិច​ល្មម។

    ក្រៅ​ពី​អាហារ ៣ ពេល ម៉ាក់​ៗ​អាច​ញ៉ាំ​ទឹក​ផ្លែឈើ​ផ្សេង​ៗ ឬ​ទឹក​សណ្ដែក ដើម្បី​បំពេញ​ជីវជាតិ​ឲ្យ​បាន​គ្រប់​មុខ និង​ធ្វើឲ្យ​រាងកាយ​មាន​ថាមពល​ពេញលេញ សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម។

    អត្ថបទ​ពាក់ព័ន្ធ៖ពេទ្យ​ថា​ស្រីៗសម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ 14/07/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម