ចាញ់កូនពេលពពោះ អាចសាកវិធីសាស្ត្រនេះបាន

    ចាញ់កូនពេលពពោះ អាចសាកវិធីសាស្ត្រនេះបាន

    ភាគ​ច្រើនស្រីៗគ្នា​យើង​ ឲ្យ​តែពពោះបាន​ជិត​ ២ខែ នឹង​លេច​ឡើង​អាការៈ​ចាញ់​កូន គ្នា​យើង​ខ្លះ​ធម្មតាៗ គ្រាន់​តែ​ល្វើយ​ចង់​តែ​គេង​ ឬ​គេង​មិន​ឆ្អែតប៉ុណ្ណោះ តែ​ស្រីៗ​ខ្លះ ចាញ់​នោះ​មហាចាញ់​ ធ្វើ​អី​ក៏​មិន​បាត់ ធំក្លិន​អី​ក៏​មិន​បាន​ ដឹង​តែ​ពី​ក្អួត ម្នាក់ៗរអ៊ូផង​ខ្លាច​ផង។ យ៉ាង​ណា ឈប់​បារម្ភ​ទៀត​ទៅ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​ប៉ុន្មាន​ចំណុច​ឲ្យ​គ្នា​យើង​បាន​ដឹង ប្រហែល​អាច​ជួយ​ដោះ​ស្រាយ​បាន​ខ្លះ។​

    ១- អ្វី​ទៅ​ជា​អាការៈចាញ់​កូន​?

    អាការៈ​ចាញ់​កូន​ (ក្អួត​ និង​ចង្អោរ) គឺ​កើត​មាន​ដោយ​ឯក​ឯង​លើ​ស្រីៗមានផ្ទៃ​ពោះ ហើយ​កត្តានាំ​ឲ្យ​ចាញ់​កូន​ខ្លាំង រួម​មាន ពពោះ​វ័យ​ក្មេង​ពេក ធាត់​លើស​ទម្ងន់ ​ពពោះ​លើក​ដំបូង​ និង​ជក់​បារី ខណៈ​ការ​ចាញ់​កូន​នេះ ​ជា​ធម្មតា​កើត​ឡើងអំឡុង​​ត្រី​មាស​ទី​មួយ ចន្លោះពី​សប្ដាហ៍​ទី ៦-៨។

    ២- វិធី​គ្រប់​គ្រង​រោគសញ្ញា​ចាញ់​កូន

    វិធី​​ព្យាបាល​ចំពោះ​អាការៈ​ចាញ់​កូន ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងររបស់​​រោគ​សញ្ញា​។ ក្នុង​ករណី​ស្រាល គ្រាន់​តែ​ផ្លាស់​ប្ដូរទម្លាប់​​រស់​នៅ ដោយ​ចៀស​វាង​កត្តា​​នាំ​ឲ្យ​ក្អួត និង​ផ្លាស់​ប្ដូរ​របប​​អាហារ អាច​ញ៉ាំ​តិច ឬ​ញ៉ាំ​ច្រើន​ដង ញ៉ាំ​អាហារសម្បូរ កាបូអ៊ីដ្រាត ឲ្យ​បាន​ច្រើន និង​ញ៉ាំ​ជាតិ​ខ្លាញ់​តិច។
    ​បើ​ធ្វើ​បែប​នេះ​ហើយ​ នៅ​តែ​មិន​អាច​ជួយ​បាន គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ថ្នាំ​មួយ​ចំនួន៖

    – ប្រសិន​បើ​ការ​ក្អួត​មាន​លក្ខណៈ​ស្រាលទៅ​មធ្យម គ្រូពេទ្យ​អាច​ឲ្យ​ប្រើ​ថ្នាំ Doxylamine Succinate ព្រោះ​ថ្នាំ​នេះ​មិន​​ឃើញ​មាន​សារធាតុ​​ Teratogenic ដែល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ឡើយ ហើយ​ថ្នាំ​នេះ​គួរ​តែ​លេប​ពេល​ពោះ​ទទេ។ ប៉ុន្តែ​​បើគ្នា​យើង​ កំពុង​ប្រើ​ថ្នាំ Monoamine Oxidase inhibitors (MAOIs) មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​អម​ជាមួយឡើយ ហើយ​ថ្នាំ Doxylamine នេះ​ ក៏​ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះគ្នា​យើង​ពពោះ​ និង​មាន​ជំងឺទឹក​ដក់​បាត​​ភ្នែក (Glaucoma) ជំងឺ​ហឺត (Asthma) និង​​ជំងឺ​ស្ទះ​ទឹក​នោម (Urinary obstruction)។

    – ប្រសិន​អាការៈចាញ់​កូន​កាន់​តែ​ធ្ងន់ និង​មិន​អាច​ព្យាបាល​រោគ​សញ្ញា​បាន គ្រូពេទ្យ​អាច​នឹង​​ព្យាបាល​ដោយ​ប្រើ​ពពួក​ថ្នាំ Antiematics ហើយ​ថ្នាំ Meclizine ឬ Promethazine អាច​ជា​ជម្រើស​ដំបូង។ ផល​រំខាន​របស់​ថ្នាំ​ទៅ​លើ​ទារក​ក្នុង​ផ្ទៃ​ នៅ​មិន​ទាន់​មាន​របាយ​ការណ៍​បញ្ជាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​ថ្នាំ​ទាំង​ពីរ​នេះ គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​ប្រើ​ជាប់នៅ​ពេល​មាន​ផ្ទៃ​ពោះ​ឡើយ។

    – ថ្នាំ Metoclopramide ក៏​អាច​ប្រើ​បាន​នៅ​ពេល​មាន​ផ្ទៃ​ពោះ​ដូច​គ្នា ទោះ​បី​ជា​ថ្នាំ​នេះ ​មិន​បង្ហាញ​ថា​មាន​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ក៏​ពិត​មែន ប៉ុន្តែវា​ឆ្លង​កាត់​សុក និង​ផលិត​សារធាតុ​​មាន​ឥទ្ធិពល​ ដូច​ជាតិ​អាល់កុលនៅ​ក្នុង​ឈាម​ទារក​ក្នុង​ផ្ទៃ។

    – វីតាមីន B6 (Pyridoxine) ជា​សារធាតុ​អាចព្យាបាល​អាការៈ​មួយនេះ ចំពោះ​ស្ត្រីពពោះ​​ក្អួត​ធ្ងន់ធ្ងរ។

    អត្ថបទ​ពាក់ព័ន្ធ៖

    • អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច?
    • ហេតុអីស្រីៗឈឺត្រគាកពេលពពោះ ដោះស្រាយម៉េច ត្រូវប្រយ័ត្នអីខ្លះ?

    ជា​ការ​ពិត ស្រី​​ៗមាន​អាការៈ​ចាញ់​កូនកម្រិត​ស្រាល នៅ​ពេល​ពពោះ ដំណើរ​នៃ​ការ​ពពោះ​ គឺ​​ប្រសើរ​ជាងស្រីៗដែល​មិន​មាន​រោគ​សញ្ញា​ចាញ់​កូន​ទាល់​តែសោះ ហើយ​ជា​ទូទៅ​ចំពោះ​សុខភាពម៉ាក់ៗ និងគភ៌ ក៏​ល្អ​ជាង​ស្រីៗ​មិន​ចាញ់​កូន​ដូច​គ្នា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 24/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត