១- មូលហេតុធ្លាក់ឈាមពេលពពោះ
មានមូលហេតុច្រើន អាចធ្វើឲ្យស្រីៗពពោះ ជួបអាការៈធ្លាក់ឈាម ដូចជា៖
– ឈាមកកំណើត (Implantation bleeding)៖ បញ្ហានេះ ជាបញ្ហាកើតឡើងទូទៅបំផុត នាំឲ្យធ្លាក់ឈាមតាមទ្វារមាស ពេលពពោះដំបូង។ ឈាមកកំណើត (Implantation Bleeding) អាចកើតឡើង ដោយសារការភ្ជាប់ខុសពងបង្កកំណើត (Fertilized Egg) ទៅនឹងស្រទាប់ស្បូន។ ករណីធ្លាក់ឈាមនេះ អាចកើតមាន មុនពេលដឹងថាមានកូន ហើយមានត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ នឹងបាត់ទៅវិញ។
– មានបង្ករោគ៖ បញ្ហារលាកលើប្រហោងឆ្អឹងត្រគាកមួយចំនួន (Pelvic Cavity) ឬការបង្ករោគលើបំពង់បង្ហួរនោម អាចជាហេតុនាំឲ្យធ្លាក់ឈាមតាមទ្វាមាស។ ការបង្ករោគលើទ្វាមាស ដូចជា បញ្ហារលាកទ្វាមាសដោយសារបាក់តេរី (Bacterial Vaginosis) ឬការបង្ករោគដោយផ្សិត ក៏អាចធ្វើឲ្យធ្លាក់ឈាម ពេលពពោះដែរ។ ស្រីៗពពោះរួមភេទដោយមិនបានការពារ អាចប្រឈមធ្លាក់ឈាម ដោយសារជំងឺកាមរោគ ដូចជា រើម មេរោគទ្រីកូមីណាស់ ជំងឺប្រមេះបាយ ឬ ប្រមេះទឹកថ្លា ។ បញ្ហាទាំងនេះ អាចធ្វើឲ្យទ្វារមាសរលាក និងរមាស់។
– សកម្មភាពរួមភេទ៖ រួមភេទពេលពពោះ គ្មានផលប៉ះពាល់អវិជ្ជមានលើសុខភាពស្រីៗយើង និងគភ៌នោះទេ ក៏មិនអាចបង្កឲ្យរលូតកូននោះដែរ។ ប៉ុន្តែ រួមភេទពេលពពោះ អាចនាំឲ្យមានបញ្ហាមួយចំនួន ដូចជា មានធ្លាក់ឈាម ជាដើម។ អំឡុងពេលពពោះ អវយវៈភេទស្រីៗ ងាយប្រតិកម្មណាស់ ងាយដាច់របួសជាងធម្មតា។ បើយើងសម្គាល់ឃើញ មានធ្លាក់ឈាមពីទ្វារមាស ត្រូវឈប់រួមភេទ ហើយរកជំនួយពីពេទ្យជំនាញភ្លាម។