ពិតណាស់ រំលូតកូន ជាការសម្រេចចិត្តដ៏ពិបាកចំពោះស្រីៗ ក៏គ្មានស្រីៗណាម្នាក់ចង់ធ្វើរឿងនេះដែរ។ ប៉ុន្តែក្នុងកាលៈទេសៈជាច្រើន គ្នាស្រីមួយចំនួន សម្រេចចិត្តរំលូតកូន ទោះជាដឹងថា ប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្តក្តី។ អត្ថបទនេះ “Hello គ្រូពេទ្យ’ ចង់លើកឡើងពីទំនាក់ទំនងរវាង ការរំលូតកូន និងសុខភាពផ្លូវចិត្តឲ្យគ្នាយើងបានដឹង។
១- ស្រីៗធ្លាប់រំលូតប្រឈមបញ្ហាផ្លូវចិត្តអ្វីខ្លះ?
ក្រោយរំលូត ស្រីៗជាច្រើន មិនអាចប្រឈមមុខជាមួយបញ្ហា ឬកិច្ចការធម្មតាធ្លាប់ធ្វើប្រចាំថ្ងៃបាននោះទេ។ ស្ថានភាពនេះ អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តខ្លាំង ជាងការគិតរបស់យើងទៅទៀត ហើយបញ្ហាធ្ងន់ធ្ងរបំផុត ជះឥទ្ធិពលអាក្រក់ដល់ផ្លូវចិត្ត គឺគ្នាយើងភាគច្រើនជឿថាវិញ្ញាណកូន នឹងនៅវិលវល់ជារៀងរហូត។ ដោយឡែក ចំពោះស្រីៗមិនធ្លាប់ជឿថា មានជីវិតមួយកំពុងរង់ចាំចេញមកមើលពន្លឺព្រះអាទិត្យក្រោយពេលមានការបង្កកំណើត ទើបមិនសូវប៉ះពាល់ទៅលើផ្លូវចិត្តឡើយ។ ទោះយ៉ាងណា គ្នាយើងជាច្រើន ដែលរំលូតកូនរួច តែងមិនអាចប្រឈមមុខភ្លាមៗបាន នាំឲ្យកើតមានសម្ពាធផ្លូវចិត្តកាន់តែខ្លាំង ខណៈស្ថានភាពផ្លូវចិត្តទាំងនោះ មានដូចជា៖
– ស្តាយក្រោយ
– ងាយខឹង
– មានអារម្មណ៍ ខ្លួនឯងមានកំហុស
– អាម៉ាស់
– អារម្មណ៍ឯកា ឬផ្តាច់ខ្លួនពីគេ
– បាត់បង់ទំនុកចិត្តលើខ្លួនឯង
– គេងមិនលក់ ឬយល់សប្តិអាក្រក់
– បញ្ហាក្នុងទំនាក់ទនងជាមួយអ្នកដទៃ
– មានគំនិតចង់សម្លាប់ខ្លួន
– មានបញ្ហាការញ៉ាំ
– បាក់ទឹកចិត្ត
– ថប់បារម្ភ។
អត្ថបទពាក់ព័ន្ធ៖
- រំលូតកូនហើយ បើមានសញ្ញាទាំងនេះអាចគ្រោះថ្នាក់ដល់ជីវិត
- ពេលពពោះ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះថ្នាក់ណាស់!
២- គួរដោះស្រាយបញ្ហាផ្លូវចិត្តក្រោយរំលូតកូនដោយវិធីណា?
– ត្រូវយល់ពីអារម្មណ៍ខ្លួនឯង និងមិនត្រូវលាក់បាំងរឿងក្នុងចិត្ត៖ ស្រ្តេស គ្រោះថ្នាក់ណាស់សម្រាប់សុខភាព តែក៏ជាប្រតិកម្មធម្មតា នឹងកើតឡើង ក្រោយពេលមានការប៉ះទង្គិចផ្លូវចិត្ត ដូចជា ការរំលូត ជាដើម។ កុំព្យាយាមលាក់អារម្មណ៍ក្នុងចិត្តតែឯង ឬមិនទទួលយកការពិតនោះឡើយ។
ក្រោយពេលមានផ្ទៃពោះមិនបានព្រៀងទុក ស្រីៗជាច្រើន ហាក់ដកខ្លួនឆ្ងាយពីមនុស្សជុំវិញខ្លួន ហើយប្រឈមមុខជាមួយបញ្ហាតែម្នាក់ ឬលាក់ទុកជារឿងសម្ងាត់។ ធ្វើបែបនេះ មិនល្អសម្រាប់សុខភាពផ្លូវចិត្តយើងឡើយ ទោះបីជារឿងលំបាកក៏ពិតមែន តែគ្នាយើងគួរចែករំលែករឿងនេះជាមួយគ្រួសារ។ ក្រៅពីនេះទៀត ត្រូវនៅក្បែរដៃគូយើង (មិត្តប្រុស ឬប្តី) ឬមិត្តភក្តិបានជិតស្និទ ព្រោះការផ្តាច់ចេញពីមនុស្សជុំវិញខ្លួន មិនថាក្នុងកាលទេសៈណាឡើយ នឹងបណ្តាលឲ្យមានបាក់ទឹកចិត្ត ខណៈការលាក់អារម្មណ៍វិញ ក៏មិនមែនជាមធ្យោបាយល្អអាចដោះស្រាយបញ្ហាផ្លូវចិត្តណាមួយក្រោយពេលរំលូតនោះដែរ។
គួរចែករំលែកបញ្ហាក្នុងចិត្តជាមួយដៃគូ គ្រួសារ មិត្តភក្តិ និងក្រុមអ្នកជំនាញផ្លួវចិត្ត ព្រោះមានការសិក្សាជាច្រើនបង្ហាញថា ទទួលបានការគាំទ្រផ្លូវចិត្ត អាចជួយយើងឲ្យធូរស្រាលអារម្មណ៍ ដោះស្រាយបញ្ហាផ្លូវចិត្តបានប្រសើរឡើង។
– វិធីកាត់បន្ថយអារម្មណ៍តានតឹងដោយខ្លួនឯង៖ ដើម្បីរំងាប់អារម្មណ៍ ព្យាយាមរកកន្លែងលំហែ ឬធ្វើអ្វីអាចឲ្យយើងសប្បាយចិត្ត។ អាចទៅជួបពិគ្រោះជាមួយអ្នកជំនាញ ហាត់ប្រាណ លេងកីឡា ចិញ្ចឹមសត្វ ហាត់យ៉ូហ្គា ទៅវត្ត តាំងសមាធិ ឬចំណាយពេលជាមួយគ្រួសារជាដើម។ ជារឿយៗ គ្រូពេទ្យ និងអ្នកជំនាញ តែងផ្តល់ការណែនាំចំពោះស្រីៗធ្លាប់រំលូតកូន ធ្វើអ្វីមួយអាចជួយឲ្យមានសុខភាពល្អ ដូចជា ការរៀបរាប់ខាងលើនេះឯង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕