home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗពពោះត្រូវប្រយ័តុ្ន ភាគល្អិតនៃផ្សែងពុល អាចចូលក្នុងសុកទៅចិញ្ចឹមកូន

ស្រីៗពពោះត្រូវប្រយ័តុ្ន ភាគល្អិតនៃផ្សែងពុល អាចចូលក្នុងសុកទៅចិញ្ចឹមកូន

គ្នាយើង​ខ្លះ ប្រហែល​ជា​បាន​ដឹងហើយ​ថា ភាគល្អិត នៃ​ផ្សែងពុល ដែល​សាយភាយ​ពី​យានយន្ត ឬ​រោងចក្រ អាច​ចូលទៅ​ក្នុង​ប្រព័ន្ធ​ដង្ហើម និង​សួត ហើយ​បណ្ដាល​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម ឬ​រលាក​សួត​ជាដើម។

តែ​តាម​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Hasselt នៅ​ប្រទេស​បែលហ្ស៊ិក រកឃើញ​ថា ភាគល្អិត នៃ​ផ្សែងពុល បាន​ចូលទៅ​ក្នុង​សុក​ស្ត្រីពពោះ ហើយ​វា​គំរាមកំហែង​ដល់​ទារក​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ​យ៉ាងខ្លាំង។ ការរកឃើញ​នេះ គឺ​តាមរយៈ​ការ​វិភាគ​លើ​ជាលិកា​សុក​ស្ត្រី ២៨​នាក់ ក្រោយ​សម្រាល​កូន នៅ​មន្ទីរពេទ្យ East-Limburg ក្នុង​ប្រទេស​បែលហ្ស៊ិក។

អ្នកស្រាវជ្រាវ បាន​រកឃើញ​ភាគល្អិត​នៃ​កាបូន​ខ្មៅ នៅ​ក្នុង​សុក​ស្រ្តី​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​ការសិក្សា។ ប៉ុន្តែ​ស្ត្រី​ពពោះ ដែល​រស់នៅ​តំបន់​បំពុល​ខ្លាំង មាន​កម្រិត​ភាគល្អិត​នៃ​កាបូន​ខ្មៅ ច្រើនជាង​ស្ត្រីពពោះ ដែល​រស់នៅ​តំបន់​មិន​សូវ​មាន​ការ​បំពុល។ ការរកឃើញនេះ បញ្ជាក់​ថា បរិស្ថានរបស់​ម្ដាយ គឺជា​បរិស្ថាន​របស់​ទារក​ក្នុង​ផ្ទៃផង​ដែរ។ សុក​ស្ត្រីពពោះ មិនអាច​ផ្ដល់​ការ​​ការពារ​ពី​បរិស្ថាន​ខាងក្រៅ​បាន​ទេ។

សាស្ត្រាចារ្យ Tim Nawrot មកពី​សាកលវិទ្យាល័យ Hasselt បញ្ជាក់​ថា មុខងារ​សុក គឺបញ្ជូន​សារធាតុ​បំប៉ន និង​អុកស៊ីសែនទៅ​ឲ្យ​ទារក ប៉ុន្ដែ​វា​ក៏ជួយ​ប្រឆាំង​សារធាតុ​ពុល​ផងដែរ។ ភាគល្អិត​នៃ​កាបូន​ខ្មៅ ត្រូវ​ចាត់ទុក​ថា ជាសារធាតុ​ពុល ហើយ​ការស្រូប​សារធាតុ​នេះ ជំរុញ​ឲ្យ​ងាយ​ឆ្លងមេរោគ និង​ធ្វើ​ឲ្យ​សុក​រលាក។ អ្នកជំនាញ ព្រមាន​ថា ការ​រលាក​សុក បណ្ដាល​ឲ្យ​កូនកើត​មុន​ខែ និង​មាន​ទម្ងន់​មិន​គ្រប់ ដែល​ប៉ះពាល់​ដល់​ការ​វិវត្ត និង​មុខងារ​ចងចាំ​របស់​ទារក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 18/09/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត